ខេត្តព្រះសីហនុ

#ខ្លះៗអំពីសាវតានៃខេត្តព្រះសីហនុ

  ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់មួុយ និងជាទីក្រុងធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខេត្តព្រះសីហនុ គឺគោលដៅកំសាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។
  កាលពីដំបូង នៅមុនគ.ស ១៩៥៥ ខេត្តនេះត្រូវបានប្រជាជនទូទៅស្គាល់ថា ក្រុងកំពង់សោម បន្ទាប់មក នៅឆ្នាំ ១៩៦៤ រាជរដ្ឋាភិបាលបានប្តូរឈ្មោះពី ក្រុងកំពង់សោម មកជាក្រុងព្រះសីហនុ វិញ ក្នុងគោលបំណងរំឮកដល់ស្នាព្រះហស្តរបស់ព្រះបរមរតនកោដ (ព្រះបាទនរោត្តមសីហនុ) លុះមកដល់ឆ្នាំ ២០០៨ ខេត្តក៏ត្រូវបានប្តូរមកជា ខេត្តព្រះសីហនុវិញ មកដល់បច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែធំបំផុតនៅឆ្នេរសមុទ្ររបស់កម្ពុជា។ អ្វីដែលយើងមិនសូវជាចាប់អារម្មណ៍ពីមុនមកនោះគឺ ខេត្តនេះស្ថិតនៅចន្លោះរវាងប្រទេសថៃនិងប្រទេសវៀតណាម។
  ដោយសារចរន្តនៃការមកទស្សនារបស់ភ្ញៀវទេសចរចេះតែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានបង្កើតព្រលានយន្តហោះដំបូងមួយ ក្នុងគោលបំណងធានាសុវត្ថិភាពនិងសម្រួលដល់ការធ្វើដំណើរអោយកាន់តែទំនើបនិងងាយស្រួលដល់ភ្ញៀវទេសចរ។ ព្រលានយន្តហោះនេះ មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ និងត្រូវបានសម្ភោធកាលពី ខែមករា ឆ្នាំ២០០៧ ដើម្បីបម្រើជើងហោះហើរពីក្រុងសៀមរាបមកកាន់ក្រុងព្រះសីហនុ ហើយក៏បានក្លាយព្រលានយន្តហោះអន្តរជាតិនៅឆ្នាំ ២០១០។
  គួរបញ្ជាក់ថាខេត្តព្រះសីហនុ មានផ្ទៃក្រឡាសរុបចំនួន ៨៦៨គម ការ៉េ ក្នុងនោះមានក្រុង ខណ្ឌ និងស្រុកចំនួន៥ រួមមាន ក្រុងព្រះសីហនុ ខណ្ឌមិត្តភាព ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងស្រុកកំពង់សិលា។ ចំណែកអាកាសធាតុវិញ ខេត្តព្រះសីហនុចាប់ផ្តើមធ្លាក់ខ្យល់រងារនៅខែវិច្ឆិកាដល់ខែកុម្ភៈ រដូវប្រាំងចាប់ពីមិនាដល់ខែឧសភា ហើយរដូវវស្សាចាប់ពីខែមិថុនាដល់ខែតុលា។ អ្វីដែលពិសេសនោះគឺ ខេត្តនេះមានភ្លៀងធ្លាក់ច្រើនជាងគេ ពីព្រោះមានភ្នំបូកគោនៅខាងជើង។ ចំពោះសីតុណ្ហភាពខ្ពស់បំផុត គឺអាចនឹងឡើងដល់៣៥អង្សា ហើយត្រជាក់បំផុតអាចនឹងចុះដល់២០អង្សា។
+ប្រវត្តិខេត្តព្រះសីហនុ
-នៅឆ្នាំ១៩៥៥ រដ្ឋាភិបាលចាប់ផ្តើមធ្វើកំពង់ផែនៅចំកណ្តាលព្រៃជិតមាត់សមុទ្រនៅកន្លែងមួយដែលបច្ចុប្បន្នត្រូវបានគេស្គាល់ថាឆ្នេរហាវ៉ៃ ដោយកំពង់ផែនេះបានសាងសង់រួចនៅឆ្នាំ ១៩៦០ក្រោមជំនួយរបស់ប្រទេសបារាំង។
-ផ្លូវជាតិលេខ៤ ធ្វើឡើងទិសដៅចេញពីភ្នំពេញមកកាន់ព្រះសីហនុ ក្រោមជំនួយរបស់សហរដ្ឋអាមេរិក។
-ចាប់ពីឆ្នាំ១៩៦៣ សំណង់ផ្សេងៗក៏ត្រូវបានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់ ដូចជាសណ្ឋាគារឯករាជ្យជាដើម។
-នៅឆ្នាំ ១៩៦៥ ផ្លូវដែកមួយខ្សែត្រូវបានសាងសង់ដោយមានទិសដៅពីភ្នំពេញមកខេត្តព្រះសីហនុ។
-អំឡុងឆ្នាំ១៩៦៦-១៩៦៨ រោងចក្រជាច្រើនក៏ចាប់ផ្តើមបង្កើតឡើង ដូចជារោងចក្រចម្រាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតម្លើងត្រាក់ទ័រ និងរោងចក្រអគ្គីសនីជាដើម។
-មកដល់ឆ្នាំ១៩៧០ ប្រទេសទាំងមូលចាប់ផ្តើមមានភាពវឹកវរ ប្រជាជនភៀសខ្លួនចេញ ដោយសាររដ្ឋប្រហារថ្ងៃទី១៨ មីនា ទម្លាក់ព្រះបាទនរោត្តមសីហនុ ដោយសេនាប្រមុខលន់ នល់ ដោយលោកឡើងកាន់កាប់ប្រទេសកម្ពុជាវិញ។
-អំឡុងឆ្នាំ១៩៧០-១៩៧៥ កំពង់ផែត្រូវបានគេប្រើសម្រាប់ផ្ទុកអាវុធដើម្បីធ្វើសង្គ្រាម។
-នៅថ្ងៃ១៣ ឧសភា ឆ្នាំ១៩៧៥ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានកាន់កាប់ក្រុងព្រះសីហនុទាំងមូល ហើយបានចាប់យកកប៉ាល់មួយរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងកម្មករដែលបានធ្វើការនៅលើកប៉ាល់នោះ ហើយអាមេរិកបានទម្លាក់គ្រាប់បែកដែលបង្កអោយក្រុងព្រះសីហនុរងការខូចខាតយ៉ាងខ្លាំង រហូតដល់ខ្មែរក្រហមយល់ព្រមប្រគល់កប៉ាល់និងមនុស្សទៅអោយសហរដ្ឋអាមេរិកវិញ។
-នៅឆ្នាំ១៩៨០ សង្គ្រាមបានបញ្ចប់ ហើយក៏មានការចាប់ផ្តើមរៀបចំទីក្រុងសារជាថ្មី។
-នៅឆ្នាំ១៩៩៧ រដ្ឋាភិបាលបានផ្តល់កន្លែងសម្រាប់អង្គការដុនបូស្កូកម្ពុជា ដើម្បីបង្កើតសាលាបច្ចេកវិទ្យាដំបូងគេមួយនៅលើបណ្តោយផ្លូវអូរ០១ សម្រាប់យុវជនក្រីក្រក្នុងតំបន់និងខេត្តផ្សេងៗដែលនៅភូមិភាគខាងត្បូងនៃប្រទេសកម្ពុជា។
-ក្រោយមក សមិទ្ធផលផ្សេងៗទៀតក៏ចាប់ផ្តើមលេចឡើងជាបន្តបន្ទាប់ ហើយសេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏មានការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

ប្រភពៈ វិគីភីឌា និង Knowlegde Hunt
រៀបរៀងឡើងវិញដោយៈ យី ចំណាន

Create your website with WordPress.com
Get started
%d bloggers like this: