បន្ទាប់ពីថ្ងៃនោះមក ខ្ញុំក៏បានទៅលួចមើលនាងជារៀងរាល់ល្ងាចពេលដែលនាងចេញពីរៀន តែមិនអោយនាងដឹងទេ ខ្លាចនាងចាប់បាន ហើយមិនសប្បាយចិត្តនឹងខ្ញុំ។
ច្រើនថ្ងៃបន្ទាប់មកក៏មានលេខប្លែកមួយខលចូលមក។
-អាឡូ ជំរាបសួ។
-អាឡូពូ នេះម៉ាក់គាត់ចង់និយាយជាមួយ
-….
ព្រះអើយ នេះគឺផាតើ ហើយនេះលេខរបស់នាងឬយ៉ាងណាណ៎
-អាឡូ ពៅ ស្អែកនេះមិនបាច់ចូលយកខ្ញុំទេណា ។
-អ៎ បាទ។ តែមានបញ្ហាអ្វីទេមីង?
-ឪវាមិនស្រួលខ្លួន គិតថាស្អែកនេះជូនគាត់ទៅពេទ្យបន្តិច។
-បាទ មិនអីទេអញ្ចឹង ជូនពរពូអោយឆាប់ជាណាមីង។
-ហ្នឹងហើយ អរគុណ បានហើយណា ខ្ចីទូរស័ព្ទកាផានិយាយផង។
-បាទ។
គ្រាន់តែឮថា នេះជាលេខផា ខ្ញុំរំភើបឡើងចង់ហោះទៅហើយ។ តែគិតថាឯងហ៊ានខលទៅដែរទេហ្នឹងហ្អាស អាពៅ? ចម្លើយគឺមិនហ៊ានទេ បានត្រឹមតែថតលេខនាងទុកប៉ុណ្ណោះឯង។
មួយខែក្រោយមក
លេងៗកន្លះឆ្នាំហើយដែលខ្ញុំលួចស្រលាញ់ផា តែមិនហ៊ានប្រាប់ គិតទៅខ្ញុំមិនដែលដឹងថាខ្លួនឯងកំសាកដល់ថ្នាក់នេះសោះ។
អត់ទេ មិនថាយ៉ាងណាទេ ខ្ញុំត្រូវតែសាក បើមិនសាកមិចនឹងដឹងថាលទ្ធផលបែបណានោះ។
បន្ទាប់ពីគិតច្រើនថ្ងៃមក ខ្ញុំក៏សម្រេចចិត្តខលទៅលេខនាង។ ខលដំបូងនាងមិនស្គាល់ខ្ញុំទេ ថែមទាំងថាខ្ញុំខលច្រលំលេខទៀត ហើយក៏បិទទៅ។ ថ្ងៃបន្ទាប់ខ្ញុំក៏សាកផ្ញើរសារទៅនាងម្តង តែនាងមិនតបទេ រហូតដល់រលងបានបីថ្ងៃខ្ញុំសាកក៏ខលទៅនាងម្តងទៀត តែខលមិនចូលសោះ ឬនាងប្លុកលេខខ្ញុំទៅហើយ។ លើកនេះ ខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងចម្លែក ហេតុអ្វីក៏មិនអាចក្លាហានជាងនេះបន្តិចទៅ? ហុឺម មានតែកាត់ចិត្តទេ។
ជាច្រើនសប្តាហ៍ហើយដែលខ្ញុំព្យាយាមបានបន្លប់ចិត្តខ្លួនឯងមិនអោយនឹកក្មេងស្រីម្នាក់នោះ ដោយបន្ថែមការងារអោយកាន់រវល់។ ប៉ុន្តែនៅព្រឹកនោះខ្ញុំក៏បានជួបនាងវិញម្តងទៀត ហើយអារម្មណ៍ដែលព្យាយាមមិននឹកនាក៏កើតមានឡើងវិញ។ ដោយសារតែកាលនោះជាពេលវ៉ាកងធំ ក្រៅពីរៀនគួរ នាងក៏មានពេលមកជួយលក់ម្តាយរបស់នាង ជាហេតុធ្វើអោយខ្ញុំនិងនាងបានជួបគ្នាញឹកញាប់ហើយអ្វីដែលមិនដែលនឹកស្មាននោះ គឺទំនាក់ទំនងនាងនិងខ្ញុំក៏ជិតស្និទ្ធជាងមុនដោយមិនចាំបាច់គិតច្រើនរកវិធីដូចកាលមុនទៀត។ វាជាឱកាសល្អហើយមែនទេអ្នកអាន? តែគ្មានអ្វីដែលងាយដូចយើងគិតនោះទេ ពេលដែលបានស្គាល់នាងច្បាស់ ខ្ញុំកាន់តែស្រលាញ់ចូលចិត្តនាងលើសដើមស្របពេលដែលបានដឹងថា ការពិតនាងមានសង្សារហើយ ហើយពួកគេរៀនជាមួយគ្នាទៀតផង។ វាពិតពិបាកដកចិត្ត ពិបាកបញ្ឈប់ ហើយរឹតតែពិបាកនិយាយការពិតប្រាប់នាង។ កាន់តែស្រលាញ់កាន់តែខ្លាច ខ្លាចថាពេលដែលប្រាប់ទៅហើយនឹងអាចបាត់បង់នាង។
-នែ៎ពូ! ភ្លឹកដល់ណាហើយហ្នឹង ហួសផ្ទះខ្ញុំឥឡូវហើយ។
ផាវាយខ្ញុំមួយដៃផាំង ភ្ញាក់ព្រើតពីអារម្មណ៍រវើរវាយ។
-នេះឈឺណាស់ដឹងទេ!
ដោយសារអារម្មណ៍ស្មុគស្មាញផង ខ្ញុំស្រាប់តែដំឡើងសម្លេងដាក់នាង ធ្វើអោយនាងរាងទម្លាក់ទឹកមុខចុះបន្តិចហើយនិយាយថា “សុំទោស” រួចក៏បើកទ្វារឡានចេញទៅ។
ខ្ញុំដឹងថានាងអន់ចិត្តនឹងខ្ញុំ ព្រោះនេះមិនមែនលើកទីមួយទេដែលនាងវាយខ្ញុំ តែលើកនេះបែរជា ហុើយ…
យប់បន្តិចខ្ញុំក៏ដាច់ចិត្តខលទៅនាង តែលោត waiting ប្រហែលនាងកំពុងនិយាយជាមួយសង្សារនាងហើយ។ បានហើយអាពៅ ដេកទៅគេមិនខ្វល់ពីឯងទេ គេមិនចាប់អារម្មណ៍នឹងគិតផងថាហេតុអីក៏ឯងក្លាយជាបែបនេះ។
គ្រឺងៗៗ
ទូរស័ព្ទក៏រោទិ៍លោតឈ្មោះអ្នកណាជាអ្នកខលមក
គឺផា…
នាងសួរខ្ញុំថាមានការអីមែនទេ បានខលទៅ ខ្ញុំថាមិនអីទេច្រលំដៃ។ នាងមិនមាត់តែក៏មិនបិទ ខ្ញុំក៏ដាច់ចិត្តនិយាយពាក្យដែលចង់និយាយ
-សុំទោសផងរឿងល្ងាចមិញ
-រឿងអី?
-រឿងដែលគំហ៊កដាក់ផា។
-ពូមិនខុសទេ ជាកំហុសខ្ញុំ បើពូមិនចូលចិត្តថ្ងៃក្រោយខ្ញុំឈប់លេងអ្វីបែបនោះទៀតហើយ ម្យ៉ាងទៀតខ្ញុំសឹងតែភ្លេចទៅហើយថា ខ្ញុំនិងពូមិនបានជិតស្និទ្ធដល់ថ្នាក់លេងបែបនោះបានទេ សុំទោសផង។
-មិនមែនអញ្ចឹងទេ។
-ពូកុំគិតច្រើនអី មនុស្សចាស់ស្តីអោយក្មេងមិនមែនជារឿងប្លែកទេ។
-នេះចង់ថាខ្ញុំចាស់ហ្អេស?
-ហាហា ទទួលទៅពូមិនបាច់គេដាស់តឿនទេ។
ពួកយើងក៏សើច កិច្ចសន្ទនានេះក៏ចេះតែបន្តទៅប្រហែល១០នាទី ពួកយើងក៏បិទដេករៀងខ្លួន។ តែខ្ញុំដេកមិនលក់ទេ ព្រោះនាងបាននិយាយថានាងខលមកលាទេ ព្រោះនាងត្រូវចូលរៀនវិញហើយ។ នេះបានន័យថាខ្ញុំលែងបានជួបនាងទៀតហើយមែនទេ? មិនមែនទេ ព្រោះខ្ញុំនឹងទៅលួចមើលនាងដូចលើកមុនទៀត ហាហា ម្យ៉ាងទៀតខ្ញុំក៏អាចខលទៅលេងនាងដោយមិនចាំបាច់កំសាកដូចមុនដែរ។
ដោយសារខ្លាចរំខាននាង ខ្ញុំមិនសូវហ៊ានខលទៅលេងនាងទេ តែផ្ញើរសារ និងឆាតទៅជំនួសតែក៏មិនសូវជាញឹកញាប់ដែរ ព្រោះខ្លាចនាងដឹង។ មានថ្ងៃមួយ ថ្ងៃដែលខ្ញុំចាំមិនភ្លេចគឺ ខ្ញុំបានសារភាពប្រាប់នាងលើកដំបូង តែនាងបានបដិសេធ នាងប្រាប់ថានាងសុំទោស ទោះយ៉ាងណាខ្ញុំក៏បានដឹងចម្លើយនិងហេតុផលមុនរួចហើយ ហើយក៏បានត្រៀមចិត្តរួចរាល់ដែរ ទោះបីជានាងមិនប្រាប់ខ្ញុំក៏ដោយ។ តែនាងសួរថាខ្ញុំថា
-បើខ្ញុំបដិសេធពូតើពូនឹងស្អប់ខ្ញុំហើយឈប់រាប់អានខ្ញុំទេ?
និយាយតាមត្រង់នាងពិតជាក្លាហានណាស់ដែលហ៊ានសួរបែបនោះដោយមិនខ្លាចខ្ញុំខឹង។ តែចំណុចត្រង់ទៅត្រង់មកនេះហើយ ទើបខ្ញុំលង់ស្នេហ៍នាងរហូតមកដល់ពេលនេះ។
-ចុះបើខ្ញុំប្រាប់ផាថា ខ្ញុំឈប់រាប់អាននាង ហើយប្តូរមកតាមស្រលាញ់នាងវិញ?
-….
-ខ្ញុំដឹងថាខ្ញុំមិនសមនឹងនាង ហើយក៏ដឹងថានាងមានមនុស្សដែលពេញចិត្តហើយដែរ តែដរាបណាខ្ញុំនៅស្រលាញ់ផា តើខ្ញុំអាចនៅបែបនេះបានទេ? ផាអាចនិយាយប្រាប់ខ្ញុំនៅពេលផាមិនសប្បាយចិត្តក៏បាន…
-ខ្ញុំគ្មានសង្សារទេពូ។
-…
-ខ្ញុំធ្លាប់មាន តែបែកគ្នាយូរហើយ ដោយសារហេតុផលមួយដែលខ្ញុំមិនដែលនឹងគិតស្មានដល់។
-….
-ខ្ញុំមិនជ្រើសយកពូ មិនមែនពូមិនសមនឹងខ្ញុំទេ ហើយក៏មិនមែនខ្ញុំមិនចូលចិត្តពូដែរ ពូជាមនុស្សល្អ។
-…
-តែខ្ញុំមានហេតុផលផ្ទាល់ខ្លួនណា សង្ឃឹមថាពូនឹងយល់ ហើយបើពូពិតជាស្រលាញ់ខ្ញុំមែននោះ ពូនឹងចាំបានទេ?
អ្នកអានច្បាស់ជាដឹងហើយខ្ញុំឆ្លើយបែបណានោះ។ ដឹងទេថាគ្រាន់តែនាងបើកចិត្តប្រាប់ខ្ញុំប៉ុណ្ណេះ ក្តីសង្ឃឹមក៏មានម្តងទៀតទោះមិនច្រើនក៏ដោយ ក៏ខ្ញុំមិនចុះចាញ់ដែរ។
ច្រើនខែកន្លងមកពួកយើងតែងតែទាក់ទងគ្នាដដែល ទោះមិនមែនជាសង្សារក៏ដោយ ក៏គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូន ហើយខ្ញុំក៏ប្រមូលភាពក្លាហានដែលខំសន្សំមកជាយូរហើយ មកប្រាប់នាងពីអារម្មណ៍ខ្ញុំម្តងទៀត។ តែ…
-សុំទោសផងណាពូ សុំទោសពិតមែន។
នេះជាចម្លើយ លើកទីពីរនេះវាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមម្តងទៀតព្រោះរយៈពេលកន្លងមកនេះ ខ្ញុំបានបង្ហាញអស់ហើយពីទំហំនៃក្តីស្រលាញ់ដែលតែងតែមានចំពោះនាង តែទីបំផុតវានៅតែមិនគ្រប់គ្រាន់នឹងអោយនាងស្រលាញ់ខ្ញុំវិញ។ លើកនេះខ្ញុំក៏ចាប់ផ្តើមរក្សាគម្លាតរវាងខ្ញុំនិងនាង ព្រោះដើម្បីអោយខ្លួនឯងមានឱកាសបំភ្លេចនាងបាន។ ពួកយើងមិនបានទាក់ទងគ្នាញឹកញាប់ដូចមុនទេ ដោយយកលេសថាមិនចង់រំខាននាង ព្រោះជិតប្រលងបាក់ឌុប។ រហូតដល់យប់មួយមុនថ្ងៃប្រលង ខ្ញុំបានផ្ញើរសារជូនពរនាង តែគ្មានសូម្បីតែពាក្យថាអរគុណតបមកវិញ។ កាន់តែឃ្លាតកាន់តែនឹក ពិបាកដល់ហើយ ក្មេងស្រីម្នាក់នោះពិតជាឃោរឃៅដាក់ខ្ញុំពេកហើយ។
ពីរថ្ងៃក្រោយ តាមខ្ញុំដឹងផានាងបានប្រលងហើយរួចរាល់ហើយ ចង់ដឹងណាស់ថានាងយ៉ាងណាហើយ។
ទឺតៗៗ សម្លេងសារបានដាស់ខ្ញុំពីការគិតផ្តេសផ្តាស ហើយចុចមើលសារយ៉ាងលឿនព្រោះវាជាសារពីមនុស្សម្នាក់ដែលខ្ញុំកំពុងគិតដល់។
-អរគុណណាស់ពូ។
គ្រាន់តែតបប៉ុណ្ណេះ ធ្វើអោយខ្ញុំបាត់សេដមួយរំពេច ហើយញញឹមឡើងចង់រឹងថ្គាមទៅហើយ។ ខ្ញុំក៏សុំនាងខលទៅហើយនិយាយសួរសុខទុក្ខខ្លះៗក្នុងនាមជាមនុស្សចាស់ជាង។
– ពូនៅគិតចំពោះខ្ញុំដូចមុនទេ?
កូននេះមើលសួរ
-មិនដែលគិតទេ មិនដែលគិតថានឹងឈប់ទេ។
ហិហិ អៀនណាស់
-ពូនៅចាំបានទេ កាលខ្ញុំធ្លាប់ប្រាប់ពូថាខ្ញុំនិងសង្សារបែកគ្នាដោយសាររឿងមួយដែលខ្ញុំមិននឹងស្មានដល់?
-បាទ
-ពូចង់ដឹងទេ?
-ចង់ដឹងគ្រប់យ៉ាង។
-គឺដោយសារពូហ្នឹងហើយ ខ្ញុំមិនដែលគិតថាខ្ញុំអាចចូលចិត្តពូទេព្រោះពូមើលទៅមិនគួរអោយចូលចិត្ត ហាហា។
-ហើយយ៉ាងម៉េចវិញទៅអញ្ចឹង?
-គឺតាមពិតទៅពូជាមនុស្សមិនគួរអោយចូលចិត្តពិតមែន តែខ្ញុំនៅតែចូលចិត្តពូ។
នាងតូចនេះច្បាស់ជាមិនដឹងថា ពាក្យសម្តីនាងមានឥទិ្ធពលមកលើទ្រូងខាងឆ្វេងនេះខ្លាំងប៉ុណ្ណានោះ។
-ដោយសារបែបនេះហើយទើបខ្ញុំមិនអាចបន្តនឹងសង្សារចាស់ខ្ញុំបាន ហាហាហា ពូគិតថាកំប្លែងទេ?
-អត់ទេ ជារឿងដែលគួរអោយត្រេកអរដែលផានិងគេបែកគ្នា ហាហាហា។
-តួចិត្តអាក្រក់។
-ចុះហេតុអីពេលនោះផាមិនព្រមទទួលយកខ្ញុំ?
-ពូចាំបានទៀតទេថា ខ្ញុំមានហេតុផលមួយនោះអី។
-យ៉ាងណាទៅ?
-ដោយសារឆ្នាំប្រលងខ្ញុំរវល់រៀនយ៉ាងខ្លាំង ខ្ញុំខ្លាចថាខ្ញុំនឹងគ្មានពេលអោយពូគ្រប់គ្រាន់ ខ្ញុំនៅក្មេងខ្លាចថានឹងអាចអោយពូពិបាក។
-ក្មេងឆ្កួត។
-អ្វីដែលខ្ញុំខ្លាចជាងគេនោះគឺ ខ្ញុំខ្លាចថាពូគ្រាន់តែយកខ្ញុំលេងសើចតែប៉ុណ្ណោះ។
-យ៉ា់ប់ណាស់ គិតតែឯង ធ្វើបាបទាំងគេទៀត។
-ហើយពេលនេះក៏នៅតែមិនជឿ។
-អុញ តើអោយគេចាំប៉ុន្មានឆ្នាំទៀតទៅអញ្ចឹង?
-បើពូស្រលាញ់ខ្ញុំមែនពូចាំបានហើយ ហាហា។
-ចាំយូរហើយ មិនចង់ចាំទៀតទេ។
ក្រោយភ្លៀងមេឃស្រលះពិតមែន ចាប់ពីពេលនោះមកផាក៏បានយល់ព្រមធ្វើជាសង្សារខ្ញុំ ហើយនាងក៏ទៅរៀនបន្តនៅសកលវិទ្យាល័យមួយបន្ទាប់ពីប្រលងជាប់បាក់ឌុប។ មិនយូរប៉ុន្មានគ្រួសារទាំងសងខាងក៏បានដឹងរឿងពួកយើង ហើយពួកគាត់ក៏មិនហាមឃាត់អីដែរ មានតែបន្ទាន់អោយខ្ញុំឆាប់ចូលដណ្តឹងនាង ខ្ញុំមិនដែលរារែកនឹងចូលតាមប្រពៃណីទេ តែរាល់ពេលដែលខ្ញុំនិយាយរឿងរៀបការនាងក៏និយាយតបថា
-ខ្ញុំនៅក្មេងណាស់ បងមិនខ្លាចថានឹងពិបាកចិញ្ចឹមខ្ញុំទេយ៉ាងម៉េច?
ចម្លើយដដែលៗបីឆ្នាំជាប់គ្នា ឡើងខ្ញុំចាំទៅហើយ។
-បងសម្លាញ់ ចាំពេលរៀនចប់ណា អូខេទេ? អូនសន្យា ថានឹងដណ្តឹងបងវិញ ហាហា។
ហើយនេះជាពាក្យដដែលៗដែលនាងតែងលួងខ្ញុំ ហើយតែងតែបានផល។
១ឆ្នាំក្រោយមក
ចូលស្តីដណ្តឹងខ្ញុំមែន ហាហា និយាយលេងទេ។ ពួកយើងទាំងពីរក៏បានរៀបការកសាងគ្រួសារជាមួយគ្នា។ ផាមានការងារមួយហើយបន្ថែមរបរលក់របស់របរតិចតួចនៅផ្ទះទៀត ឯខ្ញុំប្រកបរបរដដែល។ រៀបការបាន១ឆ្នាំ ផាក៏បានបង្កើតកូនប្រុសភ្លោះពីរនាក់អោយខ្ញុំជាចំណងអាពាហ៍ពិពាហ៍ គឺ វណ្ណ: និងវណ្ណា ដែលគ្រប់គ្នាស្គាល់ថា អាភ្លោះ នេះឯង។ ជីវិតខ្ញុំពិតជាសំណាងណាស់ដែលបានជួបមនុស្សស្រីម្នាក់ដែលព្រមទទួលយកខ្ញុំហើយរួមរស់ជាមួយគ្នាដោយមិនខ្វល់ថាអតីតកាលខ្ញុំជាមនុស្សបែបណា ខិលខូចយ៉ាងណា។ ខ្ញុំពិតជាអរគុណប្រពន្ធខ្ញុំខ្លាំងណាស់។
វិលមកបច្ចុប្បន្ន ពេលនេះអាភ្លោះទាំងពីររបស់ខ្ញុំមានអាយុ ៣ឆ្នាំ ហើយខ្ញុំនិងប្រពន្ធរៀបការបាន៤ឆ្នាំហើយ។
គ្រឺងៗៗ សម្លេងទូរស័ព្ទរោទិ៍លោតឈ្មោះ ម៉ែអាភ្លោះ ឡើងមក ធ្វើអោយខ្ញុំញញឹម។
-បងសម្លាញ់ កុំភ្លេចចូលទិញទឹកដោះគោអោយកូនផងណា។
-បាទៗម៉ែអាភ្លោះ។
ទោះបីជាជីវភាពមិនសូវជាសម្បូរទ្រព្យ តែសុភមង្គលក្នុងគ្រួសារគឺពេញលេញសម្រាប់ខ្ញុំនិងប្រពន្ធកូន ហើយខ្ញុំពិតជាពេញចិត្តនឹងអ្វីៗដែលខ្ញុំកំពុងមានខ្លាំងណាស់។
ចប់ដោយបរិបូរណ៍
និពន្ធដោយ យី ចំណាន
អរគុណសម្រាប់ការចំណាយពេលអាន
អរគុណដល់ពូប៉ាអាភ្លោះចំពោះសាច់រឿងផ្ទាល់របស់ពូ។ ជូនពរអោយក្រុមគ្រួសារពូជួបតែសុភមង្គល និងសេចក្តីសុខចម្រើន។