ប្រសិនបើជីវិតអ្នក មានមនុស្សចាំពិភាក្សា ព្រួយបារម្ភ និង យកចិត្តទុកដាក់ចំពោះអ្នកនោះ វាពិតជារឿងមួយដែលវិសេសថ្លៃថ្លាណាស់។ ហើយប្រសិនបើគេពិតជាមានបំណងល្អចំពោះអ្នកហើយនោះ វារឹតតែធ្វើអោយអ្នកពិបាកនឹងឆ្លើយថា”ទេ”ចំពោះគេ ព្រោះអ្នកខ្លាចថា ការបដិសេធរបស់អ្នកនឹងធ្វើអោយគេអន់ចិត្ត។
តែប្រសិនបើក្នុងកាលទេសមួយ ពេលដែលអ្នកកំពុងតែសម្រេចចិត្តក្នុងការធ្វើអ្វីមួយដែលអ្នកពេញចិត្ត ទាំងដែលដឹងថាវាជាការប្រថុយនឹងហានិភ័យជាច្រើន តែមនុស្សទាំងនោះមិនពេញចិត្តនោះទេ ពួកគេព្រួយបារម្ភអំពីការសម្រេចចិត្តរបស់អ្នក ខ្លាចថាអ្នកនឹងជួបការលំបាកក្នុងការធ្វើវា ពួកគេផ្តល់យោបល់ដ៏ល្អមួយដល់អ្នក ថាគួរតែបញ្ឈប់និងបោះបង់គំនិតរបស់អ្នកទៅ ។
តើពេលនោះ អ្នកនឹងឆ្លើយថាព្រមចំពោះពួកគេ ហើយបោះបង់ការតាំងចិត្តរបស់អ្នកចោលដែរឬទេ? តើអ្នកស្ទាក់ស្ទើរនឹងការធ្វើអ្វីដែលអ្នកចង់ធ្វើដោយគ្រាន់តែពាក្យលើកទឹកចិត្តនិងការស្រលាញ់បារម្ភរបស់អ្នកដទៃមែនឬទេ? តើអ្នកស្ទាក់ស្ទើរដោយសារអ្នកពិតជាខ្លាចនូវហានិភ័យដែលអ្នកនឹងប្រឈមឬ? ឬមួយអ្នកគ្រាន់តែនឹកខ្លាចក្រែងថាអ្នកនឹងត្រូវបាត់បង់មនុស្សដែលស្រលាញ់និងបារម្ភអំពីអ្នក?
ចូរកុំគិតបែបនេះអី ការបដិសេធ មិនមែនសុទ្ធសឹងតែអាក្រក់នោះទេ។ អ្នកមិនគួរបោះបង់ក្តីស្រម៉ៃដែលអ្នកស្រលាញ់ដើម្បីបំពេញចិត្តមនុស្សដែលបារម្ភពីអ្នកនោះឡើយ។
ពិតមែនហើយ ការលើកទឹកចិត្តជាតម្រូវការសំខាន់របស់ផ្លូវចិត្ត តែប្រសិនបើអ្នករង់ចាំតែការលួងលោម ការជួយពិភាក្សា ការផ្តល់នូវគំនិត និងការជ្រោមជ្រែងពីអ្នកដទៃនោះ អ្នកនឹងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តហើយ បញ្ហាតូចមួយក៏ត្រូវបានមើលឃើញជាធំ ហើយអាចនឹងឈានដល់ការបោះបង់។
ត្រូវចាំថា អ្វីទាំងអស់សុទ្ធសឹងតែបង្កឡើងដោយបញ្ហា បើគ្មានបញ្ហាទេ ធ្វើម្តេចនឹងរកឃើញដំណោះស្រាយទៅ។ ដូច្នេះអ្នកមិនត្រូវស្ទាក់ស្ទើរនឹងការបំពេញបំណងរបស់អ្នកទេ តែអ្នកត្រូវជំរុញខ្លួនឯងដោយភាពត្រឹមត្រូវមួយដោយមិនបង្កអោយមានផលប៉ះពាល់ដល់មនុស្សជុំវិញអ្នក។
កុំខ្លាចថា អ្នកអាចនឹងធ្វើអោយពួកគេអន់ចិត្ត ដោយសារការសម្រេចចិត្តរបស់អ្នក ព្រោះការសម្រេចចិត្តដោយគោលជំហរត្រឹមត្រូវផ្ទាល់ខ្លួន មិនមែនជារឿងខុសទេ ប៉ុន្តែអ្នកត្រូវតែធ្វើអោយពួកគេមានសង្ឃឹមជឿជាក់ថាអ្នកអាចធ្វើបាន និងមានមោទនភាពចំពោះអ្វីដែលអ្នកបានជ្រើសរើស។
ចូរកុំស្ទាក់ស្ទើរចិត្តក្នុងការដើរតាមក្តីស្រម៉ៃ ចូរដើរទៅរកវាដោយក្តីសង្ឃឹម និងធ្វើវាអោយបានល្អបំផុតតាមតែអាចធ្វើបាន។
សរសេរដោយៈ យី ចំណាន
Image: pinterest
adeepmood.wordpress.com