កុំឱបទុកក្តីស្រលាញ់

កុំឱបទុកក្តីស្រលាញ់ “ក្តីស្រលាញ់”  អ្នកណាៗក៏អាចបង្កើតនិងទទួលបានដូចៗគ្នា។  យើងគ្រប់គ្នា តើមាននរណាម្នាក់ដែលមិនត្រូវការក្តីស្រលាញ់? កូនតែងទាមទារក្តីស្រលាញ់ពីឪពុកម្តាយ ប្អូនប្រុសស្រីតែងចង់ទទួលបានក្តីស្រលាញ់ពីបង សិស្សតែងចង់បានក្តីស្រលាញ់អាណិតមេត្តាពីគ្រូ សូម្បីគូស្នេហ៍ដែលមិនជាប់សាច់ឈាមនឹងគ្នា ក៏នៅតែត្រូវការក្តីស្រលាញ់ពីដៃគូរបស់ខ្លួនដែរ។ ប៉ុន្តែ ទន្ទឹមនឹងការចង់បាន យើងបែរជាមិនបានបង្ហាញឬផ្តល់ក្តីស្រលាញ់តបស្នងទៅកាន់ពួកគេទៅវិញ។ ហេតុអ្វីក៏ចាំបាច់ត្រូវអោបលាក់ទុកក្តីស្រលាញ់ដែរ?  បើជាមានចិត្តស្រលាញ់ចំពោះគេដែរ ហេតុអ្វីក៏យើងមិនតបស្នងទៅកាន់ពួកគេវិញទៅ? ពួកយើងតែងយល់ថា ក្តីស្រលាញ់ពិតប្រាកដមិនត្រូវការការតបស្នងនោះទេ ប៉ុន្តែក៏មិនមែនមានន័យថាយើងមិនត្រូវផ្តល់ក្តីស្រលាញ់ទៅកាន់គេវិញនោះដែរ។ យើងមិនអាចដឹងឡើយថា នៅពេលណាមួយដែលយើងនឹងលែងមានឱកាសបង្ហាញវា ដូច្នេះហើយ សូមកុំអោបលាក់ទុកក្តីស្រលាញ់ ចូរបង្ហាញ និងផ្តល់អោយទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើង។

ធ្វើតាមចិត្តចុះ

ធ្វើតាមចិត្តចុះ… វាជាការពិត ដែលគ្មាននរណាម្នាក់អាចដឹងអំពីយើង ជាងយើងដឹងអំពីខ្លួនឯងនោះទេ។ យំចុះ យំអោយបានធូរស្បើយ។ សើចចុះ សើចអោយបានសប្បាយចិត្ត។ ដើរចេញចុះ ដើរចេញ ឈប់ទ្រាំនឹងភាពឈឺចាប់ទាំងឡាយ ដែលធ្វើអោយបេះដូងនិងរាងកាយអ្នកកាន់តែចុះខ្សោយ។ មានពេលខ្លះយើងក៏ស្រាប់តែចង់ចាកចេញពីហ្វូងមនុស្សហើយនៅម្នាក់ឯង ហើយមានពេលខ្លះទៀត ក៏ចង់ទៅទីកន្លែងណាមួយដែលគ្មានអ្នកណាស្គាល់។ ការណ៍ដែលត្រូវរស់នៅតាមបេះដូងរបស់ខ្លួនឯងមិនមែនជារឿងងាយស្រួលនោះឡើយ។ ប៉ុន្តែ ការពិតទៅយើងត្រូវចងចាំថា យើងគឺជាអ្វីដែលមានតម្លៃបំផុតចំពោះខ្លួនឯង សាកសមបំផុតនឹងទទួលបានការមើលថែយ៉ាងឥតខ្ចោះដោយខ្លួនឯង មិនមែនមនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ការមើលថែនេះ មិនមែនសំដៅត្រឹមតែការផ្តល់អោយផ្នែកសម្ភារៈប៉ុណ្ណោះទេ តែជាការមើលថែផ្លូវអារម្មណ៍ ដោយការធ្វើតាមតម្រូវការរបស់វា។ មនុស្សនៅជុំវិញយើងក៏ដូចគ្នា ពួកគេព្យាយាមគ្រប់បែបយ៉ាងដើម្បីសម្រេចក្តីស្រម៉ៃដែលពួកគេចង់បាន ចុះហេតុផលអ្វីដែលយើងត្រូវគិតតែអំពីអ្នកដទៃជាងក្តីសុខខ្លួនឯងនោះ? គ្មានអ្នកណាល្អគ្រប់យ៉ាងនោះទេ។ អោយគេគិតថាអ្នកគឺជាមនុស្សចិត្តដាច់ចុះ។ ម្នាក់ៗកើតមកមិនមែនរស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃរហូតនោះទេ ព្រោះថាសូម្បីយើងខ្លួនឯង ក៏នៅតែចង់មិនអាចបំពេញចិត្តខ្លួនឯងបាននៅឡើយ។ ចូរកុំព្រោះតែចង់អោយអោយមនុស្សនៅជុំវិញយើងរីករាយ សុខចិត្តលះបង់តម្រូវការខ្លួនឯង ព្រោះវានឹងធ្វើអោយផ្លូវចិត្តមានទុក្ខនៅពេលដែលការលះបង់នោះជាការបង្ខំចិត្ត។ ចូរកុំព្រោះតែគិតថាកត្តាជុំវិញខ្លួនសំខាន់ សុខចិត្តបញ្ឈប់និងបោះបង់ចោលខ្លួនឯង ព្រោះថានៅលើពិភពលោកដ៏ធំមួយនេះ គ្មានអ្នកណាសំខាន់នឹងមានតម្លៃជាងខ្លួនយើងនោះទេ។

អតីតកាល

ថ្ងៃនេះនឹងក្លាយទៅេជាម្សិលមិញ ភាពឈឺចាប់ក៏ដូចគ្នា ចាត់ទុកវាជារឿងអតីតកាល ព្រោះទោះយ៉ាងណា វាក៏បានកន្លងហួសរួចទៅហើយ សូមកុំព្យាយាមគាស់កកាយវាទៀតធ្វើអ្វី។ ត្រូវចងចាំថា អ្វីដែលកើតឡើងនៅក្នុងអតីតកាល គឺជាមេរៀនដែលបង្រៀនយើងអោយដឹង អោយឃើញ អោយយល់ថា វានឹងផ្តល់ផលមកអោយយើងបែបណា ហើយពេលខ្លះ វាក៏ជាមេរៀនដែលយើងមិនគួរចាំបាច់យកមកអនុវត្តម្តងជាពីរដងទៀតនោះដែរ។ កុំដើរបកក្រោយទៅរកដានចាស់ដែលធ្លាប់ផ្តល់ភាពឈឺចាប់ តែត្រូវប្រើភាពឈឺចាប់ដើម្បីពង្រឹងខ្លួនយើងអោយប្រសើរជាងមុន។ កុំរង់ចាំអោយអ្វីដែលកើតឡើងម្សិលមិញត្រលប់មកកើតឡើងម្តងទៀត តែត្រូវរស់នៅក្នុងថ្ងៃនេះអោយបានល្អបំផុត ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនៅថ្ងៃសែ្អក។

បណ្ណាល័យផ្តើមស្នេហ៍ (ភាគទី១)

តាមរយៈចំណងជើង អ្នកអានមួយចំនួនច្បាស់ជាគិតថាតួឯកស្រីប្រាកដជាសិស្សពូកែដែលមួយថ្ងៃៗគិតតែពីអង្គុយក្នុងបណ្ណាល័យអានសៀវភៅស្រាវជ្រាវមេរៀនអ្វីបែបនោះហើយ ឈប់យល់ច្រលំទៅណា វាមិនដូចអ្នកទាំងអស់គ្នាគិតទេ😎😎។ ខ្ញុំឈ្មោះ ភានី សព្វថ្ងៃជានិស្សិតឆ្នាំទី២ផ្នែកអក្សរសាស្រ្តនៅសកលវិទ្យាល័យមួយនៅឯទីក្រុងភ្នំពេញ។ មូលហេតុដែលខ្ញុំជ្រើសយកជំនាញនេះគឺដោយសារខ្ញុំមិនដឹងរៀនជំនាញអ្វីក្រៅពីនេះឡើយ។ គឺថាកាលនៅវិទ្យាល័យ ខ្ញុំជាសិស្សម្នាក់ដែលមិនពូកែស្ទើរតែគ្រប់មុខវិជ្ជា ហើយលទ្ធផលបាក់ឌុបវិញគឺថាប៊ិះធ្លាក់តែម្តង កុំតែបានមុខវិជ្ជាភាសាខ្មែរយោងទេ។ ហេតុផលមួយទៀតគឺ ខ្ញុំរកឃើញចំនុចពូកែផ្ទាល់ខ្លួនមួយទាក់ទងនឹងជំនាញនេះ គឺ ខ្ញុំចូលចិត្តនិងពូកែអានសៀវភៅ តែកុំច្រលំអីណា គឺសៀវភៅរឿងប្រលោមលោកទេប្រិយមិត្ត។ក្រៅពីចូលចិត្តអាន ខ្ញុំក៏តែងតែសរសេរផងដែរ (រឿងស្នេហាទេ) ហើយក៏បង្ហោះទុក(អោយខ្លួនឯង) មើលជាការកំសាន្តពេលទំនេរ។ មកទល់ឥឡូវក៏ខ្ញុំនៅតែចូលចិត្តនិងតែងតែលួចគេចម៉ោងរៀន (ដែលមិនចូលចិត្ត) មកបណ្ណាល័យរកសៀវភៅ(រឿង)មកអាន និងសរសេរ (ជាញឹកញាប់) ដដែល តែបើខ្ញុំប្រាប់ថា ខ្ញុំជាសិស្សឆ្នើមម្នាក់ប្រចាំថ្នាក់នោះ អ្នកអានជឿដែរទេ😎😎? ខ្ញុំជាអ្នកខេត្ត ដូច្នេះហើយក្រៅពីផ្ទះជួល សាលា ថ្នាក់រៀន គឺបណ្ណាល័យសារធាណៈក្បែរសាលានេះហើយដែលជាកន្លែងដែលខ្ញុំតែងតែទៅ ព្រោះខ្ញុំមិនសូវមានមិត្តភក្តិទេ ថាខ្ញុំឬកក៏បាន តែនិយាយទៅខ្ញុំមិនសូវមានមិត្តតាំងពីដើមមកម្ល៉េះ ហើយក៏មិនចូលចិត្តនិយាយជាមួយអ្នកណាច្រើនដែរ។ ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ដូចរាល់សប្តាហ៍គឺមានម៉ោងចិត្តវិទ្យា ជាម៉ោងដែលគួរអោយធុញបំផុត។ ដូចសព្វដង ខ្ញុំក៏គេចមកបណ្ណាល័យ ហើយពេលនេះខ្ញុំកំពុងដើររំពៃភ្នែករកមើលសៀវភៅប្រលោមលោកដើម្បីអាន ហិហិ។ ខ្ញុំចូលចិត្តមកទីនេះមិនមែនដោយសារសៀវភៅមួយមុខទេ តែដោយសារសង្ឃឹមថា ខ្ញុំនឹងអាចជួបមនុស្សម្នាក់នោះ.. 1ឆ្នាំមុន ចាំបានថាថ្ងៃនោះជាថ្ងៃចូលរៀនដំបូង តែខ្ញុំមករៀនយឺតមួយម៉ោងដោយសារម៉ូតូបែកកង់។ មកដល់សាលាក៏ត្រូវសន្តិសុខមិនអោយចូលទៀត ហើយអ្វីដែលធ្វើអោយថ្ងៃនោះចង្រៃខ្លាំងខុសធម្មតា …

តាមស្នេហ៍ម៉ែអាភ្លោះ (ភាគបញ្ចប់)

បន្ទាប់ពីថ្ងៃនោះមក ខ្ញុំក៏បានទៅលួចមើលនាងជារៀងរាល់ល្ងាចពេលដែលនាងចេញពីរៀន តែមិនអោយនាងដឹងទេ ខ្លាចនាងចាប់បាន ហើយមិនសប្បាយចិត្តនឹងខ្ញុំ។ ច្រើនថ្ងៃបន្ទាប់មកក៏មានលេខប្លែកមួយខលចូលមក។ -អាឡូ ជំរាបសួ។ -អាឡូពូ នេះម៉ាក់គាត់ចង់និយាយជាមួយ -…. ព្រះអើយ នេះគឺផាតើ ហើយនេះលេខរបស់នាងឬយ៉ាងណាណ៎ -អាឡូ ពៅ ស្អែកនេះមិនបាច់ចូលយកខ្ញុំទេណា ។ -អ៎ បាទ។ តែមានបញ្ហាអ្វីទេមីង? -ឪវាមិនស្រួលខ្លួន គិតថាស្អែកនេះជូនគាត់ទៅពេទ្យបន្តិច។ -បាទ មិនអីទេអញ្ចឹង ជូនពរពូអោយឆាប់ជាណាមីង។ -ហ្នឹងហើយ អរគុណ បានហើយណា ខ្ចីទូរស័ព្ទកាផានិយាយផង។ -បាទ។ គ្រាន់តែឮថា នេះជាលេខផា ខ្ញុំរំភើបឡើងចង់ហោះទៅហើយ។ តែគិតថាឯងហ៊ានខលទៅដែរទេហ្នឹងហ្អាស អាពៅ? ចម្លើយគឺមិនហ៊ានទេ បានត្រឹមតែថតលេខនាងទុកប៉ុណ្ណោះឯង។ មួយខែក្រោយមក លេងៗកន្លះឆ្នាំហើយដែលខ្ញុំលួចស្រលាញ់ផា តែមិនហ៊ានប្រាប់ គិតទៅខ្ញុំមិនដែលដឹងថាខ្លួនឯងកំសាកដល់ថ្នាក់នេះសោះ។ អត់ទេ មិនថាយ៉ាងណាទេ ខ្ញុំត្រូវតែសាក បើមិនសាកមិចនឹងដឹងថាលទ្ធផលបែបណានោះ។ បន្ទាប់ពីគិតច្រើនថ្ងៃមក ខ្ញុំក៏សម្រេចចិត្តខលទៅលេខនាង។ ខលដំបូងនាងមិនស្គាល់ខ្ញុំទេ ថែមទាំងថាខ្ញុំខលច្រលំលេខទៀត ហើយក៏បិទទៅ។ ថ្ងៃបន្ទាប់ខ្ញុំក៏សាកផ្ញើរសារទៅនាងម្តង តែនាងមិនតបទេ រហូតដល់រលងបានបីថ្ងៃខ្ញុំសាកក៏ខលទៅនាងម្តងទៀត តែខលមិនចូលសោះ …

លួចនឹកមនុស្សម្នាក់

នេះជាអារម្មណ៍ពិតមួយ ដែលសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងថានឹងអាចទទួលយកបានឬអត់ដែរ។ ពេលខ្លះខ្ញុំសែនខ្លាចនូវអារម្មណ៍ដែលមិនស្របនឹងខួរក្បាល គឺដូចពេលនេះអញ្ចឹង សុខៗក៏ស្រាប់តែនឹកដល់មនុស្សម្នាក់ដែលឋានៈត្រឹមតែជាអ្នកដទៃ ម្នាក់ដែលមិនគួរគិតនិងនឹកដល់ទាល់តែសោះ។ ប៉ុន្តែ ខួរក្បារតូចមួយដែលមាននាទីជាអ្នកវិនិច្ឆ័យនោះ បានហាមថា កុំនឹក! ព្រោះវាដឹងថា ការដែលនឹកមនុស្សម្នាក់នោះ វាមិនបានបង្កជាផលវិជ្ជមានដល់អារម្មណ៍នោះទេ តែវាបានត្រឹមតែបង្កើតអារម្មណ៍ច្របូកច្របល់ ឯកានិង ពិបាកចិត្តប៉ុណ្ណោះ។ ហើយពេលនេះ ដោយសារអារម្មណ៍មិនស្តាប់ខួរក្បាលបែបនេះហើយ ទើបខ្ញុំកំពុងតែមិនសប្បាយចិត្តហើយរឹតតែខឹងខ្លួនឯងដែលមិនអាចបញ្ឈប់អារម្មណ៍ឆ្កួតនោះបាន។ មេរៀនមួយនេះ បានបង្រៀនខ្ញុំអោយដឹងថា ការដែលនឹកមនុស្សម្នាក់មិនមែនជារឿងខុសឆ្គងទេ អ្វីដែលឆ្គងគឺនឹកគេទាំងដែលខ្លួនឯងមិនចង់នឹកគេ តែហាមមិនអោយនឹកមិនបាន វាពិតជាខុសចំពោះខ្លួនឯងខ្លាំងណាស់ ដែលគ្មានឥទិ្ធពលសូម្បីតែបញ្ជាអារម្មណ៍របស់យើងបាន។ សរសេរដោយៈយី ចំណាន រូបភាពៈ Pinterest

#ជម្រើស

ជម្រើសដែលល្អបំផុត គឺជាជម្រើសដែលសាកសមនឹងអ្នកបំផុត មិនមែនជាជម្រើសដែលអស្ចារ្យលើសជម្រើសផ្សេងទុៀតនោះទេ។ នៅពេលដែលមាននរណាម្នាក់ត្អូញត្អែរថា “ហុឺម…ខ្ញុំអស់សង្ឃឹមហើយ ខ្ញុំគ្មានជម្រើសទេ ខ្ញុំអស់ផ្លូវហើយ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាទេ…” អ្វីបែបនេះ មិនមែនពួកគេគ្មានជម្រើសឡើយ ប៉ុន្តែមកពីពួកគេមានជម្រើសច្រើនពេក រហូតដល់មើលរំលងជម្រើសមួយដែលសាកសមនឹងពួកគេ ជំនួសដោយការជ្រើសយកជម្រើសមួយទៀតដ៏ល្អលើសគេថែមទាំងលើសពីលទ្ធភាពរបស់ពួកគេទៀត។ នៅពេលមួយដែលសមត្ថភាពរបស់គេនៅមានកម្រិត តែគេនៅតែរឹងមានៈ នោះហើយជាពេលដែលជីវិតគេមានសម្ពាធ ហើយមិនអាចធ្វើបានឈានដល់ការអស់សង្ឃឹម សោកស្តាយ និងបន្ទោសខ្លួនឯង។ ពេជ្រពីរគ្រាប់ទម្ងន់៣ការ៉ាត់ដូចគ្នា ត្រូវបានដាក់តាំងសម្រាប់ដេញថ្លៃ។ ពេជ្រមួយគ្រាប់ដែលត្រូវបានកែច្នៃមានពន្លឺចែងចាំងនិងតម្លៃលើសពេជ្រមួយគ្រាប់ទៀត ដែលមិនទាន់បានកែអ្វីទាំងអស់ ប្រមាណ២០០០ដុល្លា តែអ្នកមានប្រាក់ត្រឹមតែអាចទិញពេជ្រមួយគ្រាប់ដែលមិនទាន់កែច្នៃប៉ុណ្ណោះ។ តើអ្នកនឹងរង់ចាំសន្សំប្រាក់អោយគ្រប់សម្រាប់ពេជ្រដែលច្នៃរួច ឬសុខចិត្តជ្រើសរើសគ្រាប់ពេជ្រដែលគេមិនទាន់ច្នៃ ហើយយកទៅច្នៃដោយខ្លួនឯង? ជម្រើសដែលល្អបំផុតនោះ អ្នកគួរតែជ្រើសយកគ្រាប់ពេជ្រដែលមិនទាន់កែច្នៃ។ អ្នកមិនត្រឹមចំណេញទេ ប៉ុន្តែអ្នកនឹងអាចចេះជំនាញច្នៃពេជ្រថែមទៀត ទោះវាហត់បន្តិចក៏ដោយ តែប្រសិនបើអ្នកព្យាយាមអត់ធ្មត់បន្តិច ពេជ្ររបស់អ្នកនឹងភ្លឺស្អាតដូច ឬអាចនឹងភ្លឺជាងពេជ្រដែលច្នៃរួចហើយនោះទៅទៀត។ តែប្រសិនបើអ្នករង់ចាំសន្សំប្រាក់ដើម្បីទិញពេជ្រដែលច្នៃរួចនោះ អ្នកនឹងខាតពេលទទេរៗ ហើយអាចនឹងមានអ្នកផ្សេងដែលមានប្រាក់ជាងអ្នកយកវាបាត់ទៅហើយ។ ទីបំផុតអ្នកនឹងមិនបានពេជ្រណាមួយទាំងអស់។ គួរជ្រើសរើសនូវអ្វីមួយដែលមិនធ្វើអោយអ្នកមានសម្ពាធ ផ្តល់នូវតម្លៃ និងសាកសមតាមសមត្ថភាព លទ្ធភាពរបស់អ្នកបំផុត។ សរសេរដោយៈ យី ចំណាន Image: pinterest image: pinterest adeepmood.wordpress.com

#កុំស្ទាក់ស្ទើរ

ប្រសិនបើជីវិតអ្នក មានមនុស្សចាំពិភាក្សា ព្រួយបារម្ភ និង យកចិត្តទុកដាក់ចំពោះអ្នកនោះ វាពិតជារឿងមួយដែលវិសេសថ្លៃថ្លាណាស់។ ហើយប្រសិនបើគេពិតជាមានបំណងល្អចំពោះអ្នកហើយនោះ វារឹតតែធ្វើអោយអ្នកពិបាកនឹងឆ្លើយថា”ទេ”ចំពោះគេ ព្រោះអ្នកខ្លាចថា ការបដិសេធរបស់អ្នកនឹងធ្វើអោយគេអន់ចិត្ត។ តែប្រសិនបើក្នុងកាលទេសមួយ ពេលដែលអ្នកកំពុងតែសម្រេចចិត្តក្នុងការធ្វើអ្វីមួយដែលអ្នកពេញចិត្ត ទាំងដែលដឹងថាវាជាការប្រថុយនឹងហានិភ័យជាច្រើន តែមនុស្សទាំងនោះមិនពេញចិត្តនោះទេ ពួកគេព្រួយបារម្ភអំពីការសម្រេចចិត្តរបស់អ្នក ខ្លាចថាអ្នកនឹងជួបការលំបាកក្នុងការធ្វើវា ពួកគេផ្តល់យោបល់ដ៏ល្អមួយដល់អ្នក ថាគួរតែបញ្ឈប់និងបោះបង់គំនិតរបស់អ្នកទៅ ។ តើពេលនោះ អ្នកនឹងឆ្លើយថាព្រមចំពោះពួកគេ ហើយបោះបង់ការតាំងចិត្តរបស់អ្នកចោលដែរឬទេ? តើអ្នកស្ទាក់ស្ទើរនឹងការធ្វើអ្វីដែលអ្នកចង់ធ្វើដោយគ្រាន់តែពាក្យលើកទឹកចិត្តនិងការស្រលាញ់បារម្ភរបស់អ្នកដទៃមែនឬទេ? តើអ្នកស្ទាក់ស្ទើរដោយសារអ្នកពិតជាខ្លាចនូវហានិភ័យដែលអ្នកនឹងប្រឈមឬ? ឬមួយអ្នកគ្រាន់តែនឹកខ្លាចក្រែងថាអ្នកនឹងត្រូវបាត់បង់មនុស្សដែលស្រលាញ់និងបារម្ភអំពីអ្នក? ចូរកុំគិតបែបនេះអី ការបដិសេធ មិនមែនសុទ្ធសឹងតែអាក្រក់នោះទេ។ អ្នកមិនគួរបោះបង់ក្តីស្រម៉ៃដែលអ្នកស្រលាញ់ដើម្បីបំពេញចិត្តមនុស្សដែលបារម្ភពីអ្នកនោះឡើយ។ ពិតមែនហើយ ការលើកទឹកចិត្តជាតម្រូវការសំខាន់របស់ផ្លូវចិត្ត តែប្រសិនបើអ្នករង់ចាំតែការលួងលោម ការជួយពិភាក្សា ការផ្តល់នូវគំនិត និងការជ្រោមជ្រែងពីអ្នកដទៃនោះ អ្នកនឹងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តហើយ បញ្ហាតូចមួយក៏ត្រូវបានមើលឃើញជាធំ ហើយអាចនឹងឈានដល់ការបោះបង់។ ត្រូវចាំថា អ្វីទាំងអស់សុទ្ធសឹងតែបង្កឡើងដោយបញ្ហា បើគ្មានបញ្ហាទេ ធ្វើម្តេចនឹងរកឃើញដំណោះស្រាយទៅ។ ដូច្នេះអ្នកមិនត្រូវស្ទាក់ស្ទើរនឹងការបំពេញបំណងរបស់អ្នកទេ តែអ្នកត្រូវជំរុញខ្លួនឯងដោយភាពត្រឹមត្រូវមួយដោយមិនបង្កអោយមានផលប៉ះពាល់ដល់មនុស្សជុំវិញអ្នក។ កុំខ្លាចថា អ្នកអាចនឹងធ្វើអោយពួកគេអន់ចិត្ត ដោយសារការសម្រេចចិត្តរបស់អ្នក ព្រោះការសម្រេចចិត្តដោយគោលជំហរត្រឹមត្រូវផ្ទាល់ខ្លួន មិនមែនជារឿងខុសទេ ប៉ុន្តែអ្នកត្រូវតែធ្វើអោយពួកគេមានសង្ឃឹមជឿជាក់ថាអ្នកអាចធ្វើបាន និងមានមោទនភាពចំពោះអ្វីដែលអ្នកបានជ្រើសរើស។ ចូរកុំស្ទាក់ស្ទើរចិត្តក្នុងការដើរតាមក្តីស្រម៉ៃ ចូរដើរទៅរកវាដោយក្តីសង្ឃឹម និងធ្វើវាអោយបានល្អបំផុតតាមតែអាចធ្វើបាន។ សរសេរដោយៈ …

ពេលមួយនឹងមកដល់សម្រាប់អ្នក

ពេលមួយនឹងមកដល់មានមនុស្សមិនតិចទេដែលកំពុងតែពិបាកចិត្តនឹងបច្ចុប្បន្ន ព្រួយបារម្ភនឹងអនាគត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃចេះតែហួសទៅយ៉ាងសន្សឹមៗ ថ្ងៃនេះក៏ត្រូវក្លាយជាថ្ងៃម្សិលមិញ ឆ្នាំនេះក៏ក្លាយជាឆ្នាំមុន តែជីវិតហាក់ដូចជានៅតែរសាត់អណ្តែតមិនដឹងថាត្រូវឈប់សំចតនៅទីណាអោយប្រាកដនៅឡើយ។និស្សិតឆ្នាំទី៣ កំពុងតែសរសើរនិស្សិតឆ្នាំទី៤ ថានឹងទទួលបានបរិញ្ញាបត្រឆាប់ៗនិងច្បាស់ជាមានការងារដែលសាកសមមួយ ។ តែនិស្សិតឆ្នាំទី៤ខ្លះ កំពុងតែភ័យខ្លាចថា ខ្លួននឹងប្រឈមនឹងការមិនបានទទួលបានការងារអោយសមបំណង ដោយសារការប្រកួតប្រជែងទីផ្សារការងារកំពុងតែគម្រាមកំហែងបណ្តានិស្សិតដែលគ្មានបទពិសោធដូចជាពួកគេ។តែបើទោះជាយ៉ាងណា ដរាបណាអ្នកមានក្តីប្រាថ្នា អ្នកមិនត្រូវសំកុកគិតតែអន់ចិត្តនឹងខ្លួនឯងនោះទេ តែអ្នកត្រូវតែខិតខំដើរទៅរកក្តីស្រមៃមួយនោះដើម្បីភាពជោគជ័យនៃជីវិតអ្នក។ត្រូវចាំថា…ភាពជោគជ័យនៃមនុស្សម្នាក់ៗ ប្រៀបបានដូចជាផ្កាយ៉ាងអញ្ចឹង។ពាក្យថាផ្កា គឺប្រៀបបាននឹងភាពស្រស់បំព្រង។ ផ្កាមានច្រើនប្រភេទខុសគ្នា និងភាពស្រស់ស្អាតផ្សេងៗគ្នា។ ប្រភេទនីមួយៗនៃផ្កាគឺរីកតាមរដូវកាលរបស់វា ហើយវានឹងអស់រីកទៅវិញនៅពេលផុតរដូវកាលរបស់វាផងដែរ។ក៏ដូចជារូបអ្នក ពេលនេះអាចនឹងមិនទាន់ដល់ពេលដែលអ្នកសម្រេចក្តីប្រាថ្នា អ្នកអាចនឹងកំពុងស្ញប់ស្ញែងនឹងភាពជោគជ័យរបស់មិត្តភក្រ្តរបស់អ្នក តែនៅពេលរដូវកាលនោះមកដល់ អ្នកនឹងជោគជ័យដូចគ្នា បើប្រៀបទៅនឹងផ្កាវិញ អ្នកនឹងស្រស់ស្អាតមិនចាញ់ផ្កាដទៃនោះទេណា។យើងអាចនឹងដើរយឺតជាងគេ តែមិនមានន័យថាយើងដើរមិនដល់ឯណា ត្រូវទេ? សរសេរដោយ យី ចំណាន រូបភាព Pinterest

តាមស្នេហ៍ម៉ែអាភ្លោះ

រឿងប្រលោមលោកខ្លី តាមស្នេហ៍ម៉ែអាភ្លោះ (និពន្ធដោយ យី ចំណាន) ជំរាបសួរបាទ ខ្ញុំគឺ… -ឪអាភ្លោះ អើឪអាភ្លោះ! សម្លេងចែលក់ត្រីហៅខ្ញុំ លើកអីវ៉ាន់ដាក់ឡាន។ -ពូ! ចេញទៅឥឡូវអត់? ក្មេងស្រី៣នាក់សួរខ្ញុំ ស្របពេលដែលខ្ញុំកំពុងតែមមារញឹកនឹងការប្រមូលអីវ៉ាន់ម៉ូយដាក់ខាងក្រោយគូថឡាន -ទៅ អូនទៅ ពូដាក់ឥវ៉ាន់ហើយចេញទៅហើយ។ មែនហើយខ្ញុំគឺអ្នករត់តាក់ស៊ីវាលរេញកំពង់សោម ដែលគ្រប់គ្នាស្គាល់ថា ឪអាភ្លោះ នេះឯង។ ខ្ញុំចេញរត់ឡាននេះ តាំងពីមុនរៀបការម្ល៉េះ។ របរជាអ្នករត់តាក់ស៊ីគឺហត់បែបនេះឯង ពេលខ្លះរត់បីជើងមែន តែមួយជើងរកមនុស្សមិនបាន៣នាក់ផង។ តែដូចដែលឃើញស្រាប់ហើយ ខ្ញុំមានម៉ូយចែៗលក់ត្រីនៅផ្សារពាណិជ្ជកម្ម៣ ៤ នាក់ដែរដែលខ្ញុំតែងតែដឹកគាត់ពីព្រៃនប់ មកលក់នៅកំពង់សោម។ វាហត់បន្តិចមែន តែរបរនេះបានជួយខ្ញុំច្រើនណាស់ ពិសេសគឺបានជួបម៉ែអាភ្លោះតែម្តង ហាហា។ ៦ឆ្នាំមុន បន្ទាប់ប្រលងបាក់ឌុបរួច ខ្ញុំក៏សម្រេចចិត្តសុំម៉ែពុកមករស់នៅកំពង់សោមដើម្បីរកការងារធ្វើ ជំនួសអោយការរៀនបន្តដោយសារតែកត្តាជីវភាព។ អ៊ំខ្ញុំជាអ្នករត់តាក់ស៊ី ខ្ញុំក៏មកសុំគាត់ធ្វើជាព្រូឡានបាន១ឆ្នាំ អ៊ំក៏សាងរបរនេះអោយខ្ញុំ ព្រោះគាត់ចំណាស់ដែរហើយ ចឹងមានតែនៅផ្ទះអោយកូនចិញ្ចឹមវិញម្តង។ដោយសារតែអ៊ំមានម៉ូយច្រើនហើយគេក៏ស្គាល់ខ្ញុំស្រាប់ ទើបខ្ញុំមិនពិបាករកម៉ូយ ។ ដូចពាក្យគេថាពិតមែនថា ”នៅពេលណាមួយដែលអ្នករែកអម្រែកទឹកដោយខ្លួនឯង ទើបអ្នកដឹងពីថា ទឹកមួយដំណក់ៗវាតម្លៃប៉ុណ្ណា”។ ដូចពេលដែលខ្ញុំចេញរកប្រាក់ដោយខ្លួនឯងអញ្ចឹង ទម្រាំតែបានមួយរយរៀលវាពិបាកណាស់ ដល់ពេលជួបខ្លួនឯងទើបនឹកឃើញកាលនៅចាយលុយម៉ែទាំងដៃៗ។ គិតៗទៅពេលដើរលឿនមែនហ្ន៎ …

Create your website with WordPress.com
Get started