កុំឱបទុកក្តីស្រលាញ់

កុំឱបទុកក្តីស្រលាញ់

“ក្តីស្រលាញ់”  អ្នកណាៗក៏អាចបង្កើតនិងទទួលបានដូចៗគ្នា។  យើងគ្រប់គ្នា តើមាននរណាម្នាក់ដែលមិនត្រូវការក្តីស្រលាញ់? កូនតែងទាមទារក្តីស្រលាញ់ពីឪពុកម្តាយ ប្អូនប្រុសស្រីតែងចង់ទទួលបានក្តីស្រលាញ់ពីបង សិស្សតែងចង់បានក្តីស្រលាញ់អាណិតមេត្តាពីគ្រូ សូម្បីគូស្នេហ៍ដែលមិនជាប់សាច់ឈាមនឹងគ្នា ក៏នៅតែត្រូវការក្តីស្រលាញ់ពីដៃគូរបស់ខ្លួនដែរ។ ប៉ុន្តែ ទន្ទឹមនឹងការចង់បាន យើងបែរជាមិនបានបង្ហាញឬផ្តល់ក្តីស្រលាញ់តបស្នងទៅកាន់ពួកគេទៅវិញ។ ហេតុអ្វីក៏ចាំបាច់ត្រូវអោបលាក់ទុកក្តីស្រលាញ់ដែរ?  បើជាមានចិត្តស្រលាញ់ចំពោះគេដែរ ហេតុអ្វីក៏យើងមិនតបស្នងទៅកាន់ពួកគេវិញទៅ? ពួកយើងតែងយល់ថា ក្តីស្រលាញ់ពិតប្រាកដមិនត្រូវការការតបស្នងនោះទេ ប៉ុន្តែក៏មិនមែនមានន័យថាយើងមិនត្រូវផ្តល់ក្តីស្រលាញ់ទៅកាន់គេវិញនោះដែរ។ យើងមិនអាចដឹងឡើយថា នៅពេលណាមួយដែលយើងនឹងលែងមានឱកាសបង្ហាញវា ដូច្នេះហើយ សូមកុំអោបលាក់ទុកក្តីស្រលាញ់ ចូរបង្ហាញ និងផ្តល់អោយទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង។

ធ្វើតាមចិត្តចុះ

ធ្វើតាមចិត្តចុះ…

វាជាការពិត ដែលគ្មាននរណាម្នាក់អាចដឹងអំពីយើង ជាងយើងដឹងអំពីខ្លួនឯងនោះទេ។

យំចុះ យំអោយបានធូរស្បើយ។ សើចចុះ សើចអោយបានសប្បាយចិត្ត។ ដើរចេញចុះ ដើរចេញ ឈប់ទ្រាំនឹងភាពឈឺចាប់ទាំងឡាយ ដែលធ្វើអោយបេះដូងនិងរាងកាយអ្នកកាន់តែចុះខ្សោយ។ មានពេលខ្លះយើងក៏ស្រាប់តែចង់ចាកចេញពីហ្វូងមនុស្សហើយនៅម្នាក់ឯង ហើយមានពេលខ្លះទៀត ក៏ចង់ទៅទីកន្លែងណាមួយដែលគ្មានអ្នកណាស្គាល់។

ការណ៍ដែលត្រូវរស់នៅតាមបេះដូងរបស់ខ្លួនឯងមិនមែនជារឿងងាយស្រួលនោះឡើយ។ ប៉ុន្តែ ការពិតទៅយើងត្រូវចងចាំថា យើងគឺជាអ្វីដែលមានតម្លៃបំផុតចំពោះខ្លួនឯង សាកសមបំផុតនឹងទទួលបានការមើលថែយ៉ាងឥតខ្ចោះដោយខ្លួនឯង មិនមែនមនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ការមើលថែនេះ មិនមែនសំដៅត្រឹមតែការផ្តល់អោយផ្នែកសម្ភារៈប៉ុណ្ណោះទេ តែជាការមើលថែផ្លូវអារម្មណ៍ ដោយការធ្វើតាមតម្រូវការរបស់វា។

មនុស្សនៅជុំវិញយើងក៏ដូចគ្នា ពួកគេព្យាយាមគ្រប់បែបយ៉ាងដើម្បីសម្រេចក្តីស្រម៉ៃដែលពួកគេចង់បាន ចុះហេតុផលអ្វីដែលយើងត្រូវគិតតែអំពីអ្នកដទៃជាងក្តីសុខខ្លួនឯងនោះ? គ្មានអ្នកណាល្អគ្រប់យ៉ាងនោះទេ។ អោយគេគិតថាអ្នកគឺជាមនុស្សចិត្តដាច់ចុះ។ ម្នាក់ៗកើតមកមិនមែនរស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃរហូតនោះទេ ព្រោះថាសូម្បីយើងខ្លួនឯង ក៏នៅតែចង់មិនអាចបំពេញចិត្តខ្លួនឯងបាននៅឡើយ។

ចូរកុំព្រោះតែចង់អោយអោយមនុស្សនៅជុំវិញយើងរីករាយ សុខចិត្តលះបង់តម្រូវការខ្លួនឯង ព្រោះវានឹងធ្វើអោយផ្លូវចិត្តមានទុក្ខនៅពេលដែលការលះបង់នោះជាការបង្ខំចិត្ត។

ចូរកុំព្រោះតែគិតថាកត្តាជុំវិញខ្លួនសំខាន់ សុខចិត្តបញ្ឈប់និងបោះបង់ចោលខ្លួនឯង ព្រោះថានៅលើពិភពលោកដ៏ធំមួយនេះ គ្មានអ្នកណាសំខាន់នឹងមានតម្លៃជាងខ្លួនយើងនោះទេ។

អតីតកាល

ថ្ងៃនេះនឹងក្លាយទៅេជាម្សិលមិញ ភាពឈឺចាប់ក៏ដូចគ្នា ចាត់ទុកវាជារឿងអតីតកាល ព្រោះទោះយ៉ាងណា វាក៏បានកន្លងហួសរួចទៅហើយ សូមកុំព្យាយាមគាស់កកាយវាទៀតធ្វើអ្វី។ ត្រូវចងចាំថា អ្វីដែលកើតឡើងនៅក្នុងអតីតកាល គឺជាមេរៀនដែលបង្រៀនយើងអោយដឹង អោយឃើញ អោយយល់ថា វានឹងផ្តល់ផលមកអោយយើងបែបណា ហើយពេលខ្លះ វាក៏ជាមេរៀនដែលយើងមិនគួរចាំបាច់យកមកអនុវត្តម្តងជាពីរដងទៀតនោះដែរ។ កុំដើរបកក្រោយទៅរកដានចាស់ដែលធ្លាប់ផ្តល់ភាពឈឺចាប់ តែត្រូវប្រើភាពឈឺចាប់ដើម្បីពង្រឹងខ្លួនយើងអោយប្រសើរជាងមុន។ កុំរង់ចាំអោយអ្វីដែលកើតឡើងម្សិលមិញត្រលប់មកកើតឡើងម្តងទៀត តែត្រូវរស់នៅក្នុងថ្ងៃនេះអោយបានល្អបំផុត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនៅថ្ងៃសែ្អក។

បណ្ណាល័យផ្តើមស្នេហ៍ (ភាគទី១)

តាមរយៈចំណងជើង អ្នកអានមួយចំនួនច្បាស់ជាគិតថាតួឯកស្រីប្រាកដជាសិស្សពូកែដែលមួយថ្ងៃៗគិតតែពីអង្គុយក្នុងបណ្ណាល័យអានសៀវភៅស្រាវជ្រាវមេរៀនអ្វីបែបនោះហើយ ឈប់យល់ច្រលំទៅណា វាមិនដូចអ្នកទាំងអស់គ្នាគិតទេ😎😎។

ខ្ញុំឈ្មោះ ភានី សព្វថ្ងៃជានិស្សិតឆ្នាំទី២ផ្នែកអក្សរសាស្រ្តនៅសកលវិទ្យាល័យមួយនៅឯទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំជ្រើសយកជំនាញនេះគឺដោយសារខ្ញុំមិនដឹងរៀនជំនាញអ្វីក្រៅពីនេះឡើយ។ គឺថាកាលនៅវិទ្យាល័យ ខ្ញុំជាសិស្សម្នាក់ដែលមិនពូកែស្ទើរតែគ្រប់មុខវិជ្ជា ហើយលទ្ធផលបាក់ឌុបវិញគឺថាប៊ិះធ្លាក់តែម្តង កុំតែបានមុខវិជ្ជាភាសាខ្មែរយោងទេ។ ហេតុផលមួយទៀតគឺ ខ្ញុំរកឃើញចំនុចពូកែផ្ទាល់ខ្លួនមួយទាក់ទងនឹងជំនាញនេះ គឺ ខ្ញុំចូលចិត្តនិងពូកែអានសៀវភៅ តែកុំច្រលំអីណា គឺសៀវភៅរឿងប្រលោមលោកទេប្រិយមិត្ត។ក្រៅពីចូលចិត្តអាន ខ្ញុំក៏តែងតែសរសេរផងដែរ (រឿងស្នេហាទេ) ហើយក៏បង្ហោះទុក(អោយខ្លួនឯង) មើលជាការកំសាន្តពេលទំនេរ។ មកទល់ឥឡូវក៏ខ្ញុំនៅតែចូលចិត្តនិងតែងតែលួចគេចម៉ោងរៀន (ដែលមិនចូលចិត្ត) មកបណ្ណាល័យរកសៀវភៅ(រឿង)មកអាន និងសរសេរ (ជាញឹកញាប់) ដដែល តែបើខ្ញុំប្រាប់ថា ខ្ញុំជាសិស្សឆ្នើមម្នាក់ប្រចាំថ្នាក់នោះ អ្នកអានជឿដែរទេ😎😎?

ខ្ញុំជាអ្នកខេត្ត ដូច្នេះហើយក្រៅពីផ្ទះជួល សាលា ថ្នាក់រៀន គឺបណ្ណាល័យសារធាណៈក្បែរសាលានេះហើយដែលជាកន្លែងដែលខ្ញុំតែងតែទៅ ព្រោះខ្ញុំមិនសូវមានមិត្តភក្តិទេ ថាខ្ញុំឬកក៏បាន តែនិយាយទៅខ្ញុំមិនសូវមានមិត្តតាំងពីដើមមកម្ល៉េះ ហើយក៏មិនចូលចិត្តនិយាយជាមួយអ្នកណាច្រើនដែរ។
ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ដូចរាល់សប្តាហ៍គឺមានម៉ោងចិត្តវិទ្យា ជាម៉ោងដែលគួរអោយធុញបំផុត។ ដូចសព្វដង ខ្ញុំក៏គេចមកបណ្ណាល័យ ហើយពេលនេះខ្ញុំកំពុងដើររំពៃភ្នែករកមើលសៀវភៅប្រលោមលោកដើម្បីអាន ហិហិ។ ខ្ញុំចូលចិត្តមកទីនេះមិនមែនដោយសារសៀវភៅមួយមុខទេ តែដោយសារសង្ឃឹមថា ខ្ញុំនឹងអាចជួបមនុស្សម្នាក់នោះ..

1ឆ្នាំមុន

ចាំបានថាថ្ងៃនោះជាថ្ងៃចូលរៀនដំបូង តែខ្ញុំមករៀនយឺតមួយម៉ោងដោយសារម៉ូតូបែកកង់។ មកដល់សាលាក៏ត្រូវសន្តិសុខមិនអោយចូលទៀត ហើយអ្វីដែលធ្វើអោយថ្ងៃនោះចង្រៃខ្លាំងខុសធម្មតា គឺ “ដាច់ស្បែកជើង” ធ្វើអោយខ្ញុំត្រូវបណ្តើរម៉ូតូរកមើលហាងកាហ្វេមួយជិតនោះទាំងជើងទទេរកាត់ភ្លៀងដូចជាកូនឆ្កែធ្លាក់ទឹកយ៉ាងអញ្ចឹង។ មកដល់មុខបណ្ណាល័យសាធាណរៈមួយ ស្រាប់តែភ្លៀងធ្លាក់មកកាន់តែខ្លាំង ធ្វើអោយខ្ញុំសម្រេចចិត្តឈប់ជ្រកនៅទីនោះតែម្តងទៅ។ បើចាំមិនអោយខុសទេ គឺពេលនោះមុខរបស់ខ្ញុំយ៉ាប់មើលខ្លាំងណាស់ សាកស្រម៉ៃមើលទៅអ្នកអាន ថាក្មេងស្រីតែងខ្លួនស្រែៗម្នាក់ទទឹកខ្លួនជោគ គ្មានសូម្បីតែស្បែកជើងនោះ ដើរចូលទៅក្នុងបណ្ណាល័យដែលមានមនុស្សកំពុងតែឈ្ងោកមុខអានសៀវភៅយ៉ាងស្ងៀមស្ងាត់ វាយ៉ាងណាដែរ។

“គ្រេក”
សម្លេងទ្វារបើក ធ្វើអោយគ្រប់គ្នាងាកមកតាមសម្លេងក៏ឃើញទស្សនីយភាពដ៏គួរអោយសង្វេគមួយ។ សៀវភៅដែលនៅលើដៃមុននេះមានអ្នកផ្តោតអារម្មណ៍អាននោះ ក៏ត្រូវបានខ្ញុំជំនួសដោយក្លាយជាចំណីភ្នែករបស់មនុស្សក្នុងបណ្ណាល័យវិញ។ ពួកគេកំពុងសម្លឹងមកខ្ញុំដោយក្រសឺភ្នែកបញ្ជាក់ន័យខុសៗគ្នា ។
ខ្មាសគេណាស់!!!
ចេញក្រៅវិញមិនកើត មានតែអត់ទ្រាំធ្វើមិនដឹងមិនឮដើររកកន្លែងកៀនបំផុតតាមតែអាចតែធ្វើបាន។ រកកន្លែងគួរសមបានហើយ ខ្ញុំក៏ប្រញាប់យករបស់របរពីក្នុងកាតាបមកសំដិលអោយស្ងួតខ្លះ រួចក៏ទៅបន្ទប់ទឹកមួយភ្លេត។
ត្រលប់មកវិញ ស្រាប់តែឃើញពែងតែមួយមានទឹកតែជិតពេញដែលនៅក្តៅហ៊ុយៗនៅឡើយដាក់លើតុ ដោយមានស្ទីគើពណ៌លឿងមួុយបិទជាប់នឹងមាត់ពែងផងដែរ។

“ហើយអ្នកណាមកអង្គុយផឹកតែនៅទីនេះ?” ខ្ញុំគិតក្នុងចិត្ត
រៀបនឹងអង្គុយក៏បានប្រទះនឹងអក្សរដែលសរសេរយ៉ាងមានរបៀបនៅលើស្ទីគើនោះ។

“ជួបរឿងដែលធ្វើអោយមិនសប្បាយចិត្តមែនទេ? សាកញញឹមទៅនឹងឃើញរឿងដែលធ្វើអោយសប្បាយវិញហើយ :)”

ភ្លាមនោះខ្ញុំក៏ស្រាប់ញញឹមចេញមក មិនមែនរំភើបអីទេ តែអស់សំណើចទៅនឹងទស្សនៈផ្ទុយមួយនោះវិញទេ ហាហា កំប្លែងមែនហើយ ញញឹមហើយនឹងអាចរករឿងឃើញសប្បាយចិត្តហ្អេស?😂
ក្រលេកឃើញពែងតែ ធ្វើអោយខ្ញុំញញឹមម្តងទៀត អារម្មណ៍ប្រាប់ថាតែមួយពែងនេះគឺត្រូវបានឆុងសម្រាប់ខ្ញុំ ហិហិ ហើយអ្នកណាអីស្វីតយ៉ាងនេះហ្ន៎ ។ មិនចាំយូរ ខ្ញុំក៏លើកពែងក្រេបយករសជាតិទឹកតែនោះដោយភ្លេចនឹកគិតថាវាអាចនឹងមានថ្នាំពុលដូចក្នុងកុនដែរឬអត់។ បើបែបនោះមែនខ្ញុំច្បាស់ស្លាប់ហើយមិនមែននិយាយច្រើនតាប៉ែអោយអ្នកអានសុាំចិត្តយ៉ាងនេះទេ ហាហា។ ផ្ទុយទៅវិញ តែនោះឆ្ងាញ់ណាស់ រសជាតិវាចត់ តែបែរជាខ្ញុំចូលចិត្តវាទៅវិញ។
អរគុណណាស់ម្ចាស់ទឹកតែ😊
ចាប់ពីថ្ងៃនោះមក ខ្ញុំក៏តែងតែមកទីនេះដើម្បីអានសៀវភៅផង និងដើម្បីចាំមើលថាតើអ្នកណាជាម្ចាស់ស្ទីគើនិងតែមួយពែងនោះផង។
ប៉ុន្តែ…នេះខ្ញុំចាំឡើងពីរឆ្នាំហើយ សូម្បីតែភេទនិងស្រមោលរបស់ស្រមោលមនុស្សម្នាក់នោះក៏មិនដឹងមិនឃើញដែរ។

វិលមកបច្ចុប្បន្ន

“អ៎ នោះណ៎ឃើញហើយ” ខ្ញុំគិតហើយញញឹមក្នុងចិត្តរួចលូកដៃឈោងយកសៀវភៅមួយក្បាលដែលនៅលើធ្នើរខ្ពស់ផុតក្បាល។ តែអេ៎ ម៉េចបានទាញមិនចេញ ជាប់ស្អីអញ្ចេះ?!

-អ៊ិះៗៗ

សៀវភៅមួយក្បាលនេះបែបចង់អោយខ្ញុំប្រើកម្លាំងហើយមើលទៅ។ ខ្ញុំទាញមួយអស់ដៃធ្វើអោយវិះនឹងផ្ងារក្រោយ ព្រោះខំជំអើតជើងទាញវាមក។

-អត់ទោសអ្នកនាង សៀវភៅនេះខ្ញុំបានឃើញមុន។

-វ៉ាស!។!

ខ្ញុំភ្ញាក់អោយព្រើត បន្ទាប់ពីមានសម្លេងគ្រលស្រាលមួយបន្លឺមកយ៉ាងក្បែរត្រចៀក។
ខ្ញុំងាកមកតាមសម្លេងនោះ ក៏ឃើញមុខសៗរបស់បុរសម្នាក់កំពុងអោនមកតាមប្រឡោះសៀវភៅដែលមានចម្ងាយតែមួយចំអាមប៉ុណ្ណោះពីមុខរបស់ខ្ញុំ។ ត្រឹមតែមួយវិនាទីនៃការប្រសព្វកែវភ្នែកដែលមានពណ៌ទង់ដែងចាស់មួយគូនោះ ធ្វើខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចខ្សែភ្លើងឆក់ សសៃឈាមរត់ឆ្លាស់គ្នាខុសប្រក្រតី គ្រប់យ៉ាងហាក់ដូចជាមន្តអាគមដែលធ្វើអោយខ្ញុំក្លាយជាញ័រញាក់មួយរំពេច។ ដឹងខ្លួនឡើងវិញក៏ប្រញាប់ដកដៃចេញ ហើយក៏ដើរចេញទៅទូសៀវភៅនៅជ្រុងម្ខាងទៀតដោយមិនភ្លេចងក់ក្បាលដាក់គេបន្តិចជាការសុំទោស។
អាម៉ាស😣😣

-នាងនីអើយ ខ្មាសគេណាស់។

ខ្ញុំបន្ទោសខ្លួនឯង ហើយក៏រកឃើញសៀវភៅមួយក្បាលទៀតរួចដើរទៅកន្លែងកត់ឈ្មោះ។ តាមពិតទៅចេះតែរើសអោយតែបានទេ ព្រោះសៀវភៅគោលដៅនោះត្រូវគេយកមុនទៅហើយ។ចាំលើកក្រោយក៏បានដែរ។

-ចំណងជើងទាក់ទាញ គួរអោយចង់អានណាស់។

សម្លេងប្រហែលៗបានធ្វើអោយខ្ញុំងាកទៅរកម្ចាស់សម្លេង ក៏ប្រទះកែវភ្នែកទង់ដែងមួយគូនោះម្តងទៀត ខ្ញុំប្រញាប់បែរមកក្រដាសកត់ឈ្មោះវិញយ៉ាងលឿន។
ឌឹបៗៗៗ
ព្រះអើយ នេះស្អីហ្នឹង ភ័យម្ល៉េះ😱😱😱
“រំងាប់អារម្មណ៍ៗនាងនី ឯងគ្រាន់តែភ័យខ្លាចគេនឹងចោទឯងថាមិនចេះមើលប៉ុណ្ណោះ”

-ចាស៎

ខ្ញុំតបទៅគេវិញ ដោយអោនមុខសរសេរឈ្មោះនិងចំណងជើងសៀវភៅ។

-ប្តូរគ្នាអានទេ?

គេសួរយ៉ាងមានភាពជាមិត្ត តែភានីខ្ញុំនៅតែជាភានីដដែល 😑

-អត់ទេ អរគុណ។
ថារួចខ្ញុំក៏ដើរចេញទៅ (ម្តុំផ្ទះអ្នកសរសេរគេហៅថា “ឈ្លើយ”)។
តាមពិតទៅខ្ញុំមិនបានចង់វាយឬកទេ ពេលខ្លះក៏ចង់ចងមិត្តនឹងគេឯងដែរ តែវាពិបាកណាស់សម្រាប់ខ្ញុំព្រោះខ្ញុំធ្លាប់ត្រូវបានគេបដិសេធក្នុងការរាប់អានក៏ដូចជាការចូលក្រុមផ្សេងៗទៀត កាលនៅរៀនវិទ្យាល័យ ព្រោះខ្ញុំមិនពូកែ ដូច្នេះហើយគេមិនត្រូវការមនុស្សខួរក្បាលបង្កងដូចខ្ញុំចូលរួមក្រុមឡើយ វាគ្មានប្រយោជន៍។ បទពិសោធន៍ទាំងនោះហើយ បានប្រែអោយខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលពិបាកក្នុងការទំនាក់ទំនង ហើយគិតថាធ្វើអ្វីតែម្នាក់ឯងគឺល្អជាង ខុសត្រូវអីគឺទទួលដោយខ្លួនឯង។
sad truth😔😔
ទៅដល់ផ្ទះជួលវិញ បន្ទាប់ពីមើលមេរៀននិងរៀបចំសៀវភៅដែលត្រូវរៀនរួចហើយ ខ្ញុំក៏យកសៀវភៅដែលទើបតែខ្ចីបានមកអាន។
“ក្នុងបេះដូងមានស្នេហ៍”
គ្រាន់តែឃើញចំណងជើង ក៏ស្រាប់តែធ្វើអោយខ្ញុំនឹកឃើញរឿងកាលពីល្ងាចមិញ មនុស្សប្រុសរាងខ្ពស់សម្បុរស កែវភ្នែកទង់ដែងដ៏ស្រទន់មួយគូ ជាមួយនឹងសម្លេងធ្ងន់មុតនោះ ហើយស្នាមញញឹមក៏លេចឡើងមកឡើងមកដោយមិនដឹងខ្លួន។
ញញឹម?
ឌឹបៗៗៗ
-មិនមែនទេៗ។
ខ្ញុំគ្រវីក្បាលបណ្តេញគំនិតឆ្កួតឡប់នោះចេញ ហើយក៏ចាប់ផ្តើមអានសៀវភៅនោះរហូតដល់លង់លក់តាំងពីណាក៏មិនដឹង។
ស្អែកឡើងបន្ទាប់ពីបញ្ចប់រឿងនោះហើយ ខ្ញុំក៏យកសៀវភៅទៅសងបណ្ណាល័យវិញ។ មិនដឹងហេតុអី ខ្ញុំក៏ងាកឆ្វេងស្តាំរកដូចជានរណាម្នាក់ តែមិនឃើញមនុស្សដែលខ្ញុំចង់ជួបនោះទេ។

មួយអាទិត្យហើយដែលខ្ញុំមិនបានទៅបណ្ណាល័យ ព្រោះជាប់រវល់ប្រលងឆមាស ។ ថ្ងៃនេះជាថ្ងៃចុងក្រោយ ហើយពេលនេះក៏ល្ងាចទៅហើយដែរ ដូច្នេះហើយខ្ញុំក៏គិតថាហូបបាយល្ងាចនៅសាលាអោយហើយតែម្តង អញ្ចឹងទើបត្រូវដើរកាត់សួននៅសាលា។ រៀននៅទីនេះ២ឆ្នាំហើយ នេះជាលើកទី៣ដែលខ្ញុំដើរកាត់ទីនេះ ហើយក៏ជាលើកទីមួយសម្រាប់ខ្ញុំដែរដែលដើរពេលល្ងាចថ្មើរនេះ។ ស្តាប់ទៅចម្លែកណាស់ហើយ ប៉ុន្តែដូចដែលប្រាប់នោះអី ថាខ្ញុំគ្មានមិត្តហើយក៏មិនចូលចិត្តភាពអ៊ូអរដែរ។

ខ្យល់អាកាសពេលល្ងាចលាយឡំមេឃមានពណ៌ក្រហមព្រឿងៗ រួមផ្សំនឹងបរិយាកាសដែលពោរពេញទៅដោយនិស្សិតកំពុងតែផ្តុំគ្នាជាក្រុមៗ ធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយប្លែកតែ…
ឯកា😔😔
ដើរបានបន្តិច ខ្ញុំក៏សម្រេចចិត្តអង្គុយនៅបង់មួយជិតដើមជ្រៃឆ្ងាយពីគេរួចយកកាសចេញមកស្តាប់ចម្រៀងដើម្បីជាការបន្ធូរអារម្មណ៍។
ស្ងប់សុខណាស់
មិនចម្លែកទេ ដែលនិស្សិតទីនេះចូលចិត្តមកអង្គុយលេងនៅសួននេះ។
ស្តាប់ចម្រៀងបណ្តើរ ខ្ញុំបិទភ្នែកហើយច្រៀងតាមក្នុងចិត្តបណ្តើរ។
-I’ve fallen for you…
Finally, my heart given…
And I fallen in-
ចម្រៀងក៏ស្រាប់តែឈប់ ធ្វើអោយខ្ញុំត្រូវបើកភ្នែកឡើង ហើយសឹងតែធ្លាក់ពីលើបង់។
-អូ ម៉ាក់!!!
ពុទ្ធោអើយ ជាគេទៀតហើយ មនុស្សប្រុសដែលមានកែវភ្នែកស្រទន់មួយគូនោះឯង។ មិនដឹងជាមកដល់តាំងពីពេលណាទេនេះ ហើយថែមទាំងចុច Pause ចម្រៀងខ្ញុំទៀត។
(ប្រហែលជាខ្ញុំកំពុងបើកភ្នែកធំៗធ្វើមុខឆ្ងល់ហើយ)
ខ្ញុំហារស្លាក់ខ្ជាក់ស្លែង និយាយអ្វីមិនចេញ បានត្រឹមមើលមុខគេដែលកំពុងតែញញឹមខ្ជឹមមាត់មិនចេញធ្មេញ បង្ហាញអោយឃើញស្នាមខួចនៅក្រោមភ្នែកទាំងសងខាង។ ចម្លែកមែនខួចត្រង់ណាមិនខួចទៅខួចក្រោមភ្នែក។
-អារម្មណ៍ហោះទៅដល់ទ្វីបណាហើយអ្នកនាង នេះមិនដឹងទេឬថាមានអ្នកអង្គុយរួមបង់យូរហើយ។
គេរាក់ទាក់យ៉ាងរំភើយនិងធម្មតា ដូចមនុស្សធ្លាប់ស្គាល់គ្នាតាំងពីរាជ្យវង្សណាអញ្ចឹង ធ្វើអោយខ្ញុំរឹតតែជ្រួញចិញ្ចើម ហើយក៏រក្សាឥរិយាបថអោយបានរៀបរយវិញ។
-មិនគិតថានឹងសួស្តីខ្ញុំទេហ្អេស?
គេនៅតែសួរដោយស្នាមញញឹម
-ចាស៎?
ខ្ញុំហាក់ដូចជាតាមមិនសូវទាន់ទាល់តែសោះ ថាគេចង់ធ្វើអីអោយប្រាកដ។ សុំទោសណាភានី ដែលមិនអាចក្លាហានបានលើសពីនេះ។
-ហាហា នាងនេះពិតជាគួរអោយចង់សើចមែន។
លើកនេះគេសើចតែម្តង ធ្វើអោយឃើញធ្មេញចបធំៗពីរឡើងមកយ៉ាងច្បាស់។

(ភ្លេចប្រាប់ថា ទោះខ្ញុំមិនពូកែគណិត តែពូកែពិនិត្យណាស់😂)
មិនដឹងហេតុអ្វី អាកប្បកិរិយានិងស្នាមញញឹមគេ ធ្វើអោយខ្ញុំភ្លេចខ្លួនញញឹមតាម តែចិញ្ចើមនៅតែចង។ មិត្តរួមថ្នាក់តែងនិយាយថាខ្ញុំចងចិញ្ចើមគ្រប់ពេលធ្វើអោយពួកគេក្រែងចិត្ត តែនាយម្នាក់នេះបែរជាមកថាខ្ញុំគួរអោយចង់សើចទៅវិញ។ ប្រុសម្នាក់នេះចម្លែកណាស់។
-ហេតុអី?
ខ្ញុំសួរគេ ព្រោះតែប្រតិកម្ម នេះគេគិតថាខ្ញុំជាតួកំប្លែងឬនេះ?😏
-ហាហា មិនដឹងដូចគ្នា។
បែបសប្បាយណាស់ហើយមើលទៅ។ ខ្ញុំមិនតបរួចក៏អង្គុយបែរមកធម្មតាវិញហើយបើកចម្រៀងស្រាប់បន្ត។ មិនដឹងថាហេតុអី ចិត្តមួយក៏បញ្ជាអោយដៃទាញកាសម្ខាងហុចទៅអោយមនុស្សប្លែកមុខម្នាក់ដែលកំពុងអង្គុយក្បែរនោះ។
គេក៏ទទួលហើយបិទភ្នែកផ្អែកខ្នងនឹងបង់ស្តាប់ចម្រៀងយ៉ាងស្ងៀមស្ងាត់។ ពួកយើងស្ងាត់រហូតដល់ខ្ញុំឮសម្លេងឌឹបៗចេញពីទ្រូងខាងឆ្វេងរបស់ខ្លួនឯង វាកំពុងតែលោតញាប់ដូចកាលនៅបណ្ណាល័យយ៉ាងអញ្ចឹង។
ខ្ញុំលួចដៀងភ្នែកមើលទៅគេបន្តិច ស្របពេលដែលគេបើកភ្នែកដែរ។ ខ្ញុំក៏ទាញកាសដែលជាប់នៅត្រចៀកគេដើម្បីកុំអោយចាប់បានថាខ្ញុំលួចមើល។
-ខ្ញុំត្រូវទៅហើយ។
ថារួចខ្ញុំក៏ងើបដើរចេញទៅ តែដៃមួយចាប់កាតាបខ្ញុំពីក្រោយជាប់។
-អគុណ។
គេញញឹមយ៉ាងស្រទន់ ស្នាមញញឹមដែលអាចធ្វើអោយបេះដូងកម្រើកបាន។
“គ្រាន់តែរឿងប៉ុណ្ណឹងខ្ញុំមិនគិតគុណស្រ័យអីទេ អរគុណដូចគ្នាដែលកំដរខ្ញុំ”។ ខ្ញុំនិយាយក្នុងចិត្ត
-អឺម
ខ្ញុំងក់ក្បាលឆ្លើយយ៉ាងខ្លី រួចក៏បែរខ្នងចេញទៅ។ ដើរបានប្រហែលប្រាំជំហាន ក៏មានសម្លេងមួយស្រែកពីក្រោយខ្នង ធ្វើអោយខ្ញុំត្រូវងាកក្រោយ ហើយក៏មានអារម្មណ៍រំភើប ភ័យនិងកក់ក្តៅយ៉ាងចម្លែក។
-សួស្តី!
គ្មានអ្នកណាទៀតទេ គឺគេហ្នឹងហើយ
-រីករាយណាស់ដែលបានជួបនាងម្តងទៀត ហើយសង្ឃឹមថាយើងនឹងបានជួបគ្នាលើកក្រោយៗទៀត ចាំឈ្មោះខ្ញុំផង ខ្ញុំឈ្មោះ វឌ្ឍនា!
ទង្វើគេបានទាក់ទាញស្នាមញញឹមមួយដែលពិបាកនឹងបញ្ចេញបានយ៉ាងងាយ។
រីករាយដូចគ្នាដែលបានជួបលោកណា…
វឌ្ឍនា

“ពេលខ្លះការជួបគ្នាដោយចៃដន្យជាមួយមនុស្សមិនដែលស្គាល់ម្នាក់ វាក្លាយជារឿងរ៉ាវមួយដែលមិនអាចបំភ្លេចបាន ព្រោះគេបានបង្កើតរឿងរ៉ាវដែលយើងមិនដែលបានគិតថានឹងធ្វើ…”

និពន្ធដោយ យី ចំណាន

រូបភាព Pinterest

*រាល់ការចែករំលែក សូមមេត្តារក្សាសិទ្ធិអ្នកនិពន្ធ 😊

6days 5 nights

Strangers

The truth of mine
Hi I’m Lyda. This story is about a strange feeling for a strange person I’ve unexpectedly met in the moment that I really needed someone. The feeling which is still remain after many months. First, I didn’t really mean it, because it was just a randomness between two strangers, but who knows, the randomness has repeated and something strange started happen. But something told me that it was just a short time passion that will be disappeared tomorrow. I don’t know what it really is untill I miss the way that stranger treated other people, the language he used to communicate, those shoes he worn, the tone of each step, the warm smile that can be a drug, especailly the way he stared and tried to get close to me… Those feeling grows when I no longer see him, when all the things become sweet memories and it comes as… I like him. Thank you for those moments,Stranger.

written by Yi Chamnan

Phnom Penh,2nd, June, 2019

Picture: Pinterest

តាមស្នេហ៍ម៉ែអាភ្លោះ (ភាគបញ្ចប់)

បន្ទាប់ពីថ្ងៃនោះមក ខ្ញុំក៏បានទៅលួចមើលនាងជារៀងរាល់ល្ងាចពេលដែលនាងចេញពីរៀន តែមិនអោយនាងដឹងទេ ខ្លាចនាងចាប់បាន ហើយមិនសប្បាយចិត្តនឹងខ្ញុំ។

ច្រើនថ្ងៃបន្ទាប់មកក៏មានលេខប្លែកមួយខលចូលមក។
-អាឡូ ជំរាបសួ។
-អាឡូពូ នេះម៉ាក់គាត់ចង់និយាយជាមួយ
-….
ព្រះអើយ នេះគឺផាតើ ហើយនេះលេខរបស់នាងឬយ៉ាងណាណ៎
-អាឡូ ពៅ ស្អែកនេះមិនបាច់ចូលយកខ្ញុំទេណា ។
-អ៎ បាទ។ តែមានបញ្ហាអ្វីទេមីង?
-ឪវាមិនស្រួលខ្លួន គិតថាស្អែកនេះជូនគាត់ទៅពេទ្យបន្តិច។
-បាទ មិនអីទេអញ្ចឹង ជូនពរពូអោយឆាប់ជាណាមីង។
-ហ្នឹងហើយ អរគុណ បានហើយណា ខ្ចីទូរស័ព្ទកាផានិយាយផង។
-បាទ។
គ្រាន់តែឮថា នេះជាលេខផា ខ្ញុំរំភើបឡើងចង់ហោះទៅហើយ។ តែគិតថាឯងហ៊ានខលទៅដែរទេហ្នឹងហ្អាស អាពៅ? ចម្លើយគឺមិនហ៊ានទេ បានត្រឹមតែថតលេខនាងទុកប៉ុណ្ណោះឯង។
មួយខែក្រោយមក
លេងៗកន្លះឆ្នាំហើយដែលខ្ញុំលួចស្រលាញ់ផា តែមិនហ៊ានប្រាប់ គិតទៅខ្ញុំមិនដែលដឹងថាខ្លួនឯងកំសាកដល់ថ្នាក់នេះសោះ។
អត់ទេ មិនថាយ៉ាងណាទេ ខ្ញុំត្រូវតែសាក បើមិនសាកមិចនឹងដឹងថាលទ្ធផលបែបណានោះ។
បន្ទាប់ពីគិតច្រើនថ្ងៃមក ខ្ញុំក៏សម្រេចចិត្តខលទៅលេខនាង។ ខលដំបូងនាងមិនស្គាល់ខ្ញុំទេ ថែមទាំងថាខ្ញុំខលច្រលំលេខទៀត ហើយក៏បិទទៅ។ ថ្ងៃបន្ទាប់ខ្ញុំក៏សាកផ្ញើរសារទៅនាងម្តង តែនាងមិនតបទេ រហូតដល់រលងបានបីថ្ងៃខ្ញុំសាកក៏ខលទៅនាងម្តងទៀត តែខលមិនចូលសោះ ឬនាងប្លុកលេខខ្ញុំទៅហើយ។ លើកនេះ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងចម្លែក ហេតុអ្វីក៏មិនអាចក្លាហានជាងនេះបន្តិចទៅ? ហុឺម មានតែកាត់ចិត្តទេ។
ជាច្រើនសប្តាហ៍ហើយដែលខ្ញុំព្យាយាមបានបន្លប់ចិត្តខ្លួនឯងមិនអោយនឹកក្មេងស្រីម្នាក់នោះ ដោយបន្ថែមការងារអោយកាន់រវល់។ ប៉ុន្តែនៅព្រឹកនោះខ្ញុំក៏បានជួបនាងវិញម្តងទៀត ហើយអារម្មណ៍ដែលព្យាយាមមិននឹកនាក៏កើតមានឡើងវិញ។ ដោយសារតែកាលនោះជាពេលវ៉ាកងធំ ក្រៅពីរៀនគួរ នាងក៏មានពេលមកជួយលក់ម្តាយរបស់នាង ជាហេតុធ្វើអោយខ្ញុំនិងនាងបានជួបគ្នាញឹកញាប់ហើយអ្វីដែលមិនដែលនឹកស្មាននោះ គឺទំនាក់ទំនងនាងនិងខ្ញុំក៏ជិតស្និទ្ធជាងមុនដោយមិនចាំបាច់គិតច្រើនរកវិធីដូចកាលមុនទៀត។ វាជាឱកាសល្អហើយមែនទេអ្នកអាន? តែគ្មានអ្វីដែលងាយដូចយើងគិតនោះទេ ពេលដែលបានស្គាល់នាងច្បាស់ ខ្ញុំកាន់តែស្រលាញ់ចូលចិត្តនាងលើសដើមស្របពេលដែលបានដឹងថា ការពិតនាងមានសង្សារហើយ ហើយពួកគេរៀនជាមួយគ្នាទៀតផង។ វាពិតពិបាកដកចិត្ត ពិបាកបញ្ឈប់ ហើយរឹតតែពិបាកនិយាយការពិតប្រាប់នាង។ កាន់តែស្រលាញ់កាន់តែខ្លាច ខ្លាចថាពេលដែលប្រាប់ទៅហើយនឹងអាចបាត់បង់នាង។
-នែ៎ពូ! ភ្លឹកដល់ណាហើយហ្នឹង ហួសផ្ទះខ្ញុំឥឡូវហើយ។
ផាវាយខ្ញុំមួយដៃផាំង ភ្ញាក់ព្រើតពីអារម្មណ៍រវើរវាយ។
-នេះឈឺណាស់ដឹងទេ!
ដោយសារអារម្មណ៍ស្មុគស្មាញផង ខ្ញុំស្រាប់តែដំឡើងសម្លេងដាក់នាង ធ្វើអោយនាងរាងទម្លាក់ទឹកមុខចុះបន្តិចហើយនិយាយថា “សុំទោស” រួចក៏បើកទ្វារឡានចេញទៅ។
ខ្ញុំដឹងថានាងអន់ចិត្តនឹងខ្ញុំ ព្រោះនេះមិនមែនលើកទីមួយទេដែលនាងវាយខ្ញុំ តែលើកនេះបែរជា ហុើយ…
យប់បន្តិចខ្ញុំក៏ដាច់ចិត្តខលទៅនាង តែលោត waiting ប្រហែលនាងកំពុងនិយាយជាមួយសង្សារនាងហើយ។ បានហើយអាពៅ ដេកទៅគេមិនខ្វល់ពីឯងទេ គេមិនចាប់អារម្មណ៍នឹងគិតផងថាហេតុអីក៏ឯងក្លាយជាបែបនេះ។
គ្រឺងៗៗ
ទូរស័ព្ទក៏រោទិ៍លោតឈ្មោះអ្នកណាជាអ្នកខលមក
គឺផា…
នាងសួរខ្ញុំថាមានការអីមែនទេ បានខលទៅ ខ្ញុំថាមិនអីទេច្រលំដៃ។ នាងមិនមាត់តែក៏មិនបិទ ខ្ញុំក៏ដាច់ចិត្តនិយាយពាក្យដែលចង់និយាយ
-សុំទោសផងរឿងល្ងាចមិញ
-រឿងអី?
-រឿងដែលគំហ៊កដាក់ផា។
-ពូមិនខុសទេ ជាកំហុសខ្ញុំ បើពូមិនចូលចិត្តថ្ងៃក្រោយខ្ញុំឈប់លេងអ្វីបែបនោះទៀតហើយ ម្យ៉ាងទៀតខ្ញុំសឹងតែភ្លេចទៅហើយថា ខ្ញុំនិងពូមិនបានជិតស្និទ្ធដល់ថ្នាក់លេងបែបនោះបានទេ សុំទោសផង។
-មិនមែនអញ្ចឹងទេ។
-ពូកុំគិតច្រើនអី មនុស្សចាស់ស្តីអោយក្មេងមិនមែនជារឿងប្លែកទេ។
-នេះចង់ថាខ្ញុំចាស់ហ្អេស?
-ហាហា ទទួលទៅពូមិនបាច់គេដាស់តឿនទេ។
ពួកយើងក៏សើច កិច្ចសន្ទនានេះក៏ចេះតែបន្តទៅប្រហែល១០នាទី ពួកយើងក៏បិទដេករៀងខ្លួន។ តែខ្ញុំដេកមិនលក់ទេ ព្រោះនាងបាននិយាយថានាងខលមកលាទេ ព្រោះនាងត្រូវចូលរៀនវិញហើយ។ នេះបានន័យថាខ្ញុំលែងបានជួបនាងទៀតហើយមែនទេ? មិនមែនទេ ព្រោះខ្ញុំនឹងទៅលួចមើលនាងដូចលើកមុនទៀត ហាហា ម្យ៉ាងទៀតខ្ញុំក៏អាចខលទៅលេងនាងដោយមិនចាំបាច់កំសាកដូចមុនដែរ។
ដោយសារខ្លាចរំខាននាង ខ្ញុំមិនសូវហ៊ានខលទៅលេងនាងទេ តែផ្ញើរសារ និងឆាតទៅជំនួសតែក៏មិនសូវជាញឹកញាប់ដែរ ព្រោះខ្លាចនាងដឹង។ មានថ្ងៃមួយ ថ្ងៃដែលខ្ញុំចាំមិនភ្លេចគឺ ខ្ញុំបានសារភាពប្រាប់នាងលើកដំបូង តែនាងបានបដិសេធ នាងប្រាប់ថានាងសុំទោស ទោះយ៉ាងណាខ្ញុំក៏បានដឹងចម្លើយនិងហេតុផលមុនរួចហើយ ហើយក៏បានត្រៀមចិត្តរួចរាល់ដែរ ទោះបីជានាងមិនប្រាប់ខ្ញុំក៏ដោយ។ តែនាងសួរថាខ្ញុំថា
-បើខ្ញុំបដិសេធពូតើពូនឹងស្អប់ខ្ញុំហើយឈប់រាប់អានខ្ញុំទេ?
និយាយតាមត្រង់នាងពិតជាក្លាហានណាស់ដែលហ៊ានសួរបែបនោះដោយមិនខ្លាចខ្ញុំខឹង។ តែចំណុចត្រង់ទៅត្រង់មកនេះហើយ ទើបខ្ញុំលង់ស្នេហ៍នាងរហូតមកដល់ពេលនេះ។
-ចុះបើខ្ញុំប្រាប់ផាថា ខ្ញុំឈប់រាប់អាននាង ហើយប្តូរមកតាមស្រលាញ់នាងវិញ?
-….
-ខ្ញុំដឹងថាខ្ញុំមិនសមនឹងនាង ហើយក៏ដឹងថានាងមានមនុស្សដែលពេញចិត្តហើយដែរ តែដរាបណាខ្ញុំនៅស្រលាញ់ផា តើខ្ញុំអាចនៅបែបនេះបានទេ? ផាអាចនិយាយប្រាប់ខ្ញុំនៅពេលផាមិនសប្បាយចិត្តក៏បាន…
-ខ្ញុំគ្មានសង្សារទេពូ។
-…
-ខ្ញុំធ្លាប់មាន តែបែកគ្នាយូរហើយ ដោយសារហេតុផលមួយដែលខ្ញុំមិនដែលនឹងគិតស្មានដល់។
-….
-ខ្ញុំមិនជ្រើសយកពូ មិនមែនពូមិនសមនឹងខ្ញុំទេ ហើយក៏មិនមែនខ្ញុំមិនចូលចិត្តពូដែរ ពូជាមនុស្សល្អ។
-…
-តែខ្ញុំមានហេតុផលផ្ទាល់ខ្លួនណា សង្ឃឹមថាពូនឹងយល់ ហើយបើពូពិតជាស្រលាញ់ខ្ញុំមែននោះ ពូនឹងចាំបានទេ?
អ្នកអានច្បាស់ជាដឹងហើយខ្ញុំឆ្លើយបែបណានោះ។ ដឹងទេថាគ្រាន់តែនាងបើកចិត្តប្រាប់ខ្ញុំប៉ុណ្ណេះ ក្តីសង្ឃឹមក៏មានម្តងទៀតទោះមិនច្រើនក៏ដោយ ក៏ខ្ញុំមិនចុះចាញ់ដែរ។
ច្រើនខែកន្លងមកពួកយើងតែងតែទាក់ទងគ្នាដដែល ទោះមិនមែនជាសង្សារក៏ដោយ ក៏គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូន ហើយខ្ញុំក៏ប្រមូលភាពក្លាហានដែលខំសន្សំមកជាយូរហើយ មកប្រាប់នាងពីអារម្មណ៍ខ្ញុំម្តងទៀត។ តែ…
-សុំទោសផងណាពូ សុំទោសពិតមែន។
នេះជាចម្លើយ លើកទីពីរនេះវាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមម្តងទៀតព្រោះរយៈពេលកន្លងមកនេះ ខ្ញុំបានបង្ហាញអស់ហើយពីទំហំនៃក្តីស្រលាញ់ដែលតែងតែមានចំពោះនាង តែទីបំផុតវានៅតែមិនគ្រប់គ្រាន់នឹងអោយនាងស្រលាញ់ខ្ញុំវិញ។ លើកនេះខ្ញុំក៏ចាប់ផ្តើមរក្សាគម្លាតរវាងខ្ញុំនិងនាង ព្រោះដើម្បីអោយខ្លួនឯងមានឱកាសបំភ្លេចនាងបាន។ ពួកយើងមិនបានទាក់ទងគ្នាញឹកញាប់ដូចមុនទេ ដោយយកលេសថាមិនចង់រំខាននាង ព្រោះជិតប្រលងបាក់ឌុប។ រហូតដល់យប់មួយមុនថ្ងៃប្រលង ខ្ញុំបានផ្ញើរសារជូនពរនាង តែគ្មានសូម្បីតែពាក្យថាអរគុណតបមកវិញ។ កាន់តែឃ្លាតកាន់តែនឹក ពិបាកដល់ហើយ ក្មេងស្រីម្នាក់នោះពិតជាឃោរឃៅដាក់ខ្ញុំពេកហើយ។
ពីរថ្ងៃក្រោយ តាមខ្ញុំដឹងផានាងបានប្រលងហើយរួចរាល់ហើយ ចង់ដឹងណាស់ថានាងយ៉ាងណាហើយ។
ទឺតៗៗ សម្លេងសារបានដាស់ខ្ញុំពីការគិតផ្តេសផ្តាស ហើយចុចមើលសារយ៉ាងលឿនព្រោះវាជាសារពីមនុស្សម្នាក់ដែលខ្ញុំកំពុងគិតដល់។
-អរគុណណាស់ពូ។
គ្រាន់តែតបប៉ុណ្ណេះ ធ្វើអោយខ្ញុំបាត់សេដមួយរំពេច ហើយញញឹមឡើងចង់រឹងថ្គាមទៅហើយ។ ខ្ញុំក៏សុំនាងខលទៅហើយនិយាយសួរសុខទុក្ខខ្លះៗក្នុងនាមជាមនុស្សចាស់ជាង។
– ពូនៅគិតចំពោះខ្ញុំដូចមុនទេ?
កូននេះមើលសួរ
-មិនដែលគិតទេ មិនដែលគិតថានឹងឈប់ទេ។
ហិហិ អៀនណាស់
-ពូនៅចាំបានទេ កាលខ្ញុំធ្លាប់ប្រាប់ពូថាខ្ញុំនិងសង្សារបែកគ្នាដោយសាររឿងមួយដែលខ្ញុំមិននឹងស្មានដល់?
-បាទ
-ពូចង់ដឹងទេ?
-ចង់ដឹងគ្រប់យ៉ាង។
-គឺដោយសារពូហ្នឹងហើយ ខ្ញុំមិនដែលគិតថាខ្ញុំអាចចូលចិត្តពូទេព្រោះពូមើលទៅមិនគួរអោយចូលចិត្ត ហាហា។
-ហើយយ៉ាងម៉េចវិញទៅអញ្ចឹង?
-គឺតាមពិតទៅពូជាមនុស្សមិនគួរអោយចូលចិត្តពិតមែន តែខ្ញុំនៅតែចូលចិត្តពូ។
នាងតូចនេះច្បាស់ជាមិនដឹងថា ពាក្យសម្តីនាងមានឥទិ្ធពលមកលើទ្រូងខាងឆ្វេងនេះខ្លាំងប៉ុណ្ណានោះ។
-ដោយសារបែបនេះហើយទើបខ្ញុំមិនអាចបន្តនឹងសង្សារចាស់ខ្ញុំបាន ហាហាហា ពូគិតថាកំប្លែងទេ?
-អត់ទេ ជារឿងដែលគួរអោយត្រេកអរដែលផានិងគេបែកគ្នា ហាហាហា។
-តួចិត្តអាក្រក់។
-ចុះហេតុអីពេលនោះផាមិនព្រមទទួលយកខ្ញុំ?
-ពូចាំបានទៀតទេថា ខ្ញុំមានហេតុផលមួយនោះអី។
-យ៉ាងណាទៅ?
-ដោយសារឆ្នាំប្រលងខ្ញុំរវល់រៀនយ៉ាងខ្លាំង ខ្ញុំខ្លាចថាខ្ញុំនឹងគ្មានពេលអោយពូគ្រប់គ្រាន់ ខ្ញុំនៅក្មេងខ្លាចថានឹងអាចអោយពូពិបាក។
-ក្មេងឆ្កួត។
-អ្វីដែលខ្ញុំខ្លាចជាងគេនោះគឺ ខ្ញុំខ្លាចថាពូគ្រាន់តែយកខ្ញុំលេងសើចតែប៉ុណ្ណោះ។
-យ៉ា់ប់ណាស់ គិតតែឯង ធ្វើបាបទាំងគេទៀត។
-ហើយពេលនេះក៏នៅតែមិនជឿ។
-អុញ តើអោយគេចាំប៉ុន្មានឆ្នាំទៀតទៅអញ្ចឹង?
-បើពូស្រលាញ់ខ្ញុំមែនពូចាំបានហើយ ហាហា។
-ចាំយូរហើយ មិនចង់ចាំទៀតទេ។
ក្រោយភ្លៀងមេឃស្រលះពិតមែន ចាប់ពីពេលនោះមកផាក៏បានយល់ព្រមធ្វើជាសង្សារខ្ញុំ ហើយនាងក៏ទៅរៀនបន្តនៅសកលវិទ្យាល័យមួយបន្ទាប់ពីប្រលងជាប់បាក់ឌុប។ មិនយូរប៉ុន្មានគ្រួសារទាំងសងខាងក៏បានដឹងរឿងពួកយើង ហើយពួកគាត់ក៏មិនហាមឃាត់អីដែរ មានតែបន្ទាន់អោយខ្ញុំឆាប់ចូលដណ្តឹងនាង ខ្ញុំមិនដែលរារែកនឹងចូលតាមប្រពៃណីទេ តែរាល់ពេលដែលខ្ញុំនិយាយរឿងរៀបការនាងក៏និយាយតបថា
-ខ្ញុំនៅក្មេងណាស់ បងមិនខ្លាចថានឹងពិបាកចិញ្ចឹមខ្ញុំទេយ៉ាងម៉េច?
ចម្លើយដដែលៗបីឆ្នាំជាប់គ្នា ឡើងខ្ញុំចាំទៅហើយ។
-បងសម្លាញ់ ចាំពេលរៀនចប់ណា អូខេទេ? អូនសន្យា ថានឹងដណ្តឹងបងវិញ ហាហា។
ហើយនេះជាពាក្យដដែលៗដែលនាងតែងលួងខ្ញុំ ហើយតែងតែបានផល។

១ឆ្នាំក្រោយមក
ចូលស្តីដណ្តឹងខ្ញុំមែន ហាហា និយាយលេងទេ។ ពួកយើងទាំងពីរក៏បានរៀបការកសាងគ្រួសារជាមួយគ្នា។ ផាមានការងារមួយហើយបន្ថែមរបរលក់របស់របរតិចតួចនៅផ្ទះទៀត ឯខ្ញុំប្រកបរបរដដែល។ រៀបការបាន១ឆ្នាំ ផាក៏បានបង្កើតកូនប្រុសភ្លោះពីរនាក់អោយខ្ញុំជាចំណងអាពាហ៍ពិពាហ៍ គឺ វណ្ណ: និងវណ្ណា ដែលគ្រប់គ្នាស្គាល់ថា អាភ្លោះ នេះឯង។ ជីវិតខ្ញុំពិតជាសំណាងណាស់ដែលបានជួបមនុស្សស្រីម្នាក់ដែលព្រមទទួលយកខ្ញុំហើយរួមរស់ជាមួយគ្នាដោយមិនខ្វល់ថាអតីតកាលខ្ញុំជាមនុស្សបែបណា ខិលខូចយ៉ាងណា។ ខ្ញុំពិតជាអរគុណប្រពន្ធខ្ញុំខ្លាំងណាស់។
វិលមកបច្ចុប្បន្ន ពេលនេះអាភ្លោះទាំងពីររបស់ខ្ញុំមានអាយុ ៣ឆ្នាំ ហើយខ្ញុំនិងប្រពន្ធរៀបការបាន៤ឆ្នាំហើយ។
គ្រឺងៗៗ សម្លេងទូរស័ព្ទរោទិ៍លោតឈ្មោះ ម៉ែអាភ្លោះ ឡើងមក ធ្វើអោយខ្ញុំញញឹម។
-បងសម្លាញ់ កុំភ្លេចចូលទិញទឹកដោះគោអោយកូនផងណា។
-បាទៗម៉ែអាភ្លោះ។
ទោះបីជាជីវភាពមិនសូវជាសម្បូរទ្រព្យ តែសុភមង្គលក្នុងគ្រួសារគឺពេញលេញសម្រាប់ខ្ញុំនិងប្រពន្ធកូន ហើយខ្ញុំពិតជាពេញចិត្តនឹងអ្វីៗដែលខ្ញុំកំពុងមានខ្លាំងណាស់។

ចប់ដោយបរិបូរណ៍

និពន្ធដោយ យី ចំណាន

អរគុណសម្រាប់ការចំណាយពេលអាន

អរគុណដល់ពូប៉ាអាភ្លោះចំពោះសាច់រឿងផ្ទាល់របស់ពូ។ ជូនពរអោយក្រុមគ្រួសារពូជួបតែសុភមង្គល និងសេចក្តីសុខចម្រើន។

លួចនឹកមនុស្សម្នាក់

នេះជាអារម្មណ៍ពិតមួយ ដែលសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថានឹងអាចទទួលយកបានឬអត់ដែរ។ ពេលខ្លះខ្ញុំសែនខ្លាចនូវអារម្មណ៍ដែលមិនស្របនឹងខួរក្បាល គឺដូចពេលនេះអញ្ចឹង សុខៗក៏ស្រាប់តែនឹកដល់មនុស្សម្នាក់ដែលឋានៈត្រឹមតែជាអ្នកដទៃ ម្នាក់ដែលមិនគួរគិតនិងនឹកដល់ទាល់តែសោះ។ ប៉ុន្តែ ខួរក្បារតូចមួយដែលមាននាទីជាអ្នកវិនិច្ឆ័យនោះ បានហាមថា កុំនឹក! ព្រោះវាដឹងថា ការដែលនឹកមនុស្សម្នាក់នោះ វាមិនបានបង្កជាផលវិជ្ជមានដល់អារម្មណ៍នោះទេ តែវាបានត្រឹមតែបង្កើតអារម្មណ៍ច្របូកច្របល់ ឯកានិង ពិបាកចិត្តប៉ុណ្ណោះ។ ហើយពេលនេះ ដោយសារអារម្មណ៍មិនស្តាប់ខួរក្បាលបែបនេះហើយ ទើបខ្ញុំកំពុងតែមិនសប្បាយចិត្តហើយរឹតតែខឹងខ្លួនឯងដែលមិនអាចបញ្ឈប់អារម្មណ៍ឆ្កួតនោះបាន។
មេរៀនមួយនេះ បានបង្រៀនខ្ញុំអោយដឹងថា ការដែលនឹកមនុស្សម្នាក់មិនមែនជារឿងខុសឆ្គងទេ អ្វីដែលឆ្គងគឺនឹកគេទាំងដែលខ្លួនឯងមិនចង់នឹកគេ តែហាមមិនអោយនឹកមិនបាន វាពិតជាខុសចំពោះខ្លួនឯងខ្លាំងណាស់ ដែលគ្មានឥទិ្ធពលសូម្បីតែបញ្ជាអារម្មណ៍របស់យើងបាន។

សរសេរដោយៈយី ចំណាន

រូបភាពៈ Pinterest

#ជម្រើស

ជម្រើសដែលល្អបំផុត គឺជាជម្រើសដែលសាកសមនឹងអ្នកបំផុត មិនមែនជាជម្រើសដែលអស្ចារ្យលើសជម្រើសផ្សេងទុៀតនោះទេ។

នៅពេលដែលមាននរណាម្នាក់ត្អូញត្អែរថា “ហុឺម…ខ្ញុំអស់សង្ឃឹមហើយ ខ្ញុំគ្មានជម្រើសទេ ខ្ញុំអស់ផ្លូវហើយ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ…” អ្វីបែបនេះ មិនមែនពួកគេគ្មានជម្រើសឡើយ ប៉ុន្តែមកពីពួកគេមានជម្រើសច្រើនពេក រហូតដល់មើលរំលងជម្រើសមួយដែលសាកសមនឹងពួកគេ ជំនួសដោយការជ្រើសយកជម្រើសមួយទៀតដ៏ល្អលើសគេថែមទាំងលើសពីលទ្ធភាពរបស់ពួកគេទៀត។ នៅពេលមួយដែលសមត្ថភាពរបស់គេនៅមានកម្រិត តែគេនៅតែរឹងមានៈ នោះហើយជាពេលដែលជីវិតគេមានសម្ពាធ ហើយមិនអាចធ្វើបានឈានដល់ការអស់សង្ឃឹម សោកស្តាយ និងបន្ទោសខ្លួនឯង។

ពេជ្រពីរគ្រាប់ទម្ងន់៣ការ៉ាត់ដូចគ្នា ត្រូវបានដាក់តាំងសម្រាប់ដេញថ្លៃ។ ពេជ្រមួយគ្រាប់ដែលត្រូវបានកែច្នៃមានពន្លឺចែងចាំងនិងតម្លៃលើសពេជ្រមួយគ្រាប់ទៀត ដែលមិនទាន់បានកែអ្វីទាំងអស់ ប្រមាណ២០០០ដុល្លា តែអ្នកមានប្រាក់ត្រឹមតែអាចទិញពេជ្រមួយគ្រាប់ដែលមិនទាន់កែច្នៃប៉ុណ្ណោះ។ តើអ្នកនឹងរង់ចាំសន្សំប្រាក់អោយគ្រប់សម្រាប់ពេជ្រដែលច្នៃរួច ឬសុខចិត្តជ្រើសរើសគ្រាប់ពេជ្រដែលគេមិនទាន់ច្នៃ ហើយយកទៅច្នៃដោយខ្លួនឯង?

ជម្រើសដែលល្អបំផុតនោះ អ្នកគួរតែជ្រើសយកគ្រាប់ពេជ្រដែលមិនទាន់កែច្នៃ។ អ្នកមិនត្រឹមចំណេញទេ ប៉ុន្តែអ្នកនឹងអាចចេះជំនាញច្នៃពេជ្រថែមទៀត ទោះវាហត់បន្តិចក៏ដោយ តែប្រសិនបើអ្នកព្យាយាមអត់ធ្មត់បន្តិច ពេជ្ររបស់អ្នកនឹងភ្លឺស្អាតដូច ឬអាចនឹងភ្លឺជាងពេជ្រដែលច្នៃរួចហើយនោះទៅទៀត។ តែប្រសិនបើអ្នករង់ចាំសន្សំប្រាក់ដើម្បីទិញពេជ្រដែលច្នៃរួចនោះ អ្នកនឹងខាតពេលទទេរៗ ហើយអាចនឹងមានអ្នកផ្សេងដែលមានប្រាក់ជាងអ្នកយកវាបាត់ទៅហើយ។ ទីបំផុតអ្នកនឹងមិនបានពេជ្រណាមួយទាំងអស់។

គួរជ្រើសរើសនូវអ្វីមួយដែលមិនធ្វើអោយអ្នកមានសម្ពាធ ផ្តល់នូវតម្លៃ និងសាកសមតាមសមត្ថភាព លទ្ធភាពរបស់អ្នកបំផុត។

សរសេរដោយៈ យី ចំណាន

Image: pinterest
image: pinterest
adeepmood.wordpress.com

#កុំស្ទាក់ស្ទើរ

ប្រសិនបើជីវិតអ្នក មានមនុស្សចាំពិភាក្សា ព្រួយបារម្ភ និង យកចិត្តទុកដាក់ចំពោះអ្នកនោះ វាពិតជារឿងមួយដែលវិសេសថ្លៃថ្លាណាស់។ ហើយប្រសិនបើគេពិតជាមានបំណងល្អចំពោះអ្នកហើយនោះ វារឹតតែធ្វើអោយអ្នកពិបាកនឹងឆ្លើយថា”ទេ”ចំពោះគេ ព្រោះអ្នកខ្លាចថា ការបដិសេធរបស់អ្នកនឹងធ្វើអោយគេអន់ចិត្ត។

តែប្រសិនបើក្នុងកាលទេសមួយ ពេលដែលអ្នកកំពុងតែសម្រេចចិត្តក្នុងការធ្វើអ្វីមួយដែលអ្នកពេញចិត្ត ទាំងដែលដឹងថាវាជាការប្រថុយនឹងហានិភ័យជាច្រើន តែមនុស្សទាំងនោះមិនពេញចិត្តនោះទេ ពួកគេព្រួយបារម្ភអំពីការសម្រេចចិត្តរបស់អ្នក ខ្លាចថាអ្នកនឹងជួបការលំបាកក្នុងការធ្វើវា ពួកគេផ្តល់យោបល់ដ៏ល្អមួយដល់អ្នក ថាគួរតែបញ្ឈប់និងបោះបង់គំនិតរបស់អ្នកទៅ ។

តើពេលនោះ អ្នកនឹងឆ្លើយថាព្រមចំពោះពួកគេ ហើយបោះបង់ការតាំងចិត្តរបស់អ្នកចោលដែរឬទេ? តើអ្នកស្ទាក់ស្ទើរនឹងការធ្វើអ្វីដែលអ្នកចង់ធ្វើដោយគ្រាន់តែពាក្យលើកទឹកចិត្តនិងការស្រលាញ់បារម្ភរបស់អ្នកដទៃមែនឬទេ? តើអ្នកស្ទាក់ស្ទើរដោយសារអ្នកពិតជាខ្លាចនូវហានិភ័យដែលអ្នកនឹងប្រឈមឬ? ឬមួយអ្នកគ្រាន់តែនឹកខ្លាចក្រែងថាអ្នកនឹងត្រូវបាត់បង់មនុស្សដែលស្រលាញ់និងបារម្ភអំពីអ្នក?

ចូរកុំគិតបែបនេះអី ការបដិសេធ មិនមែនសុទ្ធសឹងតែអាក្រក់នោះទេ។ អ្នកមិនគួរបោះបង់ក្តីស្រម៉ៃដែលអ្នកស្រលាញ់ដើម្បីបំពេញចិត្តមនុស្សដែលបារម្ភពីអ្នកនោះឡើយ។

ពិតមែនហើយ ការលើកទឹកចិត្តជាតម្រូវការសំខាន់របស់ផ្លូវចិត្ត តែប្រសិនបើអ្នករង់ចាំតែការលួងលោម ការជួយពិភាក្សា ការផ្តល់នូវគំនិត និងការជ្រោមជ្រែងពីអ្នកដទៃនោះ អ្នកនឹងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តហើយ បញ្ហាតូចមួយក៏ត្រូវបានមើលឃើញជាធំ ហើយអាចនឹងឈានដល់ការបោះបង់។

ត្រូវចាំថា អ្វីទាំងអស់សុទ្ធសឹងតែបង្កឡើងដោយបញ្ហា បើគ្មានបញ្ហាទេ ធ្វើម្តេចនឹងរកឃើញដំណោះស្រាយទៅ។ ដូច្នេះអ្នកមិនត្រូវស្ទាក់ស្ទើរនឹងការបំពេញបំណងរបស់អ្នកទេ តែអ្នកត្រូវជំរុញខ្លួនឯងដោយភាពត្រឹមត្រូវមួយដោយមិនបង្កអោយមានផលប៉ះពាល់ដល់មនុស្សជុំវិញអ្នក។

កុំខ្លាចថា អ្នកអាចនឹងធ្វើអោយពួកគេអន់ចិត្ត ដោយសារការសម្រេចចិត្តរបស់អ្នក ព្រោះការសម្រេចចិត្តដោយគោលជំហរត្រឹមត្រូវផ្ទាល់ខ្លួន មិនមែនជារឿងខុសទេ ប៉ុន្តែអ្នកត្រូវតែធ្វើអោយពួកគេមានសង្ឃឹមជឿជាក់ថាអ្នកអាចធ្វើបាន និងមានមោទនភាពចំពោះអ្វីដែលអ្នកបានជ្រើសរើស។

ចូរកុំស្ទាក់ស្ទើរចិត្តក្នុងការដើរតាមក្តីស្រម៉ៃ ចូរដើរទៅរកវាដោយក្តីសង្ឃឹម និងធ្វើវាអោយបានល្អបំផុតតាមតែអាចធ្វើបាន។

សរសេរដោយៈ យី ចំណាន
Image: pinterest
adeepmood.wordpress.com

ពេលមួយនឹងមកដល់សម្រាប់អ្នក

ពេលមួយនឹងមកដល់មានមនុស្សមិនតិចទេដែលកំពុងតែពិបាកចិត្តនឹងបច្ចុប្បន្ន ព្រួយបារម្ភនឹងអនាគត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃចេះតែហួសទៅយ៉ាងសន្សឹមៗ ថ្ងៃនេះក៏ត្រូវក្លាយជាថ្ងៃម្សិលមិញ ឆ្នាំនេះក៏ក្លាយជាឆ្នាំមុន តែជីវិតហាក់ដូចជានៅតែរសាត់អណ្តែតមិនដឹងថាត្រូវឈប់សំចតនៅទីណាអោយប្រាកដនៅឡើយ។និស្សិតឆ្នាំទី៣ កំពុងតែសរសើរនិស្សិតឆ្នាំទី៤ ថានឹងទទួលបានបរិញ្ញាបត្រឆាប់ៗនិងច្បាស់ជាមានការងារដែលសាកសមមួយ ។ តែនិស្សិតឆ្នាំទី៤ខ្លះ កំពុងតែភ័យខ្លាចថា ខ្លួននឹងប្រឈមនឹងការមិនបានទទួលបានការងារអោយសមបំណង ដោយសារការប្រកួតប្រជែងទីផ្សារការងារកំពុងតែគម្រាមកំហែងបណ្តានិស្សិតដែលគ្មានបទពិសោធដូចជាពួកគេ។តែបើទោះជាយ៉ាងណា ដរាបណាអ្នកមានក្តីប្រាថ្នា អ្នកមិនត្រូវសំកុកគិតតែអន់ចិត្តនឹងខ្លួនឯងនោះទេ តែអ្នកត្រូវតែខិតខំដើរទៅរកក្តីស្រមៃមួយនោះដើម្បីភាពជោគជ័យនៃជីវិតអ្នក។ត្រូវចាំថា…ភាពជោគជ័យនៃមនុស្សម្នាក់ៗ ប្រៀបបានដូចជាផ្កាយ៉ាងអញ្ចឹង។ពាក្យថាផ្កា គឺប្រៀបបាននឹងភាពស្រស់បំព្រង។ ផ្កាមានច្រើនប្រភេទខុសគ្នា និងភាពស្រស់ស្អាតផ្សេងៗគ្នា។ ប្រភេទនីមួយៗនៃផ្កាគឺរីកតាមរដូវកាលរបស់វា ហើយវានឹងអស់រីកទៅវិញនៅពេលផុតរដូវកាលរបស់វាផងដែរ។ក៏ដូចជារូបអ្នក ពេលនេះអាចនឹងមិនទាន់ដល់ពេលដែលអ្នកសម្រេចក្តីប្រាថ្នា អ្នកអាចនឹងកំពុងស្ញប់ស្ញែងនឹងភាពជោគជ័យរបស់មិត្តភក្រ្តរបស់អ្នក តែនៅពេលរដូវកាលនោះមកដល់ អ្នកនឹងជោគជ័យដូចគ្នា បើប្រៀបទៅនឹងផ្កាវិញ អ្នកនឹងស្រស់ស្អាតមិនចាញ់ផ្កាដទៃនោះទេណា។យើងអាចនឹងដើរយឺតជាងគេ តែមិនមានន័យថាយើងដើរមិនដល់ឯណា ត្រូវទេ?

សរសេរដោយ យី ចំណាន

រូបភាព Pinterest

តាមស្នេហ៍ម៉ែអាភ្លោះ

រឿងប្រលោមលោកខ្លី តាមស្នេហ៍ម៉ែអាភ្លោះ (និពន្ធដោយ យី ចំណាន)

ជំរាបសួរបាទ ខ្ញុំគឺ…
-ឪអាភ្លោះ អើឪអាភ្លោះ!
សម្លេងចែលក់ត្រីហៅខ្ញុំ លើកអីវ៉ាន់ដាក់ឡាន។
-ពូ! ចេញទៅឥឡូវអត់?
ក្មេងស្រី៣នាក់សួរខ្ញុំ ស្របពេលដែលខ្ញុំកំពុងតែមមារញឹកនឹងការប្រមូលអីវ៉ាន់ម៉ូយដាក់ខាងក្រោយគូថឡាន
-ទៅ អូនទៅ ពូដាក់ឥវ៉ាន់ហើយចេញទៅហើយ។

មែនហើយខ្ញុំគឺអ្នករត់តាក់ស៊ីវាលរេញកំពង់សោម ដែលគ្រប់គ្នាស្គាល់ថា ឪអាភ្លោះ នេះឯង។ ខ្ញុំចេញរត់ឡាននេះ តាំងពីមុនរៀបការម្ល៉េះ។ របរជាអ្នករត់តាក់ស៊ីគឺហត់បែបនេះឯង ពេលខ្លះរត់បីជើងមែន តែមួយជើងរកមនុស្សមិនបាន៣នាក់ផង។ តែដូចដែលឃើញស្រាប់ហើយ ខ្ញុំមានម៉ូយចែៗលក់ត្រីនៅផ្សារពាណិជ្ជកម្ម៣ ៤ នាក់ដែរដែលខ្ញុំតែងតែដឹកគាត់ពីព្រៃនប់ មកលក់នៅកំពង់សោម។ វាហត់បន្តិចមែន តែរបរនេះបានជួយខ្ញុំច្រើនណាស់ ពិសេសគឺបានជួបម៉ែអាភ្លោះតែម្តង ហាហា។

៦ឆ្នាំមុន
បន្ទាប់ប្រលងបាក់ឌុបរួច ខ្ញុំក៏សម្រេចចិត្តសុំម៉ែពុកមករស់នៅកំពង់សោមដើម្បីរកការងារធ្វើ ជំនួសអោយការរៀនបន្តដោយសារតែកត្តាជីវភាព។ អ៊ំខ្ញុំជាអ្នករត់តាក់ស៊ី ខ្ញុំក៏មកសុំគាត់ធ្វើជាព្រូឡានបាន១ឆ្នាំ អ៊ំក៏សាងរបរនេះអោយខ្ញុំ ព្រោះគាត់ចំណាស់ដែរហើយ ចឹងមានតែនៅផ្ទះអោយកូនចិញ្ចឹមវិញម្តង។ដោយសារតែអ៊ំមានម៉ូយច្រើនហើយគេក៏ស្គាល់ខ្ញុំស្រាប់ ទើបខ្ញុំមិនពិបាករកម៉ូយ ។

ដូចពាក្យគេថាពិតមែនថា ”នៅពេលណាមួយដែលអ្នករែកអម្រែកទឹកដោយខ្លួនឯង ទើបអ្នកដឹងពីថា ទឹកមួយដំណក់ៗវាតម្លៃប៉ុណ្ណា”។ ដូចពេលដែលខ្ញុំចេញរកប្រាក់ដោយខ្លួនឯងអញ្ចឹង ទម្រាំតែបានមួយរយរៀលវាពិបាកណាស់ ដល់ពេលជួបខ្លួនឯងទើបនឹកឃើញកាលនៅចាយលុយម៉ែទាំងដៃៗ។

គិតៗទៅពេលដើរលឿនមែនហ្ន៎ ព្រិចបើកៗឆ្នាំនេះខ្ញុំមានអាយុ២៥ឆ្នាំ ហើយម៉ែខ្ញុំបានរំអុកអោយខ្ញុំឆាប់យកប្រពន្ធ ព្រោះចង់បានចៅពរ។ តែកម្លោះគ្នាយើង ដឹងហើយ នៅលីវអញ្ចឹងហើយល្អ ទៅរកប្រពន្ធនាំតែជាប់ដៃជាប់ជើងធ្វើអីនែស៎។

>នែ អាពៅ ហែងគិតរកមើលកូនគេម្នាក់ទៅ បើហែងមិនរក ម៉ែរកអោយ។
-អូយ ម៉ែ ខ្ញុំចិញ្ចឹមតែខ្លួនឯងមិននឹងចង់រស់ផង ទៅរកយកកូនគេមកលំបាកធ្វើអី។ ខ្ញុំមិនទាន់យកទេ អាចនឹងមិនយកផង នៅម្នាក់ឯងស្រួលជាងណាម៉ែ។
>អើ អោយវាដូចមាត់ទៅ តិចបានគ្មានគេយកហែងរហូតទៅ។
-ពុទ្ធោអើយម៉ែ សម្រាន្តទៅណាម៉ោង៨ជាងហើយ។
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយគាត់ជិត១០នាទី គាត់រអ៊ូតែរឿងប្រពន្ធហ្នឹងឯង។កុំថាឡើយម៉ែ សូម្បី

ពួកម៉ាករបស់ខ្ញុំក៏វាតែងតែនិយាយរឿងនេះដែរ (គ្រប់ពេលដែលផឹក)។

-អញឆ្ងល់ហែង កាលបានយកប្រពន្ធហា៎?
ធី អ្នករកសុីដូចគ្នាសួរខ្ញុំ។
-យកធ្វើស្អីរ៉េអ្ហើយ ជឿអញទៅ ម៉ាជីវិតនេះហ្អាស សប្បាយអោយអស់ចិត្តទៅ មិនបាច់យករឹតតែល្អ។ (ណុប ក៏ស៊កអោយខ្ញុំ)

-មិនយកម៉េចហា៎ រស់ម៉ាជាតិ យ៉ាងហោចណាស់កអោយស្គាល់ថាប្រពន្ធម៉េចដែរ នែស៎។ (ម៉ាច ឆ្លើយជំនួសខ្ញុំ)
-យកធ្វើស្អីរ៉េហា៎ យកនាំតែជាប់ដៃជើងទេ ជឿអញទៅ។
-ហាហាហា…!
ពួកវានាំគ្នាសើចគិល ។

-ពួកហែងចេះតែនិយាយចឹងហើយ គ្រួសារមួយៗវាខុសៗគ្នា វាអាស្រ័យលើការយោគយល់និងអធ្យាស្រ័យ ហើយរឿងប្រពន្ធអញគង់តែយកទេ គ្រាន់តែអញមិនទាន់ចង់បាន ចង់សល់លុយសល់កាក់តិចទៀតសិន ណាមួយអ្នកណាមកព្រមស្រលាញ់ បើត្រឹមតែអ្នករត់ឡានហ្នឹងហា៎។
-គ្មានទេ មកពីហែងវាខិល ស្រលាញ់ម្តង២ ៣ ដល់បែកការណ៍គេសុំបែកចឹងហើយ។

ណុបនៅតែស៊កអោយខ្ញុំ អាមួយនេះវាដឹងច្រើនមែន។ តែដូចវានិយាយចឹង ខ្ញុំនេះក៏ខូចណាស់ដែរ សេពគប់មនុស្សស្រីម្តង២ ៣នាក់ តែបើអោយខ្ញុំស្មោះម្នាក់ណានោះ ដូចជាមិនអាចសោះ។
ទំនាក់ទំនងស្នេហារបស់ខ្ញុំម្តងជាពីរដង រហូតមកដល់ពេលនេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ សុទ្ធសឹងតែមិនច្បាស់លាស់ទាំងអស់។

តែស្រាប់តែថ្ងៃមួយ…ថ្ងៃដែលក្មេងស្រីម្នាក់បានបង្ហាញខ្លួន…

>អាឡូ! ចេញម៉ោឬនៅហ្នឹង? (មុីណាស់ខលមកខ្ញុំ)

-បាទៗ ជិតដល់ហើយមុី។

>អើៗ ប្រយ័ត្នមិនទាន់មាន់គេ ។

មុីណាស់ (គាត់ជាជនជាតិឥស្លាម) ជាអាជីវករលក់មាន់ ម៉ូយគាត់ច្រើនណាស់ អញ្ចឹងហើយទើបគាត់មិនចង់អោយយឺតយ៉ាវ។

-នែសៗ ដាក់អោយស្រួលបួល ប្រយ័ត្នធ្លាក់តាមផ្លូវ។ (មុីណាស់)

-ចុះមីងភាទៅណាហើយមុី? (ខ្ញុំសួរព្រោះឃើញតែឥវ៉ាន់បាត់ម្ចាស់)

មីងភាក៏ជាអាជីវករលក់ត្រីនិងបន្លែគ្រប់មុខនៅផ្សារលើកំពង់សោមយើងនេះ ដែលពួកគាត់សុទ្ធតែរស់នៅស្រុកព្រៃនប់ ហើយយកទំនិញទាំងនេះទៅលក់នៅទីនោះរាល់ថ្ងៃដោយមានខ្ញុំជាអ្នកដឹកទៅ។

-អេ៎…ឮថាកាភា ទៅបុណ្យនៅស្រុកតាំងពីល្ងាចម្ល៉េះ ហើយថ្ងៃហ្នឹងកាផាទៅលក់ជំនួស។

-ចុះកាផា…គឺខ្ញុំចង់ថាចែដែលជំនួសហ្នឹងនៅឯណា? (ហេហេ ច្រលំមាត់ហៅតាមគាត់)

-ពូ មកជួយយកធុងត្រីមួយទៀតផង!
ខ្ញុំក៏រត់ទៅតាមសម្លេងដែលខ្ញុំគិតថាជាសម្លេងចែផាដែលស្រែកមកពីចម្ងាយ។

-ធុងមួយណាចែ?

-ធុងពណ៍ខៀវពូ។

ខ្នងតូចច្រលឹងបានបែរខ្លួនមកប្រាប់ បណ្តាលអោយឃើញមុខតូចរាងពងក្រពើស្រស់គួរអោយចង់គយគន់។

មានអារម្មណ៍ថាពេលនេះ ខ្ញុំកំពុងនៅលើលំហដែលមានតែស្រទាប់ផ្កាហោះរាយជា background យ៉ាងអញ្ចឹង…

-ពៅ អើយអាពៅ…! ហើយវាឈរភ្លឹកអីទាំងព្រលឹមហ្នឹងហ្អាស តាឡានរោងចក្រម៉ោដល់ហ្នឹង បាច់បានរកស៊ីទេ។
-អ៎…បាទៗ!

មិនដឹងថាខ្លួនភ្លឹកយូរប៉ុណ្ណាទេ ដឹងតែថាអាម៉ាសខ្លាំងដែរហ្នឹងណា ព្រោះចែផាឡើងឡានតាំងពីពេលណាមិនដឹង ទុកអោយគ្នាភ្លឹកតែម្នាក់ឯងទៅកើត។

នៅតាមផ្លូវគ្មានអ្នកណាមាត់សោះ រាល់ដងមានខ្ញុំ និងអុីភាគ្រាន់សួរនាំលេងសើចពីនេះពីនោះ តែថ្ងៃនេះខ្ញុំមិនមាត់មិនមែនមកពីគ្មានអុីភាទេ តែដោយសារវត្តមានចែផាច្រើនជាង ហើយបើសួរថាហេតុអី ខ្ញុំមិនដឹងទេ ដឹងតែប្លែកៗពីធម្មតា មិនយល់សោះ។

-ហើយម៉ែហងទៅស្រុកធ្វើអីកាផា? (មុីណាស់សួរចែផា ស្របពេលដែលកំពុងហូបបាយព្រឹក)
-ម្តាយមីងគាត់ខូចណាមុី ល្ងាចមិញបងជីដូនមួគាត់តេរមកប្រាប់ ហើយម៉ាក់ក៏ទៅជាមួយអាភ័ក្រ្តប្អូនខ្ញុំតាំងពីល្ងាចម្ល៉េះ។ (ចែផាឆ្លើយ)

-មកលក់ជំនួស ខាតរៀនហើយអញ្ចឹង។ (មុីណាស់)

-គាត់មិនចង់អោយខ្ញុំទៅលក់ដែរហ្នឹងមុី តែដោយសារលើកឥវ៉ាន់ពីគេរួចហើយហ្នឹង ខ្ញុំក៏សុំម៉ាក់មកហ្មងទៅ មិនអញ្ចឹងទេ មានតែខាត ហិហិ។ (ចែផានិយាយហើយសើចតិចៗដោយអៀនរឿងខ្លាចខាត)

-វាអញ្ចឹងហើយក្មួយ យើងអ្នករកស៊ី បើថាធ្លាប់តែលក់បានរាល់ថ្ងៃ ហើយឈប់មួយថ្ងៃដឹងតែនៅមិនសុខទេ។ (មុីណាស់)

តាមផ្លូវខ្ញុំក៏បានភ្ញៀវម៉ាពេញឡានដែរ។ ក្នុងឡានលែងស្ងាត់ហើយ ការសន្ទនាចេះតែបន្តពីមួយរឿងចូលមួយរឿងទៀតរហូតដល់កន្លែងត្រូវឈប់។ តែមុនហ្នឹងខ្ញុំដូចជាឮថាចែផានៅរៀនផង អាយុប៉ុន្មានហើយណ សម្តីសម្តៅមិនក្រោមម្ភៃទេ អេ..តែមុខចែហ្នឹងឡើងក្មេងមិនលើសពីម្ភៃទេ អេ៎…ហើយមិចទៅខ្វល់ពីរឿងហ្នឹងវិញ?

បន្ទាប់ពីដាក់ដាក់ឥវ៉ាន់ភ្ញៀវអស់ អូ៎ មានទាន់អស់ណានៅចែផាម្នាក់ទៀត ចែផាក៏និយាយមកកាន់ខ្ញុំ:
-ពូមកយកខ្ញុំផង ដូចម៉ោងដែលពូមកយកម៉ាក់ខ្ញុំទៅណាពូ។

-បាទ ចែ។ (ខ្ញុំឆ្លើយដោយដៃរវល់ដាក់ឥវ៉ាន់ចុះ)

-ចែ…? (សម្លេងនាងរាងលើកបន្តិចបង្ហាញពីចម្ងល់និងក្តីមិនពេញចិត្តដែលខ្ញុំហៅចែបែបនេះ)

ខ្ញុំក៏ងើបមុខឡើងដើម្បីអោយច្បាស់ថានាងកំពុងនិយាយជាមួយខ្ញុំឬអត់។ តែកែវភ្នែកមូលក្រឡង់មុតថ្លាមួយគូនោះ ធ្វើអោយខ្ញុំអោនមុខចុះវិញហើយធ្វើជាលើកឥវ៉ាន់វិញ។

-នែ៎ពូ ហៅខ្ញុំក្មួយទើបសមជាង ហាហា។ (នាងនៅតែស៊កសៀតអោយខ្ញុំលេង)

-ចុះពូមិចដឹង បើមុខយើងសមនឹងហៅចែមែន។ (ខ្ញុំស៊កអោយនាងវិញ ហិហិ រាងអៀនមិចទេនេះ)

នាងជ្រួញចិញ្ចើមបន្តិចជំនួសចម្លើយ ហើយក៏ហុចថ្លៃឡានអោយខ្ញុំ។ អេ៎..ខ្ញុំញ៉ោះលេងតើ កូនហ្នឹងខឹងមែនឬនេះ? អ្នកអានគិតថាម៉េចដែរ?

-អរគុណ… (ចង់និយាយពាក្យ អូន ដែរ តែមិនហ៊ាន)
-ចាស៎។

ឆ្លើយយ៉ាងពិរោះ សម្រេចថាខឹងឬមិនខឹងនេះ។ មិនដឹងថាហេតុអីបានខ្ញុំលួចសម្លឹងក្មេងម្នាក់នោះទេ តែកាយវិការរហ័សរហួនកំពុងមមាញឺកនឺងការរៀបឥវ៉ាន់នោះ ធ្វើអោយខ្ញុំមិនចង់ងាកចេញសោះ។

ទីតៗៗៗ
ឡានស៊ីផ្លេពីខាងក្រោយបញ្ជាក់អោយខ្ញុំជៀសផ្លូវគេ មនុស្សម្នាជិតៗនាំគ្នាសម្លឹងមកខ្ញុំគ្រប់គ្នា ជាពិសេសនាងតូចម្នាក់នោះ នាងមើលមកក្នុងន័យហួសជិតដែលមកចតឡានមុខផ្លូវគេបែបនេះ។ អាម៉ាសទៀតហើយ អាពៅអើយអាពៅ។

ពេលថ្ងៃត្រង់ ខ្ញុំក៏ទៅយកម៉ូយដូចសព្វដង រួមទាំងម៉ូយថ្មីផងដែរ ហិហិ។ ឆ្ងល់ដល់ហើយមួយព្រឹកពេញហើយ អារម្មណ៍មិនដឹងទៅដល់ណាទេនេះ វ៉ល់ៗរកប្រាប់មិនត្រូវ ជាពិសេសពេលនាងតូចហ្នឹងអង្គុយជិតតែម្តង។ ដោយសារថ្ងៃនេះមានគេម៉ៅកៅអីបាំងក្រោយ ទើបត្រូវអោយចែផា អែបតៃកុង។ មិនមែនខ្ញុំឆក់ឧកាសទេណា តែស្ថានការណ៍បង្ខំពិតមែន។ គ្រាន់ឃើញនាងខ្ញុំភ័យទៅហើយ ចុះទម្រាំអង្គុយកៀកបែបនេះទៀត ស្លាប់ហើយ បេះដូងនេះវាលោតស្ទើរតែធ្លាយចេញមកក្រៅទៅហើយនេះ វាកើតថីវាពេលនេះហ្នឹង!?។

-ចែ អូ៎អាផា! ផាឯងទៅអង្អុយខាងនោះវិញទៅ ហើយអោយចែមកអង្គុយត្រង់នេះវិញមក។ (ខ្ញុំឈប់ឡានរួចនិយាយប្រាប់ផា ហើយហៅចែអាវក្រហមមកខាងខ្ញុំវិញ មិនអញ្ចឹងទេយ៉ាប់មិនខាន)

-មិចហ្នឹងពូ ចង្អៀតមែន មាឌខ្ញុំធំជាងមីអូនផងហ្នឹង។ (ចែអាវក្រហមតវ៉ា)

ខ្ញុំលួចមើលមុខផា ឃើញថានាងមុខមិនស្រួល តែក៏ព្រមចុះ មិនមាត់មិនក។

-អត់អីទេមីង អង្គុយខាងនេះក៏បាន។

តិចនាងខឹងខ្ញុំទៀតទៅ….ហួសពេលហើយ ពុទ្ធោអើយអាពៅ ធ្វើអីមិនគិតសោះហើយ….!។ ពេលដល់មុខផ្ទះនាងទើបដឹងថានាងពុលឡាន ខ្ញុំជាដើមហេតុឬអត់ទេនេះ។ ពេញមួយយប់ខ្ញុំដេកមិនលក់ គិតតែពីថ្ងៃមិញ ហើយក៏ភ្លេចខ្លួននឹកស្រម៉ៃដល់មុខតូច និងសម្លេងស្រួយស្រែះរបស់នាងច្រម៉ក់នោះ គេកើតគ្រុនឬអត់ទេន៎…។
….
មួយខែក្រោយមក ថ្ងៃនេះបន្ទាប់ពីសម្រាកពីរត់ឡាន ខ្ញុំក៏មកអង្គុយសំកុកនៅមុខវិទ្យាល័យហ៊ុនសែនវាលវេញដោយយកហេតុផលល្ងីល្ងើថាមកចាប់ម៉ូយ តែតាមពិតខ្ញុំចង់ឃើញនាងទៅវិញទេ។ បន្ទាប់ពីថ្ងៃនោះ ខ្ញុំតែងតែនឹកគិតពីនាងជានិច្ច។ ទោះខ្ញុំមិនធ្លាប់ច្បាស់លាស់នឹងនរណាក៏ដោយ ក៏មិនមែនមិនដឹងថាអារម្មណ៍មួយនេះជាអារម្មណ៍អ្វីដែរ។ ស្ដាប់មើលទៅដូចជាកំប្លែងណាស់ដែលមនុស្សពេញវ័យដូចខ្ញុំទៅលួចស្រលាញ់ក្មេងស្រីរៀនថ្នាក់ទី១១ អាយុមិនទាន់ម្ភៃ ទាំងដែលបានជួបមុខត្រឹមតែមួយភ្លែតបែបនេះសោះ។ តែសម្រាប់ខ្ញុំវាពិសេសណាស់ ព្រោះខ្ញុំមិនដែលមានអារម្មណ៍បែបនេះពីមុនមកទេ។

គ្រឺងៗៗៗ
កណ្តឹងរោទិ៍ប្រាប់ថា ដល់ម៉ោងចេញទៅផ្ទះហើយ។ សិស្សជាច្រើននាំគ្នាដើរចេញមក។ ភ្នែកខ្ញុំរំពៃឃើញរាងស្តើងមួយក្នុងឈុតសិស្សសាលាសែនសម។ នាងហាក់ដូចជាឃើញខ្ញុំ ហើយក៏ងាកមុខចេញ នាងចំណាំខ្ញុំដែរទេណ៎?

មិនថាយ៉ាងណា ថ្ងៃនេះខ្ញុំនឹងនិយាយជាមួយនាងអោយបាន។ ខ្ញុំក៏ប្រមូលភាពក្លាហាន រៀបឬករៀបខោអាវរួចក៏ឈរត្រង់ផ្លូវដែលនាងនឹងដើរកាត់។

-អាផាមែនហ្នឹង? (ខ្ញុំធ្វើជាសួរដូចជួបគ្នាដោយចៃដន្យ)
នាងសម្លឹងមកខ្ញុំបន្តិច រួចក៏ញញឹមរាក់ទាក់ខ្ញុំវិញ។

-ចាស៎ ពូទៅណាមកណាមកណាដែរ?

-អ៎…មកចាប់ម៉ូយ ហេហេ។ (ខ្ញុំរកលេសមិនទាន់សោះ ពេលបានជួបនាង ភាពក្លាហានទាំងប៉ុន្មានមិនដឹងបាត់ទៅណា)

-នៅម្តុំនេះ? ថ្មើរនេះ? (នាងសួរខ្ញុំបែបអស់សំណើច)

-អ៎…គឺថា…

-បើអញ្ចឹងខ្ញុំលាសិនហើយណាពូ សូមអោយបានភ្ញៀវស្អាតៗច្រើនណា លាហើយ។ (នាងទប់សើបព្រោះខ្លាចខ្ញុំបាក់មុខ)

-អេ៎…អាផាឈប់សិន…គឺ…នេះខ្ញុំអោយអាផាឯងណា។ (ខ្ញុំហុចសៀវភៅកម្រងសំណេរភាសាខ្មែរដែលតាំងចិត្តថានឹងទិញនាង)

មិនដឹងថានាងនឹងគិតម៉េចនោះទេ តែខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាទើបទំនងទេពិតមែន។

-ចាស? ហេតុអីក៏ត្រូវអោយខ្ញុំ? (នាងសួរដោយមិនខ្លាចចិត្ត)

ហ៊ី…កូនក្មេងនេះ ម៉េចក៏សួរបែបហ្នឹង មិនដឹងទេឬថាខ្ញុំអៀនឡើងធ្វើអីមិនត្រូវទៅហើយ។

-អូ…ខ្ញុំត្រូវទៅហើយ ភ្ញៀវចាំនៅបេន បាយៗណា។

ថារួចខ្ញុំក៏បើឡានចេញទៅ ហ្អើយ…ប៊ិះនឹងទន់ជង្គង់ដួលនៅដីទៅហើយអាពៅអើយ។ តែថា…អាដែងនែ៎ក…ហិហិ មានក្តីសុខពិតមែននេះ។

(នៅមានត)

Create your website at WordPress.com
Get started