នេះជាអារម្មណ៍ពិតមួយ ដែលសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថានឹងអាចទទួលយកបានឬអត់ដែរ។ ពេលខ្លះខ្ញុំសែនខ្លាចនូវអារម្មណ៍ដែលមិនស្របនឹងខួរក្បាល គឺដូចពេលនេះអញ្ចឹង សុខៗក៏ស្រាប់តែនឹកដល់មនុស្សម្នាក់ដែលឋានៈត្រឹមតែជាអ្នកដទៃ ម្នាក់ដែលមិនគួរគិតនិងនឹកដល់ទាល់តែសោះ។ ប៉ុន្តែ ខួរក្បារតូចមួយដែលមាននាទីជាអ្នកវិនិច្ឆ័យនោះ បានហាមថា កុំនឹក! ព្រោះវាដឹងថា ការដែលនឹកមនុស្សម្នាក់នោះ វាមិនបានបង្កជាផលវិជ្ជមានដល់អារម្មណ៍នោះទេ តែវាបានត្រឹមតែបង្កើតអារម្មណ៍ច្របូកច្របល់ ឯកានិង ពិបាកចិត្តប៉ុណ្ណោះ។ ហើយពេលនេះ ដោយសារអារម្មណ៍មិនស្តាប់ខួរក្បាលបែបនេះហើយ ទើបខ្ញុំកំពុងតែមិនសប្បាយចិត្តហើយរឹតតែខឹងខ្លួនឯងដែលមិនអាចបញ្ឈប់អារម្មណ៍ឆ្កួតនោះបាន។
មេរៀនមួយនេះ បានបង្រៀនខ្ញុំអោយដឹងថា ការដែលនឹកមនុស្សម្នាក់មិនមែនជារឿងខុសឆ្គងទេ អ្វីដែលឆ្គងគឺនឹកគេទាំងដែលខ្លួនឯងមិនចង់នឹកគេ តែហាមមិនអោយនឹកមិនបាន វាពិតជាខុសចំពោះខ្លួនឯងខ្លាំងណាស់ ដែលគ្មានឥទិ្ធពលសូម្បីតែបញ្ជាអារម្មណ៍របស់យើងបាន។
សរសេរដោយៈយី ចំណាន
រូបភាពៈ Pinterest