បណ្ណាល័យផ្តើមស្នេហ៍ (ភាគទី១)

តាមរយៈចំណងជើង អ្នកអានមួយចំនួនច្បាស់ជាគិតថាតួឯកស្រីប្រាកដជាសិស្សពូកែដែលមួយថ្ងៃៗគិតតែពីអង្គុយក្នុងបណ្ណាល័យអានសៀវភៅស្រាវជ្រាវមេរៀនអ្វីបែបនោះហើយ ឈប់យល់ច្រលំទៅណា វាមិនដូចអ្នកទាំងអស់គ្នាគិតទេ😎😎។

ខ្ញុំឈ្មោះ ភានី សព្វថ្ងៃជានិស្សិតឆ្នាំទី២ផ្នែកអក្សរសាស្រ្តនៅសកលវិទ្យាល័យមួយនៅឯទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំជ្រើសយកជំនាញនេះគឺដោយសារខ្ញុំមិនដឹងរៀនជំនាញអ្វីក្រៅពីនេះឡើយ។ គឺថាកាលនៅវិទ្យាល័យ ខ្ញុំជាសិស្សម្នាក់ដែលមិនពូកែស្ទើរតែគ្រប់មុខវិជ្ជា ហើយលទ្ធផលបាក់ឌុបវិញគឺថាប៊ិះធ្លាក់តែម្តង កុំតែបានមុខវិជ្ជាភាសាខ្មែរយោងទេ។ ហេតុផលមួយទៀតគឺ ខ្ញុំរកឃើញចំនុចពូកែផ្ទាល់ខ្លួនមួយទាក់ទងនឹងជំនាញនេះ គឺ ខ្ញុំចូលចិត្តនិងពូកែអានសៀវភៅ តែកុំច្រលំអីណា គឺសៀវភៅរឿងប្រលោមលោកទេប្រិយមិត្ត។ក្រៅពីចូលចិត្តអាន ខ្ញុំក៏តែងតែសរសេរផងដែរ (រឿងស្នេហាទេ) ហើយក៏បង្ហោះទុក(អោយខ្លួនឯង) មើលជាការកំសាន្តពេលទំនេរ។ មកទល់ឥឡូវក៏ខ្ញុំនៅតែចូលចិត្តនិងតែងតែលួចគេចម៉ោងរៀន (ដែលមិនចូលចិត្ត) មកបណ្ណាល័យរកសៀវភៅ(រឿង)មកអាន និងសរសេរ (ជាញឹកញាប់) ដដែល តែបើខ្ញុំប្រាប់ថា ខ្ញុំជាសិស្សឆ្នើមម្នាក់ប្រចាំថ្នាក់នោះ អ្នកអានជឿដែរទេ😎😎?

ខ្ញុំជាអ្នកខេត្ត ដូច្នេះហើយក្រៅពីផ្ទះជួល សាលា ថ្នាក់រៀន គឺបណ្ណាល័យសារធាណៈក្បែរសាលានេះហើយដែលជាកន្លែងដែលខ្ញុំតែងតែទៅ ព្រោះខ្ញុំមិនសូវមានមិត្តភក្តិទេ ថាខ្ញុំឬកក៏បាន តែនិយាយទៅខ្ញុំមិនសូវមានមិត្តតាំងពីដើមមកម្ល៉េះ ហើយក៏មិនចូលចិត្តនិយាយជាមួយអ្នកណាច្រើនដែរ។
ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ដូចរាល់សប្តាហ៍គឺមានម៉ោងចិត្តវិទ្យា ជាម៉ោងដែលគួរអោយធុញបំផុត។ ដូចសព្វដង ខ្ញុំក៏គេចមកបណ្ណាល័យ ហើយពេលនេះខ្ញុំកំពុងដើររំពៃភ្នែករកមើលសៀវភៅប្រលោមលោកដើម្បីអាន ហិហិ។ ខ្ញុំចូលចិត្តមកទីនេះមិនមែនដោយសារសៀវភៅមួយមុខទេ តែដោយសារសង្ឃឹមថា ខ្ញុំនឹងអាចជួបមនុស្សម្នាក់នោះ..

1ឆ្នាំមុន

ចាំបានថាថ្ងៃនោះជាថ្ងៃចូលរៀនដំបូង តែខ្ញុំមករៀនយឺតមួយម៉ោងដោយសារម៉ូតូបែកកង់។ មកដល់សាលាក៏ត្រូវសន្តិសុខមិនអោយចូលទៀត ហើយអ្វីដែលធ្វើអោយថ្ងៃនោះចង្រៃខ្លាំងខុសធម្មតា គឺ “ដាច់ស្បែកជើង” ធ្វើអោយខ្ញុំត្រូវបណ្តើរម៉ូតូរកមើលហាងកាហ្វេមួយជិតនោះទាំងជើងទទេរកាត់ភ្លៀងដូចជាកូនឆ្កែធ្លាក់ទឹកយ៉ាងអញ្ចឹង។ មកដល់មុខបណ្ណាល័យសាធាណរៈមួយ ស្រាប់តែភ្លៀងធ្លាក់មកកាន់តែខ្លាំង ធ្វើអោយខ្ញុំសម្រេចចិត្តឈប់ជ្រកនៅទីនោះតែម្តងទៅ។ បើចាំមិនអោយខុសទេ គឺពេលនោះមុខរបស់ខ្ញុំយ៉ាប់មើលខ្លាំងណាស់ សាកស្រម៉ៃមើលទៅអ្នកអាន ថាក្មេងស្រីតែងខ្លួនស្រែៗម្នាក់ទទឹកខ្លួនជោគ គ្មានសូម្បីតែស្បែកជើងនោះ ដើរចូលទៅក្នុងបណ្ណាល័យដែលមានមនុស្សកំពុងតែឈ្ងោកមុខអានសៀវភៅយ៉ាងស្ងៀមស្ងាត់ វាយ៉ាងណាដែរ។

“គ្រេក”
សម្លេងទ្វារបើក ធ្វើអោយគ្រប់គ្នាងាកមកតាមសម្លេងក៏ឃើញទស្សនីយភាពដ៏គួរអោយសង្វេគមួយ។ សៀវភៅដែលនៅលើដៃមុននេះមានអ្នកផ្តោតអារម្មណ៍អាននោះ ក៏ត្រូវបានខ្ញុំជំនួសដោយក្លាយជាចំណីភ្នែករបស់មនុស្សក្នុងបណ្ណាល័យវិញ។ ពួកគេកំពុងសម្លឹងមកខ្ញុំដោយក្រសឺភ្នែកបញ្ជាក់ន័យខុសៗគ្នា ។
ខ្មាសគេណាស់!!!
ចេញក្រៅវិញមិនកើត មានតែអត់ទ្រាំធ្វើមិនដឹងមិនឮដើររកកន្លែងកៀនបំផុតតាមតែអាចតែធ្វើបាន។ រកកន្លែងគួរសមបានហើយ ខ្ញុំក៏ប្រញាប់យករបស់របរពីក្នុងកាតាបមកសំដិលអោយស្ងួតខ្លះ រួចក៏ទៅបន្ទប់ទឹកមួយភ្លេត។
ត្រលប់មកវិញ ស្រាប់តែឃើញពែងតែមួយមានទឹកតែជិតពេញដែលនៅក្តៅហ៊ុយៗនៅឡើយដាក់លើតុ ដោយមានស្ទីគើពណ៌លឿងមួុយបិទជាប់នឹងមាត់ពែងផងដែរ។

“ហើយអ្នកណាមកអង្គុយផឹកតែនៅទីនេះ?” ខ្ញុំគិតក្នុងចិត្ត
រៀបនឹងអង្គុយក៏បានប្រទះនឹងអក្សរដែលសរសេរយ៉ាងមានរបៀបនៅលើស្ទីគើនោះ។

“ជួបរឿងដែលធ្វើអោយមិនសប្បាយចិត្តមែនទេ? សាកញញឹមទៅនឹងឃើញរឿងដែលធ្វើអោយសប្បាយវិញហើយ :)”

ភ្លាមនោះខ្ញុំក៏ស្រាប់ញញឹមចេញមក មិនមែនរំភើបអីទេ តែអស់សំណើចទៅនឹងទស្សនៈផ្ទុយមួយនោះវិញទេ ហាហា កំប្លែងមែនហើយ ញញឹមហើយនឹងអាចរករឿងឃើញសប្បាយចិត្តហ្អេស?😂
ក្រលេកឃើញពែងតែ ធ្វើអោយខ្ញុំញញឹមម្តងទៀត អារម្មណ៍ប្រាប់ថាតែមួយពែងនេះគឺត្រូវបានឆុងសម្រាប់ខ្ញុំ ហិហិ ហើយអ្នកណាអីស្វីតយ៉ាងនេះហ្ន៎ ។ មិនចាំយូរ ខ្ញុំក៏លើកពែងក្រេបយករសជាតិទឹកតែនោះដោយភ្លេចនឹកគិតថាវាអាចនឹងមានថ្នាំពុលដូចក្នុងកុនដែរឬអត់។ បើបែបនោះមែនខ្ញុំច្បាស់ស្លាប់ហើយមិនមែននិយាយច្រើនតាប៉ែអោយអ្នកអានសុាំចិត្តយ៉ាងនេះទេ ហាហា។ ផ្ទុយទៅវិញ តែនោះឆ្ងាញ់ណាស់ រសជាតិវាចត់ តែបែរជាខ្ញុំចូលចិត្តវាទៅវិញ។
អរគុណណាស់ម្ចាស់ទឹកតែ😊
ចាប់ពីថ្ងៃនោះមក ខ្ញុំក៏តែងតែមកទីនេះដើម្បីអានសៀវភៅផង និងដើម្បីចាំមើលថាតើអ្នកណាជាម្ចាស់ស្ទីគើនិងតែមួយពែងនោះផង។
ប៉ុន្តែ…នេះខ្ញុំចាំឡើងពីរឆ្នាំហើយ សូម្បីតែភេទនិងស្រមោលរបស់ស្រមោលមនុស្សម្នាក់នោះក៏មិនដឹងមិនឃើញដែរ។

វិលមកបច្ចុប្បន្ន

“អ៎ នោះណ៎ឃើញហើយ” ខ្ញុំគិតហើយញញឹមក្នុងចិត្តរួចលូកដៃឈោងយកសៀវភៅមួយក្បាលដែលនៅលើធ្នើរខ្ពស់ផុតក្បាល។ តែអេ៎ ម៉េចបានទាញមិនចេញ ជាប់ស្អីអញ្ចេះ?!

-អ៊ិះៗៗ

សៀវភៅមួយក្បាលនេះបែបចង់អោយខ្ញុំប្រើកម្លាំងហើយមើលទៅ។ ខ្ញុំទាញមួយអស់ដៃធ្វើអោយវិះនឹងផ្ងារក្រោយ ព្រោះខំជំអើតជើងទាញវាមក។

-អត់ទោសអ្នកនាង សៀវភៅនេះខ្ញុំបានឃើញមុន។

-វ៉ាស!។!

ខ្ញុំភ្ញាក់អោយព្រើត បន្ទាប់ពីមានសម្លេងគ្រលស្រាលមួយបន្លឺមកយ៉ាងក្បែរត្រចៀក។
ខ្ញុំងាកមកតាមសម្លេងនោះ ក៏ឃើញមុខសៗរបស់បុរសម្នាក់កំពុងអោនមកតាមប្រឡោះសៀវភៅដែលមានចម្ងាយតែមួយចំអាមប៉ុណ្ណោះពីមុខរបស់ខ្ញុំ។ ត្រឹមតែមួយវិនាទីនៃការប្រសព្វកែវភ្នែកដែលមានពណ៌ទង់ដែងចាស់មួយគូនោះ ធ្វើខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចខ្សែភ្លើងឆក់ សសៃឈាមរត់ឆ្លាស់គ្នាខុសប្រក្រតី គ្រប់យ៉ាងហាក់ដូចជាមន្តអាគមដែលធ្វើអោយខ្ញុំក្លាយជាញ័រញាក់មួយរំពេច។ ដឹងខ្លួនឡើងវិញក៏ប្រញាប់ដកដៃចេញ ហើយក៏ដើរចេញទៅទូសៀវភៅនៅជ្រុងម្ខាងទៀតដោយមិនភ្លេចងក់ក្បាលដាក់គេបន្តិចជាការសុំទោស។
អាម៉ាស😣😣

-នាងនីអើយ ខ្មាសគេណាស់។

ខ្ញុំបន្ទោសខ្លួនឯង ហើយក៏រកឃើញសៀវភៅមួយក្បាលទៀតរួចដើរទៅកន្លែងកត់ឈ្មោះ។ តាមពិតទៅចេះតែរើសអោយតែបានទេ ព្រោះសៀវភៅគោលដៅនោះត្រូវគេយកមុនទៅហើយ។ចាំលើកក្រោយក៏បានដែរ។

-ចំណងជើងទាក់ទាញ គួរអោយចង់អានណាស់។

សម្លេងប្រហែលៗបានធ្វើអោយខ្ញុំងាកទៅរកម្ចាស់សម្លេង ក៏ប្រទះកែវភ្នែកទង់ដែងមួយគូនោះម្តងទៀត ខ្ញុំប្រញាប់បែរមកក្រដាសកត់ឈ្មោះវិញយ៉ាងលឿន។
ឌឹបៗៗៗ
ព្រះអើយ នេះស្អីហ្នឹង ភ័យម្ល៉េះ😱😱😱
“រំងាប់អារម្មណ៍ៗនាងនី ឯងគ្រាន់តែភ័យខ្លាចគេនឹងចោទឯងថាមិនចេះមើលប៉ុណ្ណោះ”

-ចាស៎

ខ្ញុំតបទៅគេវិញ ដោយអោនមុខសរសេរឈ្មោះនិងចំណងជើងសៀវភៅ។

-ប្តូរគ្នាអានទេ?

គេសួរយ៉ាងមានភាពជាមិត្ត តែភានីខ្ញុំនៅតែជាភានីដដែល 😑

-អត់ទេ អរគុណ។
ថារួចខ្ញុំក៏ដើរចេញទៅ (ម្តុំផ្ទះអ្នកសរសេរគេហៅថា “ឈ្លើយ”)។
តាមពិតទៅខ្ញុំមិនបានចង់វាយឬកទេ ពេលខ្លះក៏ចង់ចងមិត្តនឹងគេឯងដែរ តែវាពិបាកណាស់សម្រាប់ខ្ញុំព្រោះខ្ញុំធ្លាប់ត្រូវបានគេបដិសេធក្នុងការរាប់អានក៏ដូចជាការចូលក្រុមផ្សេងៗទៀត កាលនៅរៀនវិទ្យាល័យ ព្រោះខ្ញុំមិនពូកែ ដូច្នេះហើយគេមិនត្រូវការមនុស្សខួរក្បាលបង្កងដូចខ្ញុំចូលរួមក្រុមឡើយ វាគ្មានប្រយោជន៍។ បទពិសោធន៍ទាំងនោះហើយ បានប្រែអោយខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលពិបាកក្នុងការទំនាក់ទំនង ហើយគិតថាធ្វើអ្វីតែម្នាក់ឯងគឺល្អជាង ខុសត្រូវអីគឺទទួលដោយខ្លួនឯង។
sad truth😔😔
ទៅដល់ផ្ទះជួលវិញ បន្ទាប់ពីមើលមេរៀននិងរៀបចំសៀវភៅដែលត្រូវរៀនរួចហើយ ខ្ញុំក៏យកសៀវភៅដែលទើបតែខ្ចីបានមកអាន។
“ក្នុងបេះដូងមានស្នេហ៍”
គ្រាន់តែឃើញចំណងជើង ក៏ស្រាប់តែធ្វើអោយខ្ញុំនឹកឃើញរឿងកាលពីល្ងាចមិញ មនុស្សប្រុសរាងខ្ពស់សម្បុរស កែវភ្នែកទង់ដែងដ៏ស្រទន់មួយគូ ជាមួយនឹងសម្លេងធ្ងន់មុតនោះ ហើយស្នាមញញឹមក៏លេចឡើងមកឡើងមកដោយមិនដឹងខ្លួន។
ញញឹម?
ឌឹបៗៗៗ
-មិនមែនទេៗ។
ខ្ញុំគ្រវីក្បាលបណ្តេញគំនិតឆ្កួតឡប់នោះចេញ ហើយក៏ចាប់ផ្តើមអានសៀវភៅនោះរហូតដល់លង់លក់តាំងពីណាក៏មិនដឹង។
ស្អែកឡើងបន្ទាប់ពីបញ្ចប់រឿងនោះហើយ ខ្ញុំក៏យកសៀវភៅទៅសងបណ្ណាល័យវិញ។ មិនដឹងហេតុអី ខ្ញុំក៏ងាកឆ្វេងស្តាំរកដូចជានរណាម្នាក់ តែមិនឃើញមនុស្សដែលខ្ញុំចង់ជួបនោះទេ។

មួយអាទិត្យហើយដែលខ្ញុំមិនបានទៅបណ្ណាល័យ ព្រោះជាប់រវល់ប្រលងឆមាស ។ ថ្ងៃនេះជាថ្ងៃចុងក្រោយ ហើយពេលនេះក៏ល្ងាចទៅហើយដែរ ដូច្នេះហើយខ្ញុំក៏គិតថាហូបបាយល្ងាចនៅសាលាអោយហើយតែម្តង អញ្ចឹងទើបត្រូវដើរកាត់សួននៅសាលា។ រៀននៅទីនេះ២ឆ្នាំហើយ នេះជាលើកទី៣ដែលខ្ញុំដើរកាត់ទីនេះ ហើយក៏ជាលើកទីមួយសម្រាប់ខ្ញុំដែរដែលដើរពេលល្ងាចថ្មើរនេះ។ ស្តាប់ទៅចម្លែកណាស់ហើយ ប៉ុន្តែដូចដែលប្រាប់នោះអី ថាខ្ញុំគ្មានមិត្តហើយក៏មិនចូលចិត្តភាពអ៊ូអរដែរ។

ខ្យល់អាកាសពេលល្ងាចលាយឡំមេឃមានពណ៌ក្រហមព្រឿងៗ រួមផ្សំនឹងបរិយាកាសដែលពោរពេញទៅដោយនិស្សិតកំពុងតែផ្តុំគ្នាជាក្រុមៗ ធ្វើអោយខ្ញុំមានអារម្មណ៍ស្រស់ស្រាយប្លែកតែ…
ឯកា😔😔
ដើរបានបន្តិច ខ្ញុំក៏សម្រេចចិត្តអង្គុយនៅបង់មួយជិតដើមជ្រៃឆ្ងាយពីគេរួចយកកាសចេញមកស្តាប់ចម្រៀងដើម្បីជាការបន្ធូរអារម្មណ៍។
ស្ងប់សុខណាស់
មិនចម្លែកទេ ដែលនិស្សិតទីនេះចូលចិត្តមកអង្គុយលេងនៅសួននេះ។
ស្តាប់ចម្រៀងបណ្តើរ ខ្ញុំបិទភ្នែកហើយច្រៀងតាមក្នុងចិត្តបណ្តើរ។
-I’ve fallen for you…
Finally, my heart given…
And I fallen in-
ចម្រៀងក៏ស្រាប់តែឈប់ ធ្វើអោយខ្ញុំត្រូវបើកភ្នែកឡើង ហើយសឹងតែធ្លាក់ពីលើបង់។
-អូ ម៉ាក់!!!
ពុទ្ធោអើយ ជាគេទៀតហើយ មនុស្សប្រុសដែលមានកែវភ្នែកស្រទន់មួយគូនោះឯង។ មិនដឹងជាមកដល់តាំងពីពេលណាទេនេះ ហើយថែមទាំងចុច Pause ចម្រៀងខ្ញុំទៀត។
(ប្រហែលជាខ្ញុំកំពុងបើកភ្នែកធំៗធ្វើមុខឆ្ងល់ហើយ)
ខ្ញុំហារស្លាក់ខ្ជាក់ស្លែង និយាយអ្វីមិនចេញ បានត្រឹមមើលមុខគេដែលកំពុងតែញញឹមខ្ជឹមមាត់មិនចេញធ្មេញ បង្ហាញអោយឃើញស្នាមខួចនៅក្រោមភ្នែកទាំងសងខាង។ ចម្លែកមែនខួចត្រង់ណាមិនខួចទៅខួចក្រោមភ្នែក។
-អារម្មណ៍ហោះទៅដល់ទ្វីបណាហើយអ្នកនាង នេះមិនដឹងទេឬថាមានអ្នកអង្គុយរួមបង់យូរហើយ។
គេរាក់ទាក់យ៉ាងរំភើយនិងធម្មតា ដូចមនុស្សធ្លាប់ស្គាល់គ្នាតាំងពីរាជ្យវង្សណាអញ្ចឹង ធ្វើអោយខ្ញុំរឹតតែជ្រួញចិញ្ចើម ហើយក៏រក្សាឥរិយាបថអោយបានរៀបរយវិញ។
-មិនគិតថានឹងសួស្តីខ្ញុំទេហ្អេស?
គេនៅតែសួរដោយស្នាមញញឹម
-ចាស៎?
ខ្ញុំហាក់ដូចជាតាមមិនសូវទាន់ទាល់តែសោះ ថាគេចង់ធ្វើអីអោយប្រាកដ។ សុំទោសណាភានី ដែលមិនអាចក្លាហានបានលើសពីនេះ។
-ហាហា នាងនេះពិតជាគួរអោយចង់សើចមែន។
លើកនេះគេសើចតែម្តង ធ្វើអោយឃើញធ្មេញចបធំៗពីរឡើងមកយ៉ាងច្បាស់។

(ភ្លេចប្រាប់ថា ទោះខ្ញុំមិនពូកែគណិត តែពូកែពិនិត្យណាស់😂)
មិនដឹងហេតុអ្វី អាកប្បកិរិយានិងស្នាមញញឹមគេ ធ្វើអោយខ្ញុំភ្លេចខ្លួនញញឹមតាម តែចិញ្ចើមនៅតែចង។ មិត្តរួមថ្នាក់តែងនិយាយថាខ្ញុំចងចិញ្ចើមគ្រប់ពេលធ្វើអោយពួកគេក្រែងចិត្ត តែនាយម្នាក់នេះបែរជាមកថាខ្ញុំគួរអោយចង់សើចទៅវិញ។ ប្រុសម្នាក់នេះចម្លែកណាស់។
-ហេតុអី?
ខ្ញុំសួរគេ ព្រោះតែប្រតិកម្ម នេះគេគិតថាខ្ញុំជាតួកំប្លែងឬនេះ?😏
-ហាហា មិនដឹងដូចគ្នា។
បែបសប្បាយណាស់ហើយមើលទៅ។ ខ្ញុំមិនតបរួចក៏អង្គុយបែរមកធម្មតាវិញហើយបើកចម្រៀងស្រាប់បន្ត។ មិនដឹងថាហេតុអី ចិត្តមួយក៏បញ្ជាអោយដៃទាញកាសម្ខាងហុចទៅអោយមនុស្សប្លែកមុខម្នាក់ដែលកំពុងអង្គុយក្បែរនោះ។
គេក៏ទទួលហើយបិទភ្នែកផ្អែកខ្នងនឹងបង់ស្តាប់ចម្រៀងយ៉ាងស្ងៀមស្ងាត់។ ពួកយើងស្ងាត់រហូតដល់ខ្ញុំឮសម្លេងឌឹបៗចេញពីទ្រូងខាងឆ្វេងរបស់ខ្លួនឯង វាកំពុងតែលោតញាប់ដូចកាលនៅបណ្ណាល័យយ៉ាងអញ្ចឹង។
ខ្ញុំលួចដៀងភ្នែកមើលទៅគេបន្តិច ស្របពេលដែលគេបើកភ្នែកដែរ។ ខ្ញុំក៏ទាញកាសដែលជាប់នៅត្រចៀកគេដើម្បីកុំអោយចាប់បានថាខ្ញុំលួចមើល។
-ខ្ញុំត្រូវទៅហើយ។
ថារួចខ្ញុំក៏ងើបដើរចេញទៅ តែដៃមួយចាប់កាតាបខ្ញុំពីក្រោយជាប់។
-អគុណ។
គេញញឹមយ៉ាងស្រទន់ ស្នាមញញឹមដែលអាចធ្វើអោយបេះដូងកម្រើកបាន។
“គ្រាន់តែរឿងប៉ុណ្ណឹងខ្ញុំមិនគិតគុណស្រ័យអីទេ អរគុណដូចគ្នាដែលកំដរខ្ញុំ”។ ខ្ញុំនិយាយក្នុងចិត្ត
-អឺម
ខ្ញុំងក់ក្បាលឆ្លើយយ៉ាងខ្លី រួចក៏បែរខ្នងចេញទៅ។ ដើរបានប្រហែលប្រាំជំហាន ក៏មានសម្លេងមួយស្រែកពីក្រោយខ្នង ធ្វើអោយខ្ញុំត្រូវងាកក្រោយ ហើយក៏មានអារម្មណ៍រំភើប ភ័យនិងកក់ក្តៅយ៉ាងចម្លែក។
-សួស្តី!
គ្មានអ្នកណាទៀតទេ គឺគេហ្នឹងហើយ
-រីករាយណាស់ដែលបានជួបនាងម្តងទៀត ហើយសង្ឃឹមថាយើងនឹងបានជួបគ្នាលើកក្រោយៗទៀត ចាំឈ្មោះខ្ញុំផង ខ្ញុំឈ្មោះ វឌ្ឍនា!
ទង្វើគេបានទាក់ទាញស្នាមញញឹមមួយដែលពិបាកនឹងបញ្ចេញបានយ៉ាងងាយ។
រីករាយដូចគ្នាដែលបានជួបលោកណា…
វឌ្ឍនា

“ពេលខ្លះការជួបគ្នាដោយចៃដន្យជាមួយមនុស្សមិនដែលស្គាល់ម្នាក់ វាក្លាយជារឿងរ៉ាវមួយដែលមិនអាចបំភ្លេចបាន ព្រោះគេបានបង្កើតរឿងរ៉ាវដែលយើងមិនដែលបានគិតថានឹងធ្វើ…”

និពន្ធដោយ យី ចំណាន

រូបភាព Pinterest

*រាល់ការចែករំលែក សូមមេត្តារក្សាសិទ្ធិអ្នកនិពន្ធ 😊

Published by Deep Mood

I'd love to write what I feel

Join the Conversation

2 Comments

Leave a comment

Design a site like this with WordPress.com
Get started