តាមស្នេហ៍ម៉ែអាភ្លោះ

រឿងប្រលោមលោកខ្លី តាមស្នេហ៍ម៉ែអាភ្លោះ (និពន្ធដោយ យី ចំណាន)

ជំរាបសួរបាទ ខ្ញុំគឺ…
-ឪអាភ្លោះ អើឪអាភ្លោះ!
សម្លេងចែលក់ត្រីហៅខ្ញុំ លើកអីវ៉ាន់ដាក់ឡាន។
-ពូ! ចេញទៅឥឡូវអត់?
ក្មេងស្រី៣នាក់សួរខ្ញុំ ស្របពេលដែលខ្ញុំកំពុងតែមមារញឹកនឹងការប្រមូលអីវ៉ាន់ម៉ូយដាក់ខាងក្រោយគូថឡាន
-ទៅ អូនទៅ ពូដាក់ឥវ៉ាន់ហើយចេញទៅហើយ។

មែនហើយខ្ញុំគឺអ្នករត់តាក់ស៊ីវាលរេញកំពង់សោម ដែលគ្រប់គ្នាស្គាល់ថា ឪអាភ្លោះ នេះឯង។ ខ្ញុំចេញរត់ឡាននេះ តាំងពីមុនរៀបការម្ល៉េះ។ របរជាអ្នករត់តាក់ស៊ីគឺហត់បែបនេះឯង ពេលខ្លះរត់បីជើងមែន តែមួយជើងរកមនុស្សមិនបាន៣នាក់ផង។ តែដូចដែលឃើញស្រាប់ហើយ ខ្ញុំមានម៉ូយចែៗលក់ត្រីនៅផ្សារពាណិជ្ជកម្ម៣ ៤ នាក់ដែរដែលខ្ញុំតែងតែដឹកគាត់ពីព្រៃនប់ មកលក់នៅកំពង់សោម។ វាហត់បន្តិចមែន តែរបរនេះបានជួយខ្ញុំច្រើនណាស់ ពិសេសគឺបានជួបម៉ែអាភ្លោះតែម្តង ហាហា។

៦ឆ្នាំមុន
បន្ទាប់ប្រលងបាក់ឌុបរួច ខ្ញុំក៏សម្រេចចិត្តសុំម៉ែពុកមករស់នៅកំពង់សោមដើម្បីរកការងារធ្វើ ជំនួសអោយការរៀនបន្តដោយសារតែកត្តាជីវភាព។ អ៊ំខ្ញុំជាអ្នករត់តាក់ស៊ី ខ្ញុំក៏មកសុំគាត់ធ្វើជាព្រូឡានបាន១ឆ្នាំ អ៊ំក៏សាងរបរនេះអោយខ្ញុំ ព្រោះគាត់ចំណាស់ដែរហើយ ចឹងមានតែនៅផ្ទះអោយកូនចិញ្ចឹមវិញម្តង។ដោយសារតែអ៊ំមានម៉ូយច្រើនហើយគេក៏ស្គាល់ខ្ញុំស្រាប់ ទើបខ្ញុំមិនពិបាករកម៉ូយ ។

ដូចពាក្យគេថាពិតមែនថា ”នៅពេលណាមួយដែលអ្នករែកអម្រែកទឹកដោយខ្លួនឯង ទើបអ្នកដឹងពីថា ទឹកមួយដំណក់ៗវាតម្លៃប៉ុណ្ណា”។ ដូចពេលដែលខ្ញុំចេញរកប្រាក់ដោយខ្លួនឯងអញ្ចឹង ទម្រាំតែបានមួយរយរៀលវាពិបាកណាស់ ដល់ពេលជួបខ្លួនឯងទើបនឹកឃើញកាលនៅចាយលុយម៉ែទាំងដៃៗ។

គិតៗទៅពេលដើរលឿនមែនហ្ន៎ ព្រិចបើកៗឆ្នាំនេះខ្ញុំមានអាយុ២៥ឆ្នាំ ហើយម៉ែខ្ញុំបានរំអុកអោយខ្ញុំឆាប់យកប្រពន្ធ ព្រោះចង់បានចៅពរ។ តែកម្លោះគ្នាយើង ដឹងហើយ នៅលីវអញ្ចឹងហើយល្អ ទៅរកប្រពន្ធនាំតែជាប់ដៃជាប់ជើងធ្វើអីនែស៎។

>នែ អាពៅ ហែងគិតរកមើលកូនគេម្នាក់ទៅ បើហែងមិនរក ម៉ែរកអោយ។
-អូយ ម៉ែ ខ្ញុំចិញ្ចឹមតែខ្លួនឯងមិននឹងចង់រស់ផង ទៅរកយកកូនគេមកលំបាកធ្វើអី។ ខ្ញុំមិនទាន់យកទេ អាចនឹងមិនយកផង នៅម្នាក់ឯងស្រួលជាងណាម៉ែ។
>អើ អោយវាដូចមាត់ទៅ តិចបានគ្មានគេយកហែងរហូតទៅ។
-ពុទ្ធោអើយម៉ែ សម្រាន្តទៅណាម៉ោង៨ជាងហើយ។
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយគាត់ជិត១០នាទី គាត់រអ៊ូតែរឿងប្រពន្ធហ្នឹងឯង។កុំថាឡើយម៉ែ សូម្បី

ពួកម៉ាករបស់ខ្ញុំក៏វាតែងតែនិយាយរឿងនេះដែរ (គ្រប់ពេលដែលផឹក)។

-អញឆ្ងល់ហែង កាលបានយកប្រពន្ធហា៎?
ធី អ្នករកសុីដូចគ្នាសួរខ្ញុំ។
-យកធ្វើស្អីរ៉េអ្ហើយ ជឿអញទៅ ម៉ាជីវិតនេះហ្អាស សប្បាយអោយអស់ចិត្តទៅ មិនបាច់យករឹតតែល្អ។ (ណុប ក៏ស៊កអោយខ្ញុំ)

-មិនយកម៉េចហា៎ រស់ម៉ាជាតិ យ៉ាងហោចណាស់កអោយស្គាល់ថាប្រពន្ធម៉េចដែរ នែស៎។ (ម៉ាច ឆ្លើយជំនួសខ្ញុំ)
-យកធ្វើស្អីរ៉េហា៎ យកនាំតែជាប់ដៃជើងទេ ជឿអញទៅ។
-ហាហាហា…!
ពួកវានាំគ្នាសើចគិល ។

-ពួកហែងចេះតែនិយាយចឹងហើយ គ្រួសារមួយៗវាខុសៗគ្នា វាអាស្រ័យលើការយោគយល់និងអធ្យាស្រ័យ ហើយរឿងប្រពន្ធអញគង់តែយកទេ គ្រាន់តែអញមិនទាន់ចង់បាន ចង់សល់លុយសល់កាក់តិចទៀតសិន ណាមួយអ្នកណាមកព្រមស្រលាញ់ បើត្រឹមតែអ្នករត់ឡានហ្នឹងហា៎។
-គ្មានទេ មកពីហែងវាខិល ស្រលាញ់ម្តង២ ៣ ដល់បែកការណ៍គេសុំបែកចឹងហើយ។

ណុបនៅតែស៊កអោយខ្ញុំ អាមួយនេះវាដឹងច្រើនមែន។ តែដូចវានិយាយចឹង ខ្ញុំនេះក៏ខូចណាស់ដែរ សេពគប់មនុស្សស្រីម្តង២ ៣នាក់ តែបើអោយខ្ញុំស្មោះម្នាក់ណានោះ ដូចជាមិនអាចសោះ។
ទំនាក់ទំនងស្នេហារបស់ខ្ញុំម្តងជាពីរដង រហូតមកដល់ពេលនេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ សុទ្ធសឹងតែមិនច្បាស់លាស់ទាំងអស់។

តែស្រាប់តែថ្ងៃមួយ…ថ្ងៃដែលក្មេងស្រីម្នាក់បានបង្ហាញខ្លួន…

>អាឡូ! ចេញម៉ោឬនៅហ្នឹង? (មុីណាស់ខលមកខ្ញុំ)

-បាទៗ ជិតដល់ហើយមុី។

>អើៗ ប្រយ័ត្នមិនទាន់មាន់គេ ។

មុីណាស់ (គាត់ជាជនជាតិឥស្លាម) ជាអាជីវករលក់មាន់ ម៉ូយគាត់ច្រើនណាស់ អញ្ចឹងហើយទើបគាត់មិនចង់អោយយឺតយ៉ាវ។

-នែសៗ ដាក់អោយស្រួលបួល ប្រយ័ត្នធ្លាក់តាមផ្លូវ។ (មុីណាស់)

-ចុះមីងភាទៅណាហើយមុី? (ខ្ញុំសួរព្រោះឃើញតែឥវ៉ាន់បាត់ម្ចាស់)

មីងភាក៏ជាអាជីវករលក់ត្រីនិងបន្លែគ្រប់មុខនៅផ្សារលើកំពង់សោមយើងនេះ ដែលពួកគាត់សុទ្ធតែរស់នៅស្រុកព្រៃនប់ ហើយយកទំនិញទាំងនេះទៅលក់នៅទីនោះរាល់ថ្ងៃដោយមានខ្ញុំជាអ្នកដឹកទៅ។

-អេ៎…ឮថាកាភា ទៅបុណ្យនៅស្រុកតាំងពីល្ងាចម្ល៉េះ ហើយថ្ងៃហ្នឹងកាផាទៅលក់ជំនួស។

-ចុះកាផា…គឺខ្ញុំចង់ថាចែដែលជំនួសហ្នឹងនៅឯណា? (ហេហេ ច្រលំមាត់ហៅតាមគាត់)

-ពូ មកជួយយកធុងត្រីមួយទៀតផង!
ខ្ញុំក៏រត់ទៅតាមសម្លេងដែលខ្ញុំគិតថាជាសម្លេងចែផាដែលស្រែកមកពីចម្ងាយ។

-ធុងមួយណាចែ?

-ធុងពណ៍ខៀវពូ។

ខ្នងតូចច្រលឹងបានបែរខ្លួនមកប្រាប់ បណ្តាលអោយឃើញមុខតូចរាងពងក្រពើស្រស់គួរអោយចង់គយគន់។

មានអារម្មណ៍ថាពេលនេះ ខ្ញុំកំពុងនៅលើលំហដែលមានតែស្រទាប់ផ្កាហោះរាយជា background យ៉ាងអញ្ចឹង…

-ពៅ អើយអាពៅ…! ហើយវាឈរភ្លឹកអីទាំងព្រលឹមហ្នឹងហ្អាស តាឡានរោងចក្រម៉ោដល់ហ្នឹង បាច់បានរកស៊ីទេ។
-អ៎…បាទៗ!

មិនដឹងថាខ្លួនភ្លឹកយូរប៉ុណ្ណាទេ ដឹងតែថាអាម៉ាសខ្លាំងដែរហ្នឹងណា ព្រោះចែផាឡើងឡានតាំងពីពេលណាមិនដឹង ទុកអោយគ្នាភ្លឹកតែម្នាក់ឯងទៅកើត។

នៅតាមផ្លូវគ្មានអ្នកណាមាត់សោះ រាល់ដងមានខ្ញុំ និងអុីភាគ្រាន់សួរនាំលេងសើចពីនេះពីនោះ តែថ្ងៃនេះខ្ញុំមិនមាត់មិនមែនមកពីគ្មានអុីភាទេ តែដោយសារវត្តមានចែផាច្រើនជាង ហើយបើសួរថាហេតុអី ខ្ញុំមិនដឹងទេ ដឹងតែប្លែកៗពីធម្មតា មិនយល់សោះ។

-ហើយម៉ែហងទៅស្រុកធ្វើអីកាផា? (មុីណាស់សួរចែផា ស្របពេលដែលកំពុងហូបបាយព្រឹក)
-ម្តាយមីងគាត់ខូចណាមុី ល្ងាចមិញបងជីដូនមួគាត់តេរមកប្រាប់ ហើយម៉ាក់ក៏ទៅជាមួយអាភ័ក្រ្តប្អូនខ្ញុំតាំងពីល្ងាចម្ល៉េះ។ (ចែផាឆ្លើយ)

-មកលក់ជំនួស ខាតរៀនហើយអញ្ចឹង។ (មុីណាស់)

-គាត់មិនចង់អោយខ្ញុំទៅលក់ដែរហ្នឹងមុី តែដោយសារលើកឥវ៉ាន់ពីគេរួចហើយហ្នឹង ខ្ញុំក៏សុំម៉ាក់មកហ្មងទៅ មិនអញ្ចឹងទេ មានតែខាត ហិហិ។ (ចែផានិយាយហើយសើចតិចៗដោយអៀនរឿងខ្លាចខាត)

-វាអញ្ចឹងហើយក្មួយ យើងអ្នករកស៊ី បើថាធ្លាប់តែលក់បានរាល់ថ្ងៃ ហើយឈប់មួយថ្ងៃដឹងតែនៅមិនសុខទេ។ (មុីណាស់)

តាមផ្លូវខ្ញុំក៏បានភ្ញៀវម៉ាពេញឡានដែរ។ ក្នុងឡានលែងស្ងាត់ហើយ ការសន្ទនាចេះតែបន្តពីមួយរឿងចូលមួយរឿងទៀតរហូតដល់កន្លែងត្រូវឈប់។ តែមុនហ្នឹងខ្ញុំដូចជាឮថាចែផានៅរៀនផង អាយុប៉ុន្មានហើយណ សម្តីសម្តៅមិនក្រោមម្ភៃទេ អេ..តែមុខចែហ្នឹងឡើងក្មេងមិនលើសពីម្ភៃទេ អេ៎…ហើយមិចទៅខ្វល់ពីរឿងហ្នឹងវិញ?

បន្ទាប់ពីដាក់ដាក់ឥវ៉ាន់ភ្ញៀវអស់ អូ៎ មានទាន់អស់ណានៅចែផាម្នាក់ទៀត ចែផាក៏និយាយមកកាន់ខ្ញុំ:
-ពូមកយកខ្ញុំផង ដូចម៉ោងដែលពូមកយកម៉ាក់ខ្ញុំទៅណាពូ។

-បាទ ចែ។ (ខ្ញុំឆ្លើយដោយដៃរវល់ដាក់ឥវ៉ាន់ចុះ)

-ចែ…? (សម្លេងនាងរាងលើកបន្តិចបង្ហាញពីចម្ងល់និងក្តីមិនពេញចិត្តដែលខ្ញុំហៅចែបែបនេះ)

ខ្ញុំក៏ងើបមុខឡើងដើម្បីអោយច្បាស់ថានាងកំពុងនិយាយជាមួយខ្ញុំឬអត់។ តែកែវភ្នែកមូលក្រឡង់មុតថ្លាមួយគូនោះ ធ្វើអោយខ្ញុំអោនមុខចុះវិញហើយធ្វើជាលើកឥវ៉ាន់វិញ។

-នែ៎ពូ ហៅខ្ញុំក្មួយទើបសមជាង ហាហា។ (នាងនៅតែស៊កសៀតអោយខ្ញុំលេង)

-ចុះពូមិចដឹង បើមុខយើងសមនឹងហៅចែមែន។ (ខ្ញុំស៊កអោយនាងវិញ ហិហិ រាងអៀនមិចទេនេះ)

នាងជ្រួញចិញ្ចើមបន្តិចជំនួសចម្លើយ ហើយក៏ហុចថ្លៃឡានអោយខ្ញុំ។ អេ៎..ខ្ញុំញ៉ោះលេងតើ កូនហ្នឹងខឹងមែនឬនេះ? អ្នកអានគិតថាម៉េចដែរ?

-អរគុណ… (ចង់និយាយពាក្យ អូន ដែរ តែមិនហ៊ាន)
-ចាស៎។

ឆ្លើយយ៉ាងពិរោះ សម្រេចថាខឹងឬមិនខឹងនេះ។ មិនដឹងថាហេតុអីបានខ្ញុំលួចសម្លឹងក្មេងម្នាក់នោះទេ តែកាយវិការរហ័សរហួនកំពុងមមាញឺកនឺងការរៀបឥវ៉ាន់នោះ ធ្វើអោយខ្ញុំមិនចង់ងាកចេញសោះ។

ទីតៗៗៗ
ឡានស៊ីផ្លេពីខាងក្រោយបញ្ជាក់អោយខ្ញុំជៀសផ្លូវគេ មនុស្សម្នាជិតៗនាំគ្នាសម្លឹងមកខ្ញុំគ្រប់គ្នា ជាពិសេសនាងតូចម្នាក់នោះ នាងមើលមកក្នុងន័យហួសជិតដែលមកចតឡានមុខផ្លូវគេបែបនេះ។ អាម៉ាសទៀតហើយ អាពៅអើយអាពៅ។

ពេលថ្ងៃត្រង់ ខ្ញុំក៏ទៅយកម៉ូយដូចសព្វដង រួមទាំងម៉ូយថ្មីផងដែរ ហិហិ។ ឆ្ងល់ដល់ហើយមួយព្រឹកពេញហើយ អារម្មណ៍មិនដឹងទៅដល់ណាទេនេះ វ៉ល់ៗរកប្រាប់មិនត្រូវ ជាពិសេសពេលនាងតូចហ្នឹងអង្គុយជិតតែម្តង។ ដោយសារថ្ងៃនេះមានគេម៉ៅកៅអីបាំងក្រោយ ទើបត្រូវអោយចែផា អែបតៃកុង។ មិនមែនខ្ញុំឆក់ឧកាសទេណា តែស្ថានការណ៍បង្ខំពិតមែន។ គ្រាន់ឃើញនាងខ្ញុំភ័យទៅហើយ ចុះទម្រាំអង្គុយកៀកបែបនេះទៀត ស្លាប់ហើយ បេះដូងនេះវាលោតស្ទើរតែធ្លាយចេញមកក្រៅទៅហើយនេះ វាកើតថីវាពេលនេះហ្នឹង!?។

-ចែ អូ៎អាផា! ផាឯងទៅអង្អុយខាងនោះវិញទៅ ហើយអោយចែមកអង្គុយត្រង់នេះវិញមក។ (ខ្ញុំឈប់ឡានរួចនិយាយប្រាប់ផា ហើយហៅចែអាវក្រហមមកខាងខ្ញុំវិញ មិនអញ្ចឹងទេយ៉ាប់មិនខាន)

-មិចហ្នឹងពូ ចង្អៀតមែន មាឌខ្ញុំធំជាងមីអូនផងហ្នឹង។ (ចែអាវក្រហមតវ៉ា)

ខ្ញុំលួចមើលមុខផា ឃើញថានាងមុខមិនស្រួល តែក៏ព្រមចុះ មិនមាត់មិនក។

-អត់អីទេមីង អង្គុយខាងនេះក៏បាន។

តិចនាងខឹងខ្ញុំទៀតទៅ….ហួសពេលហើយ ពុទ្ធោអើយអាពៅ ធ្វើអីមិនគិតសោះហើយ….!។ ពេលដល់មុខផ្ទះនាងទើបដឹងថានាងពុលឡាន ខ្ញុំជាដើមហេតុឬអត់ទេនេះ។ ពេញមួយយប់ខ្ញុំដេកមិនលក់ គិតតែពីថ្ងៃមិញ ហើយក៏ភ្លេចខ្លួននឹកស្រម៉ៃដល់មុខតូច និងសម្លេងស្រួយស្រែះរបស់នាងច្រម៉ក់នោះ គេកើតគ្រុនឬអត់ទេន៎…។
….
មួយខែក្រោយមក ថ្ងៃនេះបន្ទាប់ពីសម្រាកពីរត់ឡាន ខ្ញុំក៏មកអង្គុយសំកុកនៅមុខវិទ្យាល័យហ៊ុនសែនវាលវេញដោយយកហេតុផលល្ងីល្ងើថាមកចាប់ម៉ូយ តែតាមពិតខ្ញុំចង់ឃើញនាងទៅវិញទេ។ បន្ទាប់ពីថ្ងៃនោះ ខ្ញុំតែងតែនឹកគិតពីនាងជានិច្ច។ ទោះខ្ញុំមិនធ្លាប់ច្បាស់លាស់នឹងនរណាក៏ដោយ ក៏មិនមែនមិនដឹងថាអារម្មណ៍មួយនេះជាអារម្មណ៍អ្វីដែរ។ ស្ដាប់មើលទៅដូចជាកំប្លែងណាស់ដែលមនុស្សពេញវ័យដូចខ្ញុំទៅលួចស្រលាញ់ក្មេងស្រីរៀនថ្នាក់ទី១១ អាយុមិនទាន់ម្ភៃ ទាំងដែលបានជួបមុខត្រឹមតែមួយភ្លែតបែបនេះសោះ។ តែសម្រាប់ខ្ញុំវាពិសេសណាស់ ព្រោះខ្ញុំមិនដែលមានអារម្មណ៍បែបនេះពីមុនមកទេ។

គ្រឺងៗៗៗ
កណ្តឹងរោទិ៍ប្រាប់ថា ដល់ម៉ោងចេញទៅផ្ទះហើយ។ សិស្សជាច្រើននាំគ្នាដើរចេញមក។ ភ្នែកខ្ញុំរំពៃឃើញរាងស្តើងមួយក្នុងឈុតសិស្សសាលាសែនសម។ នាងហាក់ដូចជាឃើញខ្ញុំ ហើយក៏ងាកមុខចេញ នាងចំណាំខ្ញុំដែរទេណ៎?

មិនថាយ៉ាងណា ថ្ងៃនេះខ្ញុំនឹងនិយាយជាមួយនាងអោយបាន។ ខ្ញុំក៏ប្រមូលភាពក្លាហាន រៀបឬករៀបខោអាវរួចក៏ឈរត្រង់ផ្លូវដែលនាងនឹងដើរកាត់។

-អាផាមែនហ្នឹង? (ខ្ញុំធ្វើជាសួរដូចជួបគ្នាដោយចៃដន្យ)
នាងសម្លឹងមកខ្ញុំបន្តិច រួចក៏ញញឹមរាក់ទាក់ខ្ញុំវិញ។

-ចាស៎ ពូទៅណាមកណាមកណាដែរ?

-អ៎…មកចាប់ម៉ូយ ហេហេ។ (ខ្ញុំរកលេសមិនទាន់សោះ ពេលបានជួបនាង ភាពក្លាហានទាំងប៉ុន្មានមិនដឹងបាត់ទៅណា)

-នៅម្តុំនេះ? ថ្មើរនេះ? (នាងសួរខ្ញុំបែបអស់សំណើច)

-អ៎…គឺថា…

-បើអញ្ចឹងខ្ញុំលាសិនហើយណាពូ សូមអោយបានភ្ញៀវស្អាតៗច្រើនណា លាហើយ។ (នាងទប់សើបព្រោះខ្លាចខ្ញុំបាក់មុខ)

-អេ៎…អាផាឈប់សិន…គឺ…នេះខ្ញុំអោយអាផាឯងណា។ (ខ្ញុំហុចសៀវភៅកម្រងសំណេរភាសាខ្មែរដែលតាំងចិត្តថានឹងទិញនាង)

មិនដឹងថានាងនឹងគិតម៉េចនោះទេ តែខ្ញុំពិតជាមិនដឹងថាត្រូវធ្វើយ៉ាងណាទើបទំនងទេពិតមែន។

-ចាស? ហេតុអីក៏ត្រូវអោយខ្ញុំ? (នាងសួរដោយមិនខ្លាចចិត្ត)

ហ៊ី…កូនក្មេងនេះ ម៉េចក៏សួរបែបហ្នឹង មិនដឹងទេឬថាខ្ញុំអៀនឡើងធ្វើអីមិនត្រូវទៅហើយ។

-អូ…ខ្ញុំត្រូវទៅហើយ ភ្ញៀវចាំនៅបេន បាយៗណា។

ថារួចខ្ញុំក៏បើឡានចេញទៅ ហ្អើយ…ប៊ិះនឹងទន់ជង្គង់ដួលនៅដីទៅហើយអាពៅអើយ។ តែថា…អាដែងនែ៎ក…ហិហិ មានក្តីសុខពិតមែននេះ។

(នៅមានត)

Published by Deep Mood

I'd love to write what I feel

Leave a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create your website with WordPress.com
Get started
%d bloggers like this: