កុំឱបទុកក្តីស្រលាញ់
“ក្តីស្រលាញ់” អ្នកណាៗក៏អាចបង្កើតនិងទទួលបានដូចៗគ្នា។ យើងគ្រប់គ្នា តើមាននរណាម្នាក់ដែលមិនត្រូវការក្តីស្រលាញ់? កូនតែងទាមទារក្តីស្រលាញ់ពីឪពុកម្តាយ ប្អូនប្រុសស្រីតែងចង់ទទួលបានក្តីស្រលាញ់ពីបង សិស្សតែងចង់បានក្តីស្រលាញ់អាណិតមេត្តាពីគ្រូ សូម្បីគូស្នេហ៍ដែលមិនជាប់សាច់ឈាមនឹងគ្នា ក៏នៅតែត្រូវការក្តីស្រលាញ់ពីដៃគូរបស់ខ្លួនដែរ។ ប៉ុន្តែ ទន្ទឹមនឹងការចង់បាន យើងបែរជាមិនបានបង្ហាញឬផ្តល់ក្តីស្រលាញ់តបស្នងទៅកាន់ពួកគេទៅវិញ។ ហេតុអ្វីក៏ចាំបាច់ត្រូវអោបលាក់ទុកក្តីស្រលាញ់ដែរ? បើជាមានចិត្តស្រលាញ់ចំពោះគេដែរ ហេតុអ្វីក៏យើងមិនតបស្នងទៅកាន់ពួកគេវិញទៅ? ពួកយើងតែងយល់ថា ក្តីស្រលាញ់ពិតប្រាកដមិនត្រូវការការតបស្នងនោះទេ ប៉ុន្តែក៏មិនមែនមានន័យថាយើងមិនត្រូវផ្តល់ក្តីស្រលាញ់ទៅកាន់គេវិញនោះដែរ។ យើងមិនអាចដឹងឡើយថា នៅពេលណាមួយដែលយើងនឹងលែងមានឱកាសបង្ហាញវា ដូច្នេះហើយ សូមកុំអោបលាក់ទុកក្តីស្រលាញ់ ចូរបង្ហាញ និងផ្តល់អោយទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង។
